ដូង ជាដំណាំពេញនិយមនៅកម្ពុជា ព្រោះគេអាចប្រើវាជាប្រយោជន៍បានច្រើនមុខ មិនថាសម្រាប់ដាំស្លរ បង្អែម ច្នៃជាប្រេងដូង ជាឱសថ និងធ្វើជាគ្រឿងសំណង់នោះទេ ហើយដំណាំនេះទៀតសោតក៏អាចដាំដុះបានលើដីច្រើនប្រភេទ ហើយអាចចេញផ្លែច្រើនដងក្នុងមួយឆ្នាំ។ អ្នកជំនាញកសិកម្មបានចងក្រងបច្ចេកទេសសំខាន់ៗក្នុងការដាំដូងឱ្យទទួលបានផលច្រើនដូចដែលបានបង្ហាញជូននៅខាងក្រោម។

ដើម្បីទទួលបានផលលឿន កសិករត្រូវជ្រើសរើសប្រភេទដូងដែលមានត្រឡោកធំ សាច់ក្រាស់ រសជាតិផ្អែម ក្លិនក្រអូប ធននឹងជំងឺ និងសត្វល្អិតចង្រៃ និងមានប្រភពច្បាស់លាស់ ហើយអាចដាំដុះបាននៅលើដីច្រើនប្រភេទ និងមានតម្លៃល្អលើទីផ្សារ។
ក្នុងការរើសទីតាំងថ្នាលបណ្ដុះ ដូងងាយស្រួលក្នុងបណ្ដុះជាងរុក្ខជាតិផ្សេងទៀត ដោយគ្រាន់តែរក្សាទុកនៅទីសុវត្ថិភាព ក្បែរប្រភពទឹក ដីទួលមិនលិចទឹក និងកន្លែងមានពន្លឺអាទិត្យគ្រប់គ្រាន់។ បន្ទាប់មកគេកាប់សំបកត្រង់ជ្រុងណាដែលធំជាងគេផ្នែកខាងក្បាល ដាក់ជ្រុងនោះទៅក្រោមរួចកាប់ចំពីលើសម្រាប់ឱ្យមានស្នាមសម្រាប់ដូងដុះពន្លក ដាក់ចំបើង ឬកម្ទេចរុក្ខជាតិពង្រាយលើថ្នាលដែលពង្រាបរួច តម្រៀបផ្លែដូងលើចំបើង ឬកម្ទេសរុក្ខជាតិពង្រាយរួចគ្របកំណាត់ចំបើងល្អិតៗពីលើហើយស្រោចទឹកឱ្យសើមជាប្រចាំរហូតដល់វាមានអាយុមួយឆ្នាំទើបអាចយកទៅដាំបាន។
ចំពោះទីតាំងដាំដុះ ត្រូវដាំលើដីណាដែលមានជីជាតិល្អ មានសំណើមគ្រប់គ្រាន់ ឆ្ងាយពីដើមឈើធំៗដែលមានស្រាប់យ៉ាងហោចណាស់ ១០ម៉ែត្រ មានប្រភពទឹកនៅក្បែរស្រួលក្នុងការស្រោចស្រពនៅពេលអាកាសធាតុរាំងស្ងួតខ្លាំង។ ឯការជីករណ្ដៅ គេត្រូវជីកជម្រោមួយម៉ែត្របួនជ្រុង គម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយទៀតយ៉ាងហោចណាស់ ១០ម៉ែត្រ ហើយធ្វើជួរឱ្យប៉ះនឹងពន្លឺព្រះអាទិត្យស្មើគ្នា។
ក្រោយពេលជីករណ្ដៅរួច គេត្រូវប្រមូលសំរាមដែលបានពីរុក្ខជាតិ ផេះ លាមកសត្វ ឬជីកំប៉ុស្តិ៍ដាក់ក្នុងរណ្ដៅឱ្យបានច្រើនជាងការប្រសើរព្រោះវាជាជីធម្មជាតិដែលផ្ទុកទៅសារធាតុចិញ្ចឹមច្រើន។ ក្រោយមក គេត្រូវដាក់កូនដូងចូលដែលមានអាយុយ៉ាងតិចណាស់មួយឆ្នាំ ដាំនៅពេលល្ងាចដើម្បីឱ្យវាទទួលសំណើមពេលយប់ និងស្រោចទឹកដើម្បីឱ្យឫសឆាប់ចាប់ជាប់នឹងដីថ្មី។

ពាក់ព័ន្ធនឹងការថែទាំ គេត្រូវបំប៉នពីរដងក្នុងមួយឆ្នាំ ពោលគឺនៅរៀងរាល់ដើម និងចុងរដូវវស្សា ដោយជីករណ្ដៅរាងមូលមានផ្ចិតប្រមាណ ៥តឹក និងជម្រៅ ៥តឹក នៅឆ្ងាយពីគល់រុក្ខជាតិប្រហែល ១-២ម៉ែត្រ ដើម្បីដាក់ជីធម្មជាតិ និងជីគីមីផ្សេងទៀតដូចជា អិន ប៉េ កា ហើយចំពោះការជីកក្រោយៗទៀត ចៀសវាងកុំឱ្យចំរណ្ដៅដដែលៗ។
គួរបញ្ជាក់ដែរថា ទឹកដូងមានសារៈប្រយោជន៍ចម្បងៗមួយចំនួនដូចជា ធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ បង្កើនថាមពល បន្ថែមជាតិទឹក កាត់បន្ថយបញ្ហាតម្រងនោម និងបញ្ចុះសម្ពាធឈាមបានយ៉ាងប្រសើរបំផុត៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content