ព្រះសីហនុ ៖ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សមួយរបស់ក្រុមហ៊ុន Prince Holding លើទំហំដីជិត១ពាន់ហិកតា តាមបណ្ដោយឆ្នេរសមុទ្ររាមគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០៣០ ទៅឆ្នាំ ២០៤០ ដែលគម្រោងទាំងមូលគ្រោងនឹងចំណាយថវិកាសរុបប្រមាណ១៦ពាន់លានដុល្លារអាមេរិក ។ នេះបើតាមលោក អៀន តាន់ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Canopy Sands Development ដែលជាបុត្រសម្ព័ន្ធរបស់Prince Holding និងអភិវឌ្ឍលើគម្រោង Bay Of Light ។

លោកបន្តថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានកំពុងអភិវឌ្ឍន៍ដល់ដំណាក់កាលទី៣ហើយ ដោយកំពុងចាក់ដីបំពេញនៅតំបន់ដែលត្រូវអភិវឌ្ឍន៍។ គម្រោងនេះមានការអភិវឌ្ឍសំបូរបែបទៅលើអចលនទ្រព្យ ដូចជា អគារខុនដូ សណ្ឋាគារ ការិយាល័យ ភោជនីយដ្ឋាន កន្លែងកម្សាន្តដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងនាំយកបទពិសោធន៍នានាមកជូនប្រជាពលរដ្ឋកម្ពុជា ។
លោកបានបញ្ជាក់ថា ៖
“នៅក្នុងគម្រោង Bay Of Light មានការវិនិយោគមកពីបណ្ដាប្រទេសជាច្រើន ហើយនឹងអភិវឌ្ឍន៍ទៅតាមជំនាញ និងបទពិសោធន៍របស់ពួកគេ។ អ្វីដែលពិសេសនៅក្នុងរយៈពេល១០ទៅ២០ឆ្នាំខាងមុខទៀត គម្រោងរបស់យើងនឹងកែប្រែខេត្តព្រះសីហនុកាន់តែប្លែក និងទាក់ទាញមនុស្សជុំវិញពិភពលោកឱ្យចាប់អារម្មណ៍កម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។”

លោកបន្ថែមថា ៖
“គម្រោងនេះស្ថិតនៅក្នុងឆ្នេររាមនៃខេត្តព្រះសីហនុ ហើយកត្តាដែលក្រុមហ៊ុនសម្រេចជ្រើសរើសយកទីតាំងនេះ សម្រាប់អភិវឌ្ឍន៍គម្រោងដ៏ធំនេះ ដោយសារតែគម្រោងនេះនៅជិតព្រលានយន្តហោះ អន្តរជាតិកងកេង នៅក្បែរផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស និងជាពិសេសមានផ្លូវខ្វាត់ខ្វែងតភ្ជាប់ទៅកាន់ក្រុងព្រះសីហនុ។ កាលពីក្នុងអំឡុងកូវីដ១៩ គម្រោងនេះបានបង្អង់ល្បឿនបន្តិច ប៉ុន្តែមិនបញ្ឈប់សកម្មភាព តែក្រោយពីស្ថានភាពកូវីដ១៩បានប្រសើរឡើងវិញ ក្រុមហ៊ុនក៏ចាប់ផ្ដើមសម្រុកការងារឡើងវិញ ដើម្បីអភិវឌ្ឍន៍ជាបន្តបន្ទាប់។”
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នៅក្នុងវិបត្តិកូវីដ១៩ មានវិនិយោគិនមួយចំនួនមិនបានរត់ទៅណា ឬផ្អាកគម្រោងអភិវឌ្ឍន៍របស់ខ្លួននោះទេ។ មួយចំនួននៅតែបន្តសកម្មភាពយ៉ាងលំបាក ហើយក្រោយពីស្ថានភាពបានប្រសើរពួកគេក៏ចាប់ផ្ដើមសម្រុកជាមួយវិនិយោគិនបរទេស និងក្នុងស្រុកជាច្រើនក៏បានចូលមកក្នុងខេត្តព្រះសីហនុដើម្បីសិក្សា និងបណ្ដាក់វិនិយោគឡើងវិញ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content