ភ្នំពេញ៖ អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងឧស្សាហកម្ម បានជួបជុំគ្នាដើម្បីពិភាក្សាអំពីការទូតវិទ្យាសាស្ត្រ សំដៅដោះស្រាយបញ្ហាសកល និងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា។ ការជូបជជែក និងពិភាក្សានេះត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសាកលវិទ្យាល័យខេមតិច និងវេទិកា AI ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា៖ ការទូតវិទ្យាសាស្ត្រ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពវិទ្យាសាស្ត្រជាសាកល ដោយសម្រួលដល់ការចែករំលែកចំណេះដឹង ធនធាន និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើជាកាតាលីករក្នុងការដោះស្រាយបញ្ហាសកល និងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា។
សិក្ខាសាលានេះក៏មានបទអន្តរាគមន៍របស់លោក Sardar Umar Alam តំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅកម្ពុជា ស្តីពីតួនាទីវិទ្យាសាស្ត្រក្នុងការរៀបចំគោលនយោបាយការបរទេស។ សិក្ខាសាលាក៏បានផ្តោតលើសារៈសំខាន់នៃការផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងគោលនយោបាយ និងការពង្រឹងកិច្ចសហការផ្នែកវិទ្យាសាស្ត្រឆ្លងព្រំដែនផងដែរ។
ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៏បានចូលរួមដឹកនាំកិច្ចពិភាក្សាស្តីពីវិទ្យាសាស្ត្រសម្រាប់វិស័យការទូតដោយផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិនិងបច្ចេកវិទ្យាថ្មីៗផងដែរ៕