ចលនាភូមិមួយផលិតផលមួយ ជាវេទិកាផ្គូរផ្គងរវាងក្រុមអ្នកផលិត និងអ្នកទិញ ក៏ដូចជាការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រេចបានទទួលជាផ្លូវការចំនួន ៦០២ ក្រុមផលិតស្ថិតក្នុងវិស័យផ្សេងៗគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ។
ក្នុងចំណោមក្រុមទាំង ៦០២ ស្ថិតនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម រួមមានក្រុមភេសជ្ជៈ និងចំណីអាហារ ៣៦៤, ក្រុមអនុស្សាវរីយ៍ និងវត្ថុសិប្បៈចំនួន៤២, ក្រុមឱសថបុរាណ និងអាហារបំប៉នចំនួន១៦, ក្រុមវាយនភ័ណ្ឌ ៣០, ក្រុមគ្រឿងសម្អាង ៨, ក្រុមសេវាកម្ម៧៣, ក្រុមសង្ហារិម៦ និងក្រុមទូទៅផ្សេងទៀតចំនួន៦៣។
តាមរយៈចលនាភូមិមួយផលិតផលមួយ ក្រុមផលិតទាំងអស់ទទួលបាននូវឱកាសក្នុងការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួននៅតាមកម្មវិធីផ្សេងៗដូចជា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ៩មេសា ការតាំងពិព័រណ៌ ក៏ដូចជាទទួលបានការបណ្ដុះបណ្ដាលលើបច្ចេកទេសជំរុញការលក់ឱ្យបានកាន់តែច្រើនផងដែរ។
ជារួមមក គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបំពេញតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយក្រសួង ស្ថាប័នជំនាញ និងដៃគូពាក់ព័ន្ធក្នុងការរៀបចំគោលនយោបាយ និងដាក់ចេញនូវយុទ្ធសាស្ត្រនានា សំដៅលើកកម្ពស់ផលិតផលខ្មែរនៅតាមមូលដ្ឋានតាមរយៈការពង្រឹងនូវសសរស្ដម្ភចំនួន ៣ ដល់សហគមន៍ គឺការជំរុញគំនិតច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ការព្រឹងស្មារតីម្ចាស់ការដល់សហគមន៍ និងការអភិវឌ្ឍសមត្ថភាពសហគមន៍៕