បញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់កំពុងធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សរស់នៅរហូតដល់ទៅជាង ២០០០លាននាក់មកហើយនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក ហើយកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺអង្គការសហប្រជាជាតិបានព្រមានថានៅត្រឹមឆ្នាំ២០៣០ប៉ុណ្ណោះ ពិភពលោកនឹងអាចជួបបញ្ហាខ្វះទឹកស្អាតរហូតទៅដល់៤០ភាគរយ ខណៈដែលបច្ចុប្បន្នបញ្ហាទឹកកខ្វក់បានបណ្តាលឲ្យជីវិតមនុស្សបាត់បង់ដល់ទៅជាង ៣,៤លាននាក់ជារៀងរាល់ឆ្នាំ។
ដោយសារមើលឃើញនូវឧបសគ្គដ៏ធំក្នុងការរស់នៅរបស់ជីវិតមនុស្សជាច្រើនលាននាក់បែបនេះ ក្រុមហ៊ុនអាជីវកម្មថ្មីមួយដែលមានឈ្មោះថា Kumulus បានខិតខំប្រឹងប្រែងរហូតដល់បានសម្រេចជោគជ័យផលិតបាននូវឧបករណ៍ដ៏មានអត្ថប្រយោជន៍មួយ និងសង្ឃឹមថានឹងអាចជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតចំពោះមុខទៅលើបញ្ហាកង្វះទឹកស្អាត។
Kumulus ជាក្រុមហ៊ុនសហការគ្នារវាងក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសទុយនេស៊ី និងបារាំង ហើយឧបករណ៍ដែលពួកគេបានអភិវឌ្ឍបានមានមុខងារដ៏សំខាន់មួយដែលស្ទើរតែមិនគួរឲ្យជឿដោយអាចបំលែងបរិយាកាសទៅជាទឹកស្អាតសម្រាប់ប្រើប្រាស់បានយ៉ាងអស្ចារ្យ។
ឧបករណ៍របស់ Kumulus មានទំហំប៉ុនខ្លួនមនុស្ស ប៉ុន្តែមានលទ្ធភាពក្នុងការផលិតទឹកស្អាតចេញពីបរិយាកាសដល់ទៅ៣០លីត្រក្នុងមួយថ្ងៃ ហើយជាក់ស្តែងគឺអាស្រ័យទៅលើស្ថានភាពសំណើមនៅតាមទីតាំងដែលវាត្រូវបានរៀបចំ។
បំពង់ខ្យល់ដែលនៅពីខាងលើឧបករណ៍គឺជាអ្នកទាញយកខ្យល់ចូលទៅខាងក្នុង ហើយបន្ទាប់មកវានឹងធ្វើឲ្យខ្យល់នោះចុះត្រជាក់ និងបំលែងទៅជាវត្ថុរាវ។ វត្ថុរាវទាំងនោះគឺជាទឹកដែលមាននៅក្នុងកំហាប់របស់បរិយាកាស ហើយបន្ទាប់មកទៀតវាត្រូវឆ្លងកាត់ដំណាក់កាលចម្រោះ និងសម្លាប់មេរោគមុនពេលដែលវាត្រូវបានហូរច្រោះចូលទៅក្នុងធុងទឹកដែលអាចទាញយកមកខាងក្រៅដើម្បីប្រើប្រាស់បាន។
តាមផែនការក្រុមហ៊ុននឹងធ្វើការសាកល្បងដាក់ឲ្យប្រើប្រាស់តែនៅតាមទីតាំងសំខាន់ៗដែលខ្វះខាតទឹកខ្លាំង ដូចជានៅតំបន់អាហ្វ្រិកជាដើម ព្រោះតែមុខងារទាំងអស់របស់វាគឺដំណើរការឡើងដោយការទាញយកថាមពលព្រះអាទិត្យផង ដូច្នេះវាពិតជាស័ក្ដិសមដើម្បីក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតចំពោះជីវិតមនុស្សរាប់រយលាននាក់ដែលកំពុងរស់នៅទាំងនៅទ្វីបអាហ្វ្រិក និងនៅតំបន់វាលខ្សាច់នានា៕