ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសមាគមអ្នកវិនិយោគចិននៅកម្ពុជា (CICA) ដោយមានការសហការពីក្រសួងពាណិជ្ជកម្ម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,ក្រសួងឧស្សាហកម្ម, ក្រសួងរ៉ែ និងថាមពលនិង ក្រសួងអប់រំ បានរៀបចំវេទិកាវិនិយោគលើវិស័យឧស្សាហកម្មលើបច្ចេកវិទ្យាទំនើបថ្មីៗក្នុងខេត្តព្រះសីហនុ។
វេទិកានេះបានធ្វើឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញក្នុងគោលបំណងជំរុញ និងបង្ហាញសក្តានុពលអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងប្រមូលផ្តុំសហគ្រាសធំៗមកពីសាធារណរដ្ឋប្រជាមានិត ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ហុងកុង និងតៃវ៉ាន់ ដើម្បីបង្កើតឱកាសថ្មីៗ ស្របតាមសុន្ទរកថាគន្លឹះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការគោះទ្វារទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនក្នុងវិស័យឧស្សាហកម្មធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអ្នកផលិតរយៈពេលវែង។
លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគិនចិននៅកម្ពុជា បានថ្លែងថា៖សិក្ខាសាលាមានគោលបំណងផ្តល់ជូនសមាជិកអង្គសិក្ខាសាលាទាំងមូលទទួលបាននូវព័ត៌មានទាក់ទងនឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ជាពិសេសវិស័យឧស្សាហកម្មនៅខេត្តព្រះសីហនុនិងពាណិជ្ជកម្មផ្សេងទៀតរវាងវិនិយោគិនបរទេស ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជា។
លោកបណ្ឌិតប្រធានសមាគមអ្នកវិនិយោគិនចិននៅកម្ពុជា បានលើកឡើងទៀតថា៖ សិក្ខាសាលានេះ ជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរព័ត៌មានទាក់ទងផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម រួមទាំងការរៀបចំពិព័រណ៍ វេទិកាវគ្គបណ្តុះបណ្តាល ឬការណែនាំអំពីការវិនិយោគក្នុងគោលបំណងជំរុញ និងអភិវឌ្ឍពាណិជ្ជកម្មទៅវិញទៅមក។
លោកបណ្ឌិត ហេង វុទ្ធី បានអំពាវនាវដល់វិនិយោគិនចាប់យកឱកាសនេះដើម្បីទំនាក់ទំនង និងសហការជាមួយគ្នា ដើម្បីបង្កើតភាពជាដៃគូ ដែលមានអត្ថប្រយោជន៍ទៅវិញទៅមកដែលជំរុញការវិនិយោគនិងកំណើនពាណិជ្ជកម្មនៅកម្ពុជា។ជាពិសេសទាញយកប្រយោជន៍ពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកម្ពុជានឹងក្លាយជាគោលដៅចម្បងរបស់វិនិយោគិនបរទេស ។
លោកបណ្ឌិតបានឱ្យដឹងថា៖ប្រជាជនកម្ពុជាមានចំនួន១៧លាននាក់ ដែលកម្លាំងស្នូលគឺយុវជនជំនាន់ក្រោយដែលមានចំនួន ជាង៧០% មានអាយុក្រោម៣៥ឆ្នាំ ដែលនឹងទទួលបានការផ្ទេរចំណេះដឹងពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងរាជរដ្ឋាភិបាល សម្រាប់មូលដ្ឋានគ្រឹះនៃជំនាញស្នូល ជំនាញការ និង ភាពប៉ិនប្រសប់របស់យុវជនសម័យថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់កញ្ចប់បណ្តុះបណ្តាលជំនាញសម្រាប់១.៥លាននាក់។
លោកបណ្ឌិតក្នុងនាមជាប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា បានស្វាគមចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគិនបរទេសទាំងអស់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ហុងកុង តៃវ៉ាន់ ជប៉ុន កូរ៉េ ក្រោមម្លប់សន្តិភាពយូរអង្វែងនៅកម្ពុជា ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើមឬពង្រីកអាជីវកម្មរបស់ខ្លួន។
