ភ្នំពេញ៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ៧ភាគរយក្នុងមួយឆ្នាំអស់រយៈពេលជិត២ទសវត្ស៍ជាប់គ្នា ហើយបានបន្ថយភាពក្រីក្រ និងដំណើរការប្រជាធិបតេយ្យ ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយគួរជាទីមោទនៈ។ ដោយឡែក រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា ក៏បាន និងកំពុងបន្តអនុវត្តគោលនយោបាយនេះ ព្រមជាមួយនឹងការដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១»,«កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦» និង “វិធានការគន្លឹះចំនួន៥” ដែលសុទ្ធតែយកប្រជាជនជាស្នូល អាចផ្តល់ថាមពលដល់កម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
កិច្ច្កការដែលរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ កំពុងតែមានភាពសកម្មក្នុងការជំរុញនោះ បានរំលចចេញនូវសកម្មភាព២ ដែលបានអនុវត្តតាមដំណាក់កាលនូវ “កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦” និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១,៥ លាននាក់។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១.៥លាននាក់ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ រយៈពេល៤ខែ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀល។
ភ្ជាប់ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដល់យុវជនគោលដៅ១.៥លាននាក់របស់រាជរដ្ឋាភិបាល។
សេចក្តីកោតសរសើរ និងអបអរសាទរនេះបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះ។
លោកនាយកស្តីទីបានគូសបញ្ជាក់ថា លោកសូមកោតសរសើរ និងអបអរសាទរ ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនគោលដៅ១.៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយជាច្រើនលើការបណ្តុះបណ្តាល ជំនាញជាមួយក្រសួង ហើយរំពឹងថា ធនាគាអភិវឌ្ឍន៍អាស៊ី នឹងបន្តគាំទ្រជួយលើគម្រោងនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត។
ដោយឡែក សម្រាប់ក្រសួងកសិកម្ម ក៏មានកម្មវិធីមួយនៃការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ធ្វើឡើងជាដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន២៥០នាក់ ២០២៤ ចំនួន៨០០នាក់ និងឆ្នាំ២០២៥ ចំនួន៥៥០នាក់ សរុប ១.៦០០នាក់។
តាមរបាយការណ៍ក្រសួងកសិកម្មស្ដីពី «កម្មវិធីគោលនយោបាយអាទិភាព ទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា»បានឱ្យដឹងថា សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម ជាមួយនឹងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ និងគ្រោងដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២៣ នេះ។
ថ្លែងក្នុងពិព័រណ៍ការងារលើវិស័យអប់រំកសិកម្ម ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវអនុសាសន៍គន្លឹះក្នុងការផ្សារភ្ជាប់ធនធានមនុស្សរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន ដើម្បីរៀបចំកម្មវិធីសិក្សាស្របទៅតាមតម្រូវការទីផ្សារការងារ។ ធនធានមនុស្សដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ ឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ។ ដូច្នេះគោលនយោបាយកសិកម្មអាណត្តិថ្មីទី៧នេះ គឺជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិ-ឃុំ ដើម្បីជួយដល់កសិករ ទាំងបច្ចេកទេស ការកាត់បន្ថយថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