ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់គោលដៅអាទិភាពចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះបច្ចេកវិទ្យាគឺជាអាទិភាពថ្មីមួយដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ ដោយសំដៅលើការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើក ទី១ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខមួយក្នុងល្បឿនគួរឱ្យកត់សម្គាល់ ជាពិសេសវិបត្តិនៃជំងឺកូវីដ១៩បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រៀលជ្រៅជាងពេលណាៗទាំងអស់។
ដូច្នេះ ដើម្បីឈានទៅសម្រេចបាននូវការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនេះ រាជរដ្ឋាភិបាលបានដាក់ការខិតខំប្រឹងប្រែង និងជំរុញនូវសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធ។

ជាក់ស្ដែង វេទិការដ្ឋាភិបាលឌីជីថលលើក ទី១នេះ ក៏ជាការរួមចំណែកមួយដ៏សំខាន់ផងដែរ ដោយបានផ្ដល់ឱកាសឱ្យក្រសួង ស្ថាប័នបានដាក់តាំងនូវបច្ចេកវិទ្យាថ្មីៗ ដែលអាចបម្រើប្រយោជន៍ឱ្យសង្គមកាន់តែច្រើននៅថ្ងៃអនាគត។
បន្ថែមពីលើវេទិកានេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តនូវក្របខណ្ឌគោលនយោបាយមួយចំនួនដូចជា៖ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ព្រមទាំងបានបង្កើតគណកម្មាធិការបច្ចេកទេសចំនួន៣ជាសេនាធិការ ដឹកនាំសម្របសម្រួលតាមផែននីមួយៗ។ ក្នុងនោះក៏មាន គណកម្មការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល គណកម្មការរដ្ឋបាលឌីជីថល និងគណកម្មការសន្តិសុខឌីជីថលផងដែរ។
ក្របខណ្ឌគោលនយោបាយនេះជាផែនទីចង្អុលផ្លូវមួយជាមួយនឹងចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះ ជំរុញការទទួលយក និងការធ្វើបដិវត្តកម្មឌីជីថលនៅក្នុង គ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ ធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខមាលភាពសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
«សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថលគឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន ជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណើរគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ»។
គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្របញ្ចកោណទាំង៥របស់រដ្ឋាភិបាលអាណត្តិថ្មីនេះរួមមាន៖ បញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស ទី២ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ ទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងបញ្ចកោណទី៥គឺ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
នៅក្នុងបញ្ចោណទី៥ផងដែរ បានដាក់គោលដៅអាទិភាពដូចជា ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងភាពជឿ ទុកចិត្តលើប្រព័ន្ធឌីជីថល និងចុងក្រោយគឺការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content