បរទេស៖ យោងតាមប្រភពពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីធនាគារកណ្តាលអាម៉េរិកសម្រេចកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។

នៅព្រឹកថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៥ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,៨% ឬ ៦៧,៤៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៨% ឬ ៦៣,៥៧ ដុល្លារក្នុងមួយបារ៉ែល។ ការធ្លាក់ចុះនេះបន្ទាប់ពីធនាគារកណ្តាលអាម៉េរិក Fed បានកាត់បន្ថយអត្រាប្រាក់កម្ចីគោល ២៥ ពិន្ទុ ដែលមានអត្រាចន្លោះពី ៤% និង ៤,២៥% ពោលគឺបន្ថយពីអត្រា ៤,២៥% និង ៤,៥០%។ ការកាត់បន្ថយអត្រាការប្រាក់នេះដែរគឺជាការឆ្លើយតបទៅនឹងការចុះខ្សោយនៃទីផ្សារការងារ ខណៈដែលសេដ្ឋកិច្ចអាម៉េរិកកំពុងមានភាពមិនច្បាស់លាស់។
បច្ចុប្បន្នភាពនៃទីផ្សារការងារនៅអាម៉េរិក ការជួលបុគ្គលិកបានថយចុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលអត្រាអ្នកគ្មានការងារធ្វើបានកើនឡើង។ បន្ថែមពីនេះ ការធ្លាក់ចុះនៃទីផ្សារលំនៅដ្ឋានអាម៉េរិកនៅតែជាបញ្ហាចំពោះសេដ្ឋកិច្ច។ ក្នុងស្ថានការណ៍នេះ សង្ឃឹមថា វិធានការនៃការបន្ទាបអត្រាការប្រាក់នឹងអាចជួយស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ដោយសារអត្រាការប្រាក់ទាបជាងមុនអាចជំរុញដល់ការចំណាយរបស់ប្រជាជន និងតម្រូវការប្រេងកើនឡើងវិញ។
រដ្ឋមន្ត្រីប្រេងរបស់ប្រទេសគុយវ៉ែត លោក Tariq Al-Roumi រំពឹងថានឹងមានការកើនឡើងនៃតម្រូវការប្រេង ជាពិសេសនៅក្នុងទីផ្សារអាស៊ីបន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់របស់អាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ ការផ្គត់ផ្គង់លើសចំណុះ និងតម្រូវការឥន្ធនៈធ្លាក់ចុះនៅអាម៉េរិក ដែលជាអ្នកប្រើប្រាស់ប្រេងធំបំផុតរបស់ពិភពលោកក៏មានឥទ្ធិពលលើទីផ្សារផងដែរ ខណៈដែលស្តុកប្រេងឆៅរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង ។

គួរជម្រាបដែរថា នៅក្នុងប្រទេសរុស្ស៊ី ដែលជាអ្នកផលិតប្រេងឆៅធំជាងគេទីពីររបស់ពិភពលោក បានប្រកាសវិធានការថ្មីមួយដើម្បីការពារថវិការដ្ឋពីការប្រែប្រួលតម្លៃប្រេង និងទណ្ឌកម្មរបស់លោកខាងលិចដែលកំណត់គោលដៅលើការនាំចេញថាមពលរបស់រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនប្រេងដ៏ធំរបស់អា ម៉េរិក Exxon Mobil មិនមានគម្រោងបន្តប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីនោះទេ ខណៈដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង និងគីមីឥន្ធនៈដ៏ធំមួយនៅក្នុងប្រទេសរុស្ស៊ី ដែលកាន់តែរំខានដល់វិស័យប្រេង និងឧស្ម័នរបស់ទីក្រុងម៉ូស្គូ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content