ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) RCEP ពិតជាមានសារៈសំខាន់ និងជាការចូលរួមចំណែករបស់កម្ពុជា ក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុថា ការចាប់ផ្តើមចរចា និងចូលជាធរមានរបស់អាសិប បានកើតឡើងក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ពោលគឺ ក្នុងឆ្នាំ២០១២ និង២០២២។
ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ក្រោមប្រធានបទ «ការធ្វើសមាហរណកម្មក្នុងទីផ្សារបើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់ក្របខ័ណ្ឌតំបន់ អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក ដែលមានលក្ខណៈទំនើបរស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។ ជាមួយនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងក្លាឡើងនាពេលបច្ចុប្បន្ន តួនាទីរបស់អាសិបរឹតតែមានសារៈសំខាន់ក្នុងការពង្រឹងទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្ម សេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ដើម្បីពង្រឹងតួនាទីអាសិបបន្ថែមទៀតសូមចែករំលែកនូវទស្សនៈមួយចំនួនដូចខាងក្រោម៖
ទី១-ខ្ញុំជឿជាក់ថា ប្រទេសសមាជិកទាំងអស់មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដូច្នេះអាស៊ាន និងចិនចាំបាច់ត្រូវពង្រឹងភាពធន់នៃកិច្ចសហប្រតិបត្តិការ និងអន្តរកម្មសេដ្ឋកិច្ចរបស់យើងបន្ថែមទៀត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ការជំរុញពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានបរិយាបន្ន និងផ្អែកលើវិធានច្បាប់ នៅតែជាដំណោះស្រាយរួម ដែលសមស្របបំផុតសម្រាប់យើងទាំងអស់គ្នា។

ទី២-ក្រៅពីពាណិជ្ជកម្មទំនិញ យើងគួរផ្តោតការយកចិត្តទុកដាក់ លើការជំរុញពាណិជ្ជកម្មសេវាកម្ម និងពាណិជ្ជកម្មឌីជីថលផងដែរ។ ខ្ញុំមើលឃើញសក្តានុពលពីសហថាមពលរវាងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប ដើម្បីជំរុញបន្ថែមទៀតដល់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម។ សម្រាប់ពាណិជ្ជកម្មឌីជីថល ក្នុងពេលដែលយើងចាប់ផ្តើមចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ខ្ញុំយល់ថា យើងចាំបាច់ត្រូវប្រមើមើលពីតួនាទីរបស់អាសិបនៅក្នុងក្របខ័ណ្ឌនេះផងដែរ ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលឱ្យមានវិសាលភាពកាន់តែទូលំទូលាយ។
ទី៣-យើងត្រូវទទួលស្គាល់ថា វិស័យឯកជន គឺជាតួអង្គគន្លឹះក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងជាអ្នកជួយចែកចាយផលលាភសេដ្ឋកិច្ច ឱ្យបានទូលំទូលាយទៅដល់ប្រជាជន។ ដូច្នេះ យើងត្រូវបន្តបញ្ជ្រាបពីសារៈសំខាន់របស់អាសិបដល់វិស័យឯកជន ព្រមទាំងជំរុញ និងគាំទ្រលទ្ធភាពរបស់ពួកគេ ក្នុងការចូលរួម អនុវត្តអាសិប ជាពិសេសសហគ្រាសធុរកិច្ចថ្មី ធុនតូច និងមធ្យម។

ទី៤-យើងគួរចាប់ផ្ដើមពន្លឿនការបញ្ចប់នីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកអាសិបថ្មីៗថែមទៀត និងគិតគូរពីការពង្រីកសមាជិកភាព។ នេះគឺជាគោលនយោបាយរួមរបស់អាស៊ាន ដើម្បីជំរុញសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចសកលលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅដែលមានសក្ដានុពល។
ទី៥-ការធានាបរិយាប័ន្នភាពនៃកិច្ចព្រមព្រៀងអាសិប មានសារៈសំខាន់ក្នុងការបង្កើតភាពទាក់ទាញ និងបង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមពាណិជ្ជកម្មពហុភាគី។ ក្នុងន័យនេះ ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដែលនឹងជួយឱ្យសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច អាចមានលទ្ធភាពចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ នៅតែបន្តពង្រឹងតួនាទីរបស់កម្ពុជាក្នុងអាស៊ាន ពង្រឹងអភិបាលកិច្ច និងពង្រីកតួនាទីរបស់វិស័យឯកជន និងជំរុញសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ ក៏ដូចជាសកលលោក ក្រោមក្របខ័ណ្ឌអាស៊ាន, អាស៊ានជាមួយដៃគូ និងអាសិប ដើម្បីទាក់ទាញការវិនិយោគពីបរទេស លើកកម្ពស់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់។
សម្តេចធិបតីសង្ឃឹមថា ពិព័រណ៍ និងកិច្ចប្រជុំកំពូលនេះនឹងផ្តល់នូវការយល់ដឹងកាន់តែប្រសើរអំពីកាលានុវត្តភាព ធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងឱកាសនៃការបង្កើតទំនាក់ទំនងរវាងគ្នាបន្ថែមទៀត ជាមួយប្រទេស កម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content