ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញ និងតភ្ជាប់ការដឹកជញ្ជូនក្នុងបណ្ដាប្រទេសតំបន់អាស៊ាន រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងសិក្សាសាងសង់ផ្លូវដែកថ្មីមួយពីប៉ោយប៉ែតទៅក្រុងបាវិត ខណៈគម្រោងផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែតបានសិក្សាចប់សព្វគ្រប់ហើយ និងកំពុងស្វែងរកក្រុមហ៊ុនដើម្បីបណ្ដាក់ទុនវិនិយោគ ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ផ្លូវដែកដែលកម្ពុជាមានសព្វថ្ងៃនេះគឺបានកែ និងជួសជុល ដើម្បីប្រើប្រាស់ ដោយក្នុងនោះផ្នែកខាងត្បូងពីភ្នំពេញទៅក្រុងព្រះសីហនុ បានជួសជុលល្អហើយ ដោយកន្លែងខ្លះអាចរត់បានដល់ទៅ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ។ សម្រាប់ប៉ែកខាងជើងពីប៉ោយប៉ែតមកក្រុងសិរីសោភណ្ឌក៏បានធ្វើរួចរាល់ហើយដែរ ។
ឯកឧត្តមបន្តថា ៖
“យើងក៏បានសិក្សាចប់សព្វគ្រប់រួចហើយដែរក្នុងការលើកកម្រិតផ្លូវដែកពីផ្លូវដែកល្បឿនធម្មតាទៅផ្លូវដែកល្បឿនលឿនដែលអាចរត់បានដល់ទៅ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីតភ្ជាប់ទៅផ្លូវដែករបស់ថៃ និងឡាវ ដែលអាចដឹកទំនិញពីកម្ពុជាទៅដល់ប្រទេសចិនតែម្ដង។ គម្រោងនេះ បានសិក្សាចប់ហើយ ដោយកំពុងរកដៃគូមកដាក់ទុនវិនិយោគ។ ក្រៅពីនេះ កម្ពុជាក៏មានគម្រោងសិក្សាផ្លូវដែកថ្មីមួយទៀតពីប៉ោយទៅបាវិតព្រំដែនកម្ពុជាវៀតណាម។”

ឯកឧត្តមបន្តឱ្យដឹងថា ផ្លូវដែកថ្មីដែលកម្ពុជាគ្រោងនឹងសិក្សាគឺចេញពីប៉ោយប៉ែតកាត់តាមសៀមរាប ចេញពីសៀមរាបកាត់តាមកំពង់ធំ ទៅកំពង់ឆ្នាំចូលមកភ្នំពេញ ហើយចេញពីភ្នំពេញទៅដល់ក្រុងបាវិត ដើម្បីតភ្ជាប់ជាមួយគម្រោងរបស់វៀតណាមដែលគេត្រៀមសាងសង់ពីទីក្រុងហូជីមិញមកបាវិតម៉ុកដៃ ។
ឯកឧត្តមបានបញ្ជាក់ថា ៖
”គម្រោងនេះគឺគ្រោងនឹងសិក្សា ហើយដំណាលគ្នានោះដែរ យើងក៏នឹងរកថវិកាដើម្បីកសាងឱ្យបានឆាប់ៗដែរ បានន័យថាសិក្សាចប់អាចនឹងសាងសង់ភ្លាមៗដែរ។ ក្រៅពីគម្រោងទាំងនេះ យើងក៏បានសិក្សាចប់សព្វគ្រប់ផ្លូវរថភ្លើងក្រោមដី ផ្លូវរថភ្លើងលើអាកាស និងរថភ្លើងស្វ័យប្រវត្តិគ្មានមនុស្សបើកនៅក្នុងរាជធានីភ្នំពេញ។ គម្រោងទាំងនេះ កំពុងភាក្សាថាតើកម្ពុជាគួរសាងសង់គម្រោងមួយណាមុន ខណៈដែលរដ្ឋាភិបាលចង់បានគម្រោងផ្លូវរថភ្លើងនៅក្រោមដី ដែលគម្រោងនេះនឹងអាចទាក់ទាញវិនិយោគមកដាក់ទុន។”

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដោយគ្រោងនឹងសិក្សាវាយតម្លៃ និងស្វែងរកថវិកាក៏ដូចជាដៃគូវិនិយោគដើម្បីបណ្ដាក់ទុនវិនិយោគជាពិសេសនៅជុំវិញតំបន់ព្រលានយន្តហោះអន្តរជាតិដែលទើបសាងសង់ទាំងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនៅភ្នំពេញ និងគម្រោងព្រលានយន្តហោះនៅខេត្តសៀមរាប៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content