បរទេស ៖ ពលរដ្ឋអាមេរិកដែលជាអតិថិជនចុងក្រោយនៃអ្នកប្រើប្រាស់ទំនិញនាំចូលពីប្រទេសចិននឹងចាប់ផ្តើមទទួលរងសំពាធនៃការចំណាយប្រចាំថ្ងៃក្រោយពេលដែលកាតព្វពន្ធគយថ្មី១៤៥ភាគរយនឹងចូលជាធរមាន។
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា នាវាដឹកទំនិញរបស់ប្រទេសចិនជាច្រើនគ្រឿងដែលនឹងត្រូវអនុវត្តកាតព្វកិច្ចពន្ធគយថ្មីនេះបានចូលចតទៅដល់តាមបណ្តាផែសមុទ្រនានារបស់សហរដ្ឋអាមេរិកហើយ។ នេះមានន័យថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ពលរដ្ឋអាមេរិកនឹងត្រូវប្រឈមមុខទៅនឹងការកើនឡើងនូវការចំណាយទៅលើទំនិញជាច្រើនមុខហើយអាចប្រឈមមុខទៅនឹងការខ្វះខាតមុខទំនិញមួយចំនួនផងដែរ ពីព្រោះថាទំនិញដែលដឹកតាមនាវាទាំងនោះបានចាកចេញពីចិនតាំងតែពីក្រោយថ្ងៃទី៩ ខែមេសា ជាមួយនឹងមុខទំនិញមួយចំនួនធំដែលមានក្នុងស្តុកត្រឹមតែជាងពាក់កណ្តាលប៉ុណ្ណោះ។
Gene Seroka ប្រធានប្រតិបត្តិនៃផែទំនិញ Port of Los Angeles បានប្រាប់ក្រុមការងារ CNN នៅថ្ងៃអង្គារដែរថា ៖
«សប្តាហ៍នេះយើងមើលឃើញទំហំនៃការនាំចូលពីចិនបានធ្លាក់ចុះ៣៥ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ ហើយនាវាទាំងនោះគឺជាក្រុមទំនិញដែលនឹងត្រូវជាប់ពន្ធគយថ្មីរបស់អាមេរិក។ មិនត្រឹមតែប៉ុណ្ណោះនាវាភាគច្រើនគឺមានទំនិញតិចជាងមុន និងស្រាលជាងមុនឆ្ងាយខ្លាំងណាស់»។
លោក Seroka បានបន្ថែមទៀតថា តាមកាលវិភាគ Port of LA នឹងមាននាវាដឹកទំនិញប្រមាណជា៨០គ្រឿងចូលចតផែនៅក្នុងខែឧសភានេះ ប៉ុន្តែជាក់ស្ដែងមកទល់ពេលនេះ មានប្រមាណជា២០ភាគរយបានលុបចោល ហើយអតិថិជនបានបន្តលុបចោលការដឹកទំនិញប្រមាណជា១៣ជើងផ្សេងទៀតសម្រាប់ខែមិថុនាខាងមុខ។
គួរឲ្យដឹងដែរថា តាមការព្យាករណ៍ដោយសហព័ន្ធអ្នកគ្រប់គ្រងការលក់ទំនិញរាយរបស់អាមេរិកឬ National Retail Federation បានបញ្ជាក់ថា នៅត្រឹមាសទី២ ឆ្នាំនេះ ទំនិញគ្រប់មុខដែលនាំចូលសហរដ្ឋអាមេរិកនឹងថយចុះប្រមាណជា២០ភាគរយធៀបទៅនឹងឆ្នាំចាស់ ហើយភាគច្រើនគឺជាចំណែកដែលបានមកពីទំនិញរបស់ប្រទេសចិនតែម្តង៕