បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងសកលហាក់មានស្ថិរភាពបន្តិចនាពេលថ្មីៗនេះបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសពីពន្ធថ្មី និងការកាត់បន្ថយការព្យាករណ៍តម្រូវការប្រេងរបស់ OPEC ។

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃត្រឹមតែ ០,២៨% ឬ ៦៨,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៣៩% ឬ ៦៦,៨៣ ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រទេសនាំចេញប្រេង (OPEC) បានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់តម្រូវការប្រេងពិភពលោកក្នុងឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩ ដោយសារតែតម្រូវការរបស់ចិនធ្លាក់ចុះ។ OPEC បានលើកឡើងថា តម្រូវការសកលនឹងមានជាមធ្យម ១០៦,៣ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងឆ្នាំ២០២៦ ដែលធ្លាក់ចុះពីការព្យាករណ៍លើមុន ១០៨ លានបារ៉ែល។
នៅក្នុងថ្ងៃដដែលនោះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសពីអត្រាពន្ធ ៣៥% សម្រាប់ទំនិញដែលនាំចូលពីកាណាដា ដែលចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ហើយអាម៉េរិកគ្រោងនឹងដាក់ពន្ធ ១៥% ឬ ២០% លើដៃគូពាណិជ្ជកម្មផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ Trump បានគំរាមដាក់ពន្ធ ៥០% ប្រទេសប្រេស៊ីលផងដែរ ដែលជាសេដ្ឋកិច្ចធំបំផុតរបស់អាម៉េរិកឡាទីន។ កាលពីប៉ុន្មានថ្ងៃមុន Trump បានប្រកាសពន្ធលើ ១៤ ប្រទេសចន្លោះពី ២៥% ទៅ ៤០% ជាមួយនឹងការគំរាមឲ្យពួកគេបង្កើនការនាំចូលពីអាម៉េរិកឱ្យកាន់តែច្រើន។

គួរឱ្យដឹងដែរថា ស្តុកប្រេងរបស់អាម៉េរិកបានកើនឡើងប្រហែល ៧,១ លានបារ៉ែល ដែលជាការកើនឡើងដ៏ខ្ពស់បំផុតចាប់តាំងពីខែមករា ដែលជាចំណែកធ្វើឲ្យតម្លៃប្រេងមានស្ថិរភាពផងដែរ។ យ៉ាងណាក៏ដោយ ទោះបីជាតម្លៃប្រេងមានស្ថិរភាពបន្ទាប់ពីមានការប្រកាសពន្ធរបស់ Trump ក៏ដោយ ប៉ុន្តែគេនៅបន្តតាមដានភាពច្របូកច្របល់ដែលបង្កពីការដាក់ពន្ធរបស់គាត់ ដោយសារតម្លៃអាចនឹងប្រែប្រួលបន្ថែមទៀត៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content