(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបំផុសគំនិត និងជំរុញដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវរួមគ្នាគិត រួមគ្នាអនុវត្តការងារ និងរិះរកវិធីសាស្ត្រធ្វើយ៉ាងណាកសាងកម្ពុជាមាតុភូមិខ្ញុំ ដែលមិនត្រឹមតែជាពាក្យនិយាយ ប៉ុន្តែគឺជាអ្វីដែលប្រជាពលរដ្ឋគ្រប់រូបមើលឃើញថា ខ្លួនមានមោទនភាពដែលបានរស់នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងជាក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយៗទៀត ក្រោមម្លប់សុខសន្តិភាពដែលជាមរតកបន្សល់ទុកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាព ដោយសមិទ្ធផលសន្តិភាពនេះគឺជាអង្គរទី២ បន្ទាប់ពីប្រាសាទអង្គរដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំដែនដី គឺជាកិច្ចការដ៏ធំ ដោយត្រូវគិតគូរអំពីខឿនសេដ្ឋកិច្ច ប៉ូល និងរបៀងសេដ្ឋកិច្ច ស្របតាមសក្តានុពលនៃតំបន់នីមួយៗ ក្នុងគោលដៅតែមួយគត់ គឺលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើង។

ក្នុងកិច្ចប្រជុំនេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានកំណត់ការងារបន្ទាប់របស់ខ្លួន គឺផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ការងារលំនៅឋាន និងការងារសម្បទានសង្គម និងសេដ្ឋកិច្ច។ ការកំណត់ទិសដៅទាំងនេះនឹងធ្វើឡើងក្រោយពេលក្រសួងបានបង្កើតនូវបរិយាកាសគ្មានវិវាទតាមរយៈការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ការដោះស្រាយបញ្ហាបឹងទន្លេសាប បញ្ហាតំបន់រមណីយដ្ឋានសៀមរាប-អង្គរ និងបញ្ហាចម្រូងចម្រាស់តាមបុរី៕









វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content