ក្នុងឱកាសនេះ លោកបណ្ឌិត ហេង វុទ្ធី អំពាវនាវដល់ធុរជន និងវិនិយោគិនបរទេសដែលធ្លាប់បានបណ្តាក់ទុនរួច សូមបណ្តាក់ទុន ឲ្យកាន់តែច្រើនបន្ថែមទៀត និងប្រាប់ដល់វិនិយោគិនដែលមិនទាន់បណ្តាក់ទុននៅកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ បន្ថែមពីសក្តានុពល និងកាលានុវត្តភាពថ្មី វិនិយោគនៅកម្ពុជា ព្រមទាំង សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា។
លោកបានជម្រាបជូនវិនិយោគិនថា៖
«រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសដែលអាចឈានឆ្ពោះទៅជា «ក្បាលម៉ាស៊ីន» មួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យ រីកលូតលាស់ទៅមុខឥតឈប់ឈរ តាមប្រសាសន៍ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ-កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤-»។
គួរជម្រាបថា តាមរយៈសិក្ខាសាលានេះ វិនិយោគិន នឹងបានយល់កាន់តែច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពីការអនុគ្រោះពន្ធ និងការសម្រួលកិច្ចការរដ្ឋបាលរបស់អ្នកវិនិយោគទុនបរទេសដែលមានបំណងចង់មករកស៊ីនៅកម្ពុជា និងសង្ឃឹមថានឹងមានអ្នកវិនិយោគទុនបរទេសកាន់តែច្រើនបន្ថែមទៀតនឹងមកបណ្តាក់ទុននៅព្រះរាជាណាចក្រកម្ពុជា។កម្ពុជាក៏បានទទួលប្រព័ន្ធអនុគ្រោះពន្ធនាំចេញទៅទីផ្សារប្រទេសធំៗមួយចំនួនទៀតផងដែរ ស្របពេលដែលកត្តាភូមិសាស្ត្រនយោបាយ ច្បាប់វិនិយោគ កម្លាំងពលកម្ម និងប្រព័ន្ធអនុគ្រោះពន្ធ នឹង ជួយឱ្យកម្ពុជាទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ឱ្យចូលមកបណ្តាក់ទុនផ្ទាល់ ដើម្បី ផលិត បំពេញតម្រូវការក្នុងស្រុក និងនាំទៅទីផ្សារអន្តរជាតិ។
លោកបណ្ឌិតបានបញ្ជាក់ថា៖
«សមាគមអ្នកវិនិយោគទុនចិននៅកម្ពុជា នឹងខិតខំប្រឹងប្រែងគៀងគរអ្នកវិនិយោគទុនបរទេស បន្ថែមទៀត តាមរយៈសិក្ខាសាលា កិច្ចប្រជុំ និងការពិភាក្សានានាទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីប្រមូលផ្តុំអ្នកជំនាញ វាគ្មិនល្អៗដើម្បីចែករំលែកបទពិសោធសម្រាប់ជាគន្លឹះក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់»។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាលើវិស័យឧស្សាហកម្មនៅកម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា៖សិក្ខាសាលានាថ្ងៃនេះ មានគោល បំណងបង្ហាញពីសក្តានុពលនៃវិស័យឧស្សាហកម្ម របស់កម្ពុជា ពិសេសកត្តាអំណោយផលនិងកាលានុវត្តភាពនៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ហើយក៏ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទើបតែបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” កាលពីខែមករាថ្មីៗនេះ។
ឯកឧត្តមបានរំលឹកអំពីទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលបានចាប់ផ្តើមជាផ្លូវការនៅឆ្នាំ១៩៥៨ គិតមក ទល់ពេលនេះមានអាយុកាលជាង ៦៦ឆ្នាំហើយ។ ចំណងមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ បានប្រតិស្ឋានតាំងពីបុរាណឆ្លងកាត់សម័យកាលជាច្រើន និងចាក់ឫសគល់យ៉ាងរឹងមាំស្ទើរលើគ្រប់វិស័យ ព្រមទាំង បានបន្តវិវឌ្ឍរហូតឈានដល់កម្រិតកំពូលមួយពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រគឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសយើងទាំងពីរបានសម្រេចបង្កើតកាលពីខែកុម្ភៈឆ្នាំ២០២៣ កន្លងទៅ។ ផ្លែផ្កា នៃទំនាក់ទំនងដ៍ល្អប្រសើរនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់កើតចេញពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលគ្របដណ្តប់វិស័យជាច្រើនរាប់ចាប់តាំងពីវិស័យទេសចរណ៍ វប្បធម៌ សុខាភិបាលការអភិវឌ្ឍធនធានមនុស្ស ជាដើម និងជាពិសេសនោះគឺការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាដែលប្រភេទគឺ(១)គម្រោងវិនិយោគឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់តាំង និងចាប់ផ្តើមដំណើរ ការអនុវត្តនៅក្នុងឆ្នាំ២០២៤, (២) គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមិនជាប់ពាក់ព័ន្ធនឹងអគារជាប់តាំងតែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤ និង (៣) ការពង្រីកតម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។គម្រោងទាំងនេះ អាចទទួលបានការលើកទឹកចិត្តមួយចំនួនដូចជា ការលើកលែងពន្ធ និងថ្លៃសេវាសាធារណៈមួយចំនួនព្រមទាំងការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាតមួយចំនួន ជាដើម។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏មានបំណងក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសតំរួពហុបំណង ដែលក្នុងពេលបច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការមេ ដើម្បីអនុវត្តកិច្ចការងារនេះ។
ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានគូសបញ្ជាក់អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងហេតុផលមួយចំនួនដែលវិនិយោគិនគួរមកបណ្តាក់ទុនក្នុងខេត្តនេះ។ ខេត្តព្រះសីហនុ មានសក្តានុពលខ្ពស់ជាប៉ូលសេដ្ឋកិច្ចពហុវិស័យ ដោយខេត្តនេះស្ថិតនៅទីតាំងអំណោយផល មានឆ្នេរសមុទ្រ ឆ្នេរខ្សាច់ និងកោះដ៏ស្រស់ស្អាត សម្រាប់ការ អភិវឌ្ឍវិស័យទេសចរណ៍,មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាអាទិ៍ កំពង់ផែសមុទ្រទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ និងផ្លូវល្បឿនលឿន ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញនាំចេញនាំចូល និងតភ្ជាប់ជាមួយតំបន់ សេដ្ឋកិច្ចពិសេសធំៗ។ ភាពសម្បូរបែបនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងឡូជីស្ទិកធ្វើឱ្យខេត្តនេះបានក្លាយជាមាត់ច្រកនាំចេញដ៏សំខាន់របស់កម្ពុជាដែលមានលក្ខណៈសមស្របសម្រាប់វិនិយោគិនក្នុងការមកបណ្តាក់ទុនលើវិស័យដែលកំពុងមានសក្តានុព ល និងតម្រូវការទីផ្សារខ្ពស់។ជាមួយគ្នានេះ ខេត្តនេះក៏មានសុខបត្ថម្ភវត្ថុ ក៏ដូចជាកន្លែងទេសចរណ៍ជាច្រើន សម្រាប់បម្រើសេចក្តីត្រូវការរបស់វិនិយោគិនផងដែរ។
ឯកឧត្តមសង្ឃឹមជឿជាក់ថា៖
«តាមរយៈកម្មវិធីនាថ្ងៃនេះ វិនិយោគិនទាំងអស់នឹងទទួលបាន ព័ត៌មានកាន់តែគ្រប់ជ្រុងជ្រោយអំពីកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ហើយធ្វើការសម្រេចចិត្តដោយឥតស្ទាក់ស្ទើរជ្រើសរើសកម្ពុជាជាទីតាំងបន្ទាប់សម្រាប់ពង្រីកវត្តមានអាជីវកម្មរបស់ខ្លួន និងជាមាត់ច្រកឆ្ពោះទៅកាន់កំណើនក្នុងតំបន់អាស៊ីអាគ្នេយ៍ (Gateway to growth in Southeast Asia)។ កម្ពុជាបើកទ្វាររង់ចាំទទួលស្វាគមន៍ និងផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាង ព្រមទាំងបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅ ជូនលោក លោកស្រី ជាវិនិយោគិន និងធុរជន»។
ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ថា៖កិច្ចសហប្រតិបត្តិការចម្បងមួយក្នុងក្របខណ្ឌវិនិយោគនេះទៀតសោត រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលរួមចំណែកដល់ការទាក់ទាញវិនិយោគិនចិនមកបណ្តាក់ទុននៅកម្ពុជាគឺ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ដែលបានរួមចំណែកជំរុញការនាំចេញ និងបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា។ បច្ចុប្បន្ន គម្រោងវិនិយោគចំនួន ២៣១ តម្រោង ក្នុងទុនប្រមាណ ១,៥ ប៊ីលានដុល្លារអាម៉េរិកបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងបានផ្តល់ការងារដល់កម្មករនិយោជិតប្រមាណ ២៦ពាន់នាក់។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានជម្រាបជូនអង្គសិក្ខាសាលា អំពីឧត្តមភាពប្រកួតប្រជែងចម្បងៗរបស់កម្ពុជា ក្នុងនោះមានដូចជា សុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ, ទីតាំងយុទ្ធសាស្ត្រ ស្ថិតនៅចំកណ្តាលតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក, ភាពសម្បូរបែបនៃកម្លាំងពលកម្មវ័យក្មេងនិងសកម្ម ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ព្រមទាំងមានកម្រិតជំនាញកំពុងរីកលូតលាស់, ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីបណ្តាទីផ្សារធំៗសម្រាប់ការផលិតនាំចេញទំនិញពីកម្ពុជា ហើយបន្ថែមលើនោះ ប្រមាណ២ភាគ៣នៃ ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាពីទទួលបានពីប្រភពថាមពលស្អាត។ ទន្ទឹមនឹងវត្តមាននៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីមួយចំនួន ដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។
ឯកឧត្តមបានបន្ថែមថា៖ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ ក្រោម មគ្គទ្ទេសដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ព្រមទាំងគោលនយោបាយផ្សេងៗទៀតជាពិសេសវិធានការមុត ស្រួចថ្មីៗ ដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩កាលពីខែវិច្ឆិកាកន្លងទៅសម្រាប់លើកកម្ពស់និងគាំទ្រប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជនដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។ ដោយសារតែកត្តាអំណោយផលនិងការប្តេជ្ញាចិត្តកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាដូចបានរៀបរាប់ខាងលើនេះ ទើបធ្វើឱ្យធុរជននិងវិនិយោគិនកាន់តែច្រើនមានទំនុកចិត្តធ្វើការបណ្តាក់ទុននៅកម្ពុជា ហើយថ្មីៗនេះ យោងតាមការវាយតម្លៃរបស់ FDi Intelligence កម្ពុជាត្រូវបានចាត់ទុកជាគោលដៅវិនិយោគឈានមុខគេ ក្នុង ចំណោមគោលដៅវិនិ យោគ៥០ផ្សេងទៀត ក្នុងបញ្ជី FDI Standouts Watchlist ឆ្នាំ២០២៤។
ដោយឡែកចំពោះខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” សម្រាប់អនុវត្តចំពោះ តម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចក្នុងឆ្នាំ២០២៤ដែលមានទីតាំងនៅខេត្តព្រះសីហនុ និងផ្តោតលើគម្រោងរដ្ឋាភិបាលចិនបានផ្តល់ការគាំទ្រកន្លងមកក្នុងក្របខណ្ឌគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”៕