ភ្នំពេញ ៖ សំបក និងកាកសំណល់គ្រាប់ស្វាយចន្ទី កំពុងត្រូវបានសិប្បកម្មក្នុស្រុក ក៏ដូចជាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីរបស់ជប៉ុនពង្រឹងការកែច្នៃ ទាំងការចម្រាញ់យកប្រេង និងការផលិតជាថាមពលជីវម៉ាសសម្រាប់នាំចេញទៅទីផ្សារជប៉ុន។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
ក្នុងពេលជួបពិភាក្សាការងារជាមួយវិនិយោគិនជប៉ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឱ្យដឹងថា ថាមពលស្អាតលើសពី ៥០% គឺជាប្រភពនៃការទាក់ទាញដ៏ធំពីក្រុមហ៊ុនជប៉ុនដែលកំពុងវិនិយោគនៅកម្ពុជា។

ឯកឧត្តមបានឱ្យដឹងទៀតថា សម្បកគ្រាប់ស្វាយស្វាយចន្ទី គឺជាកសិផលមួយប្រភេទដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កសិករ ដែលក្រៅពីអាចកែច្នៃយកមកប្រើធ្វើជី គេនៅអាចចម្រាញ់យកប្រេងវាមកប្រើជាថ្នាំកំចាត់សត្វល្អិត និងធ្វើជាធ្យូងអនាម័យបានយ៉ាងមានគុណភាពថែមទៀត។

អ្នកស្រី អ៊ិន ឡៃហួត នាយិកាគ្រប់គ្រងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ធ្លាប់បានឱ្យ AMS Economy ដឹងថា តាមរយៈការពិសោធន៍កន្លងមកបានបង្ហាញថា សម្បកគ្រាប់ចន្ទីគឺជាជីដ៏ល្អមិនចាញ់ជីដទៃទៀតនោះទេ។ ក្នុងការពិសោធន៍នៅសហគមន៍របស់អ្នកស្រីកន្លងមកគឺសម្បកគ្រាប់ចន្ទីបានជួយឱ្យដីធូរ ជាពិសេសជួយបង្កើតឱ្យដីមានជន្លេនច្រើនឡើង។ ក្រៅពីនេះសម្បកគ្រាប់ស្វាយចន្ទី ជួយមិនឱ្យមានសត្វល្អិតចោមរោមស៊ីត្រួយ ស្លឹកឬផ្លែស្វាយចន្ទីនោះទេ ។
លោកស្រីបានឱ្យដឹងទៀតថា ៖ សម្បកគ្រាប់ផ្លែចន្ទីរអាចម្រាញ់យកមកធ្វើជាប្រេងដែលជាថ្នាំសម្រាប់បាញ់ត្រួយស្វាយចន្ធី ជួយកំចាត់ប្រភេទមូស និងចៃម្សៅ(ចៃស)ដែលតែងយាយីដើមចន្ទីនារដូវភ្លៀងបានយ៉ាងល្អ។ ក្រៅពីនេះសម្បកវាគេក៏អាចកែច្នៃធ្វើជាធ្យូងអនាម័យឆេះបានល្អថែមទៀត។

អ្នកស្រី អ៊ិន ឡៃហួត បានបញ្ជាក់បន្ថែមថា តាមរយៈការរីកចម្រើនរបស់សិស្បកម្មមួយនេះ អ្នកស្រីគ្រោងនឹងពង្រីកសិប្បកម្មបន្ថែមដើម្បីពង្រីកផលិតកម្ម ដោយកំណត់គោលដៅនាំចេញឱ្យបាន ១៥០០តោនក្នុងឆ្នាំ២០២៤ខាងមុខ។ ក្នុងនោះដែរ សិប្បកម្មរបស់អ្នកស្រីនឹងជំរុញឱ្យការផលិតក្នុងមួយថ្ងៃឱ្យបានចំនួន៣តោនដើម្បីផ្តគ់ផ្គង់ទៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content