ភ្នំពេញ ៖ គិតចាប់តាំងពីថ្ងៃបើកឱ្យធ្វើដំណើរជាលើកដំបូងរហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៥នេះ ចំនួនរថយន្តធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿនមានចំនួនជាង ១២លានគ្រឿង ដែលជាតួលេខដ៏ច្រើនគួរកត់សម្គាល់។
លោក Fang Xisheng ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន CAMBODIAN PPSHV EXPRESS WAY CO,.LTD មានប្រសាសន៍ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃ២២ ខែមីនា ឆ្នាំ២០១៩ រហូតមកទល់ដើមខែមេសា ឆ្នាំ២០២៥នេះ ចំនួនរថយន្តដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួនប្រមាណជា ១២ ៦០០ ០០០គ្រឿង ដែលជាតួលេខមួយដ៏ច្រើនបើធៀបនឹងចំនួនប្រជាជននៅក្នុងប្រទេសកម្ពុជា ដែលមានប្រហែល១៧លាននាក់។ តួលេខនៃការធ្វើដំណើរកត់ត្រាដោយក្រុមហ៊ុនខាងលើបានបង្ហាញថា ភាគច្រើនជារថយន្តទេសចរណ៍លក្ខណៈគ្រួសារ ដែលមានចំនួនដល់ទៅ ៧៥% និង ២៥% ជារថយន្តដឹកទំនិញធុនធំ។
កំណើននៃការធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ដោយសារអ្នកធ្វើដំណើរបានមើលឃើញពីផចំណេញច្រើនបើទោះជាត្រូវចំណាយថវិកាទៅលើការធ្វើដំណើរនៅលើផ្លូវនេះក៏ដោយ ដូចជា កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងចំណេញថវិកា ជាពិសេស មិនមានផ្លូវឆ្លងកាត់តម្រាយផ្លូវ ឬឆ្លងកាត់ទីប្រជុំជន ដូចជា ផ្សារ សាលារៀន ដូចផ្លូវជាតិនោះទេ ដែលផ្តល់នូវសុវត្ថិភាពខ្ពស់សម្រាប់អ្នកបើកបរ ក៍ដូចជាអ្នករួមដំណើរ។ សូមបញ្ជាក់ថា ៖ការធ្វើដំណើរ ភ្នំពេញ-ក្រុងព្រះសីហនុ បើគេធ្វើដំណើរតាមផ្លូវជាតិលេខ៤ ត្រូវចំណាយពេលប្រហែលជា ៤ ទៅ ៥ម៉ោង ហើយនឹងមានភាពប្រឈមច្រើន ដោយសារផ្លូវមានសភាពតូចចង្អៀត មានផ្លូវឆ្លងកាត់ច្រើន ជាពិសេសមានសត្វពាហនៈដើរនៅលើដងផ្លូវជាតិជាដើម។
លោក Fang Xisheng បានបន្តថា ទោះជាផ្លូវល្បឿនលឿនផ្តល់ភាពងាយស្រួលក្នុងការបើកបរក៍ដោយ ក៍ប៉ុន្តែសូមឱ្យអ្នកបញ្ជាយានយន្តទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ បើកបរត្រូវគោរពតាមការណែនាំអំពីល្បឿន ជៀសវាងកើតមានឧប្បត្តិវហេតុក្នុងការបើកបរដោយប្រការណាមួយ។
គួរកត់សម្គាល់ដែរថា នៅរាល់ពេលរដូវបុណ្យទានចូលមកដល់ម្តងៗ គេសង្កេតឃើញថាផ្លូវល្បឿនលឿនមានការកកស្ទះរាល់លើក ពិសេសនៅឱកាសបុណ្យចូលឆ្នាំសកល និងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរតែម្ដង ។ ក្នុងគោលបំណងជួយសម្រួល និងកាត់បន្ថយការកកស្ទះនេះ ប្រធានគ្រប់គ្រងក្រុមហ៊ុនខាងលើ បានអំពាវនាវឱ្យសាធារណជនគ្រប់រូបបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន២០$(ម្ភៃដុល្លារអាមេរិក) នោះពេលជិះរថយន្តឆ្លងកាត់ វានឹងកាត់សេវាដោយស្វ័យប្រវត្តិ ដោយមិនបាច់ឈប់រថយន្តរង់ចាំការបង់ប្រាក់នៅបញ្ជរ នាំឱ្យចំណាយពេលវេលាយូរ ឬកើតមានការកកស្ទះដូចពេលមុនៗទៀតនោះឡើយ៕ វិន ឈុនហ៊ាត