ភ្នំពេញ ៖ អង្ក្រងត្រូវបានមនុស្សមួយចំនួនចាត់ទុកជាសត្វចង្រៃដោយសារតែវារំខានដល់ការប្រមូលផលដំណាំរបស់កសិករ ហើយពេលខ្លះកសិករក៏បានប្រើថ្នាំបាញ់សម្លាប់សត្វអង្ក្រងឬក៏ដុតសម្លាប់ពួកវាទៀតផង ប៉ុន្តែតាមពិតទៅ អង្ក្រងជាសត្វដែលមានអត្ថប្រយោជន៍ខ្ពស់ណាស់ក្នុងការងារដាំដំណាំរបស់កសិករពីសត្វល្អិតយារយីទាំងឡាយ ។
លោកបណ្ឌិត គង់ រ៉ាដា អ្នកជំនាញនៃវិស័យកសិកម្មកម្ពុជាមួយរូបបានមានប្រសាសន៍ឱ្យដឹងថា មែនទែនទៅអង្ក្រងមានអត្ថប្រយោជន៍ខ្ពស់ខ្លាំងណាស់ក្នុងវិស័យកសិកម្ម ក្នុងនោះលោកបានអនុវត្តសាកល្បងដាក់បញ្ចូលសត្វអង្ក្រងទៅក្នុងចំការស្វាយចន្ទី។ ជាលទ្ធផលសម្រាប់ចំការស្វាយចន្ទីដែលមានសត្វអង្ក្រងមានការលូតលាស់លឿន និងហុចផលបានច្រើនជាងចំការដែលមិនមានដាក់បញ្ចូលសត្វអង្ក្រង ។

លោកបន្តឱ្យដឹងថា ស្វាយចន្ទីប្រឈមនឹងបញ្ហានៅរដូវលាស់ត្រួយ ព្រោះថាពេលនោះសត្វដង្កូវ និងសត្វល្អិតផ្សេងទៀត តែងតែមកយារយី និងស៊ីត្រួយស្វាយចន្ទី និងមិនធ្វើឱ្យស្វាយចន្ទីលូតលាស់បានល្អ។ ម្យ៉ាងវិញទៀតសម្រា់បចន្ទីដែលត្រូវចេញផ្កាក៏ដូចគ្នាដែរ គឺតែងតែមានសត្វល្អិតមកស៊ីផ្កាចន្ទីធ្វើឱ្យវាមានផ្លែតិច ។ ប៉ុន្តែនៅពេលដើមចន្ទីណាដែលមានសត្វអង្ក្រងច្រើន ដើមនោះនឹងទទួលបានទិន្នផលល្អប្រសើរ ដោយសារតែសត្វអង្ក្រងវាបានជួយកំចាត់សត្វល្អិតទាំងនោះមិនឱ្យបំផ្លាញត្រួយចន្ទី ឬក៏ផ្កាចន្ទី ដូច្នេះទិន្នផលចន្ទីនឹងទទួលបានផ្លែផ្កាកាន់តែច្រើន ។
លោកបណ្ឌិតបន្ថែមថា ការយកអង្ក្រងមកដាក់នៅក្នុងចំការដំណាំគឺមិនពិបាកទេ ហើយក៏មិនចាំបាច់ចិញ្ចឹមដូចសត្វដទៃនោះដែរ គ្រាន់តែកុំសម្លាប់វាដូចជាបាញ់ថ្នាំពុល ឬដុតបំផ្លាញសំបុកវាទៅបានហើយ វានឹងបង្កបង្កើនកូនចៅនៅចំការនោះកាន់តែច្រើនហើយនឹងជួយកាពារដំណាំយើងបានល្អផងដែរ ។

ចំណែកអ្នកស្រី សៀង សុវណ្ណារឹម ម្ចាស់ចំការស្វាយចន្ទីមួយនៅក្នុងភូមិ ដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ក៏បានឱ្យដឹងផងដែរថា កាលពីមុនចំការស្វាយចន្ទីររបស់គាត់ គឺតែងតែមានសត្វល្អិត និងដង្កូវស៊ីត្រួយ ហើយផ្កាវិញក៏មិនសូវជាប់ច្រើនដែរ ប៉ុន្តែនៅពេលមានអង្គការមួយចុះមកដល់មូលដ្ឋានរបស់គាត់និងប្រាប់ពីអត្ថប្រយោជន៍សត្វអង្ក្រងក្នុងវិស័យកសិកម្ម គាត់ក៏ចាប់ផ្ដើមអនុវត្តន៍តាម ហើយក៏ឃើញថាទទួលបានទិន្នផលដូចគេប្រាប់មែន ។

ម្ចាស់ចំការរូបនេះបាននិយាយថា ចាប់ពីពេលនោះមកពួកយើងក៏បានថែរក្សាសត្វអង្ក្រងនៅក្នុងចំការស្វាយចន្ទី និងមិនឱ្យអ្នកណាមកគោះពងវាឬមកយកវាទៅធ្វើម្ហូបនោះទេ ដោយថែរក្សាវាឱ្យនៅក្នុងចំការស្វាយចន្ទីកាន់តែច្រើន ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content