ភ្នំពេញ ៖ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងតួកគី នឹងសម្រេចឱ្យបាន១ពាន់លានដុល្លារនាពេលខាងមុខ ។ នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ។
ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា៖ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២គឺនៅតូចនៅឡើយ ដែលពុំទាន់ស័ក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំង២មាន។ គោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺអាចសម្រេចបាននាពេលខាងមុខ។
លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងតួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មនេះឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ ខណៈដែលទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែមានភាពល្អប្រសើរឡើង។
លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថាការភ្ជាប់ទំនាក់ទំនងនេះនឹងអាចបង្កើនទាំងទំហំពាណិជ្ជកម្ម បង្កើនទាំងចំនួនទេសចរបន្ថែមទៀត៕