ភ្នំពេញ ៖ បើទោះបីជាសេដ្ឋកិច្ចសាកលកត្រូវបានគេមើលឃើញថា មានភាពមិនប្រាកដប្រជាក៍ដោយ ក៍ប៉ុន្តែសម្រាប់ការសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករណ៍ថា នឹងមានកំណើនលើសឆ្នាំ២០២៤កន្លងទៅនេះ។
យោងតាមឯកសារថវិកាសង្ខេបឆ្នាំ ២០២៥ (Budget in Brief Fiscal Year 2025) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣ភាគរយ ទ្រទ្រង់ចម្បងដោយវិស័យឧស្សាហកម្ម ដែលនឹងអាចបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦ភាគរយ តាមពីក្រោយដោយវិស័យសេវាកម្ម ៥,៦ភាគរយ និងវិស័យកសិកម្ម ១,១ភាគរយ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច បានទទួលស្គាល់ថា តាមរយៈកំណើនសេដ្ឋកិច្ចឆ្នាំចាស់ ឆ្នាំ២០២៤ នឹងរុញច្រានកំណើនសេដ្ឋកិច្ចក្នុង២០២៥ ឱ្យកើនឡើងកាន់តែខ្ពស់ថែមមួយកម្រិតទៀត។ ដោយផ្អែកលើមូលដ្ឋានលើវិស័យធំៗចំនួន៣ ក្នុងនោះ១. វិស័យឧស្សាហកម្ម ទាំងវិស័យកាត់ដេរ និងមិនមែនកាត់ដេរ នឹងរួមចំណែកប្រមាណជា ៤២%ធៀបនឹងផលិតផលសរុបក្នុងស្រុក(GDP) វិស័យកសិកម្មរួមចំណែកប្រមាណជា១៩% និងវិស័យសេវាកម្មរួមចំណែកប្រមាណជា ៣៩%នៃ(GDP)ផងដែរ។
លោកថា ៖
«វិស័យឧស្សាហកម្មកាត់ដេរនៅតែធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដែលបង្កើតការងារជូនពលរដ្ឋបានកាន់តែច្រើនជាងមុន ស្របពេលដែលរដ្ឋាភិបាលបានដំឡើងប្រាក់ខែគោលចំនួន ២០៨ដុល្លារក្នុងមួយខែ ដែលធានាបានដល់ការចាយវាយ និងធានាការបង់សងត្រឡប់ទៅធនាគារបានទៀងទាត់ និងជាចំណែកមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចបានដោយសន្សឹមៗ»។
សម្រាប់វិស័យទេសចរណ៍ ឆ្នាំ២០២៥នេះ នឹងមានកំណើនលើសកំណើនឆ្នាំ២០១៩ ដែលជាឆ្នាំកម្ពុជាទទួលបានទេសចរច្រើនជាងគេចំនួន ៦,៦លាននាក់ ហើយឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចំនួន ៦,៩លាននាក់ ដូច្នេះមូលដ្ឋានឆ្នាំ២០២៤នេះ រំពឹងថាវិស័យទេសចរណ៍នឹងកើនឡើងថែមមួយកម្រិតទៀតនៅក្នុងឆ្នាំ២០២៥។
សម្រាប់វិស័យកសិកម្ម នឹងមានភាពល្អប្រសើរស្របពេលកំណើននៃវិស័យដំណាំ និងការចិញ្ចឹមសត្វ ការងើបឡើងជាបណ្តើរៗនៃអនុវិស័យនេសាទ។ ការកើនឡើងនៃអនុវិស័យដំណាំសម្រាប់ការលក់ក្នុងប្រទេស និងការនាំចេញទៅទីផ្សារក្រៅប្រទេស នឹងរួមចំណែកបានដោយសន្សឹមៗផងដែរ។ ជាមួយគ្នានេះ ដើម្បីជំរុញឱ្យវិស័យកសិកម្មមានសកម្មភាពល្អប្រសើរ រាជរដ្ឋាភិបាលបានលើកទឹកចិត្តបង្កើតឱ្យមានសង្វាក់ផលិតកម្មកែច្នៃផលកសិកម្ម តាមរយៈការផ្តល់ថវិកាហិរញ្ញប្បទានសម្រាប់បង្កើនការវិនិយោគសាធារណៈ ជំរុញដល់ផលិតកម្មក្នុងស្រុក និងការព្រមព្រៀងពាណិជ្ជកម្មសេរីនានាសម្រាប់ការនាំចេញ។
សូមរំលឹកថា នៅពេលថ្មីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងភាពស្ញប់ស្ញែង ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រយៈពេលពេញមួយឆ្នាំ២០២៤កន្លងទៅទទួលបានការវិនិយោគថ្មីប្រមាណ ៤១៤គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបជាង ៦០០០លានដុល្លារអាមេរិក។ សម្តេចបានគូសបញ្ជាក់ថា ឆ្នាំ២០២៤ ជាឆ្នាំដែលកម្ពុជាបំបែកកំណត់ត្រា ដោយមានវិនិយោគចូលមកបណ្តាក់ទុនលើសឆ្នាំចាស់ទាំងអស់៕ វិន ឈុនហ៊ាត