បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា អាហ្សង់ទីន បានប្រកាសពីការធ្លាក់ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ហើយបានកាត់បន្ថយការឧបត្ថម្ភធនផ្នែកថាមពល និងការដឹកជញ្ជូន ដែលជាផ្នែកមួយនៃវិធានការដ៏គួរឲ្យភ្ញាក់ផ្អើល។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រធានាធិបតីថ្មីរបស់អាហ្សង់ទីន លោក Javier Milei បាននិយាយថា វិបត្តិសេដ្ឋកិច្ចត្រូវការដោះស្រាយជាបន្ទាន់។ បន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតី លោក Milei បានព្រមានភ្លាមៗអំពីវិធានការតឹងតែង ដោយសារប្រទេសនេះមិនមានពេលវេលាដើម្បីពិចារណាជម្រើសផ្សេងទៀតទេ។ រយៈពេលពីរបីខែក្រោយទៀត អាហ្សង់ទីននឹងអាក្រក់ជាងនេះទៅទៀត។ ក្នុងនាមជាបេក្ខជនឈរឆ្នោតមួយរូប គាត់បានសន្យាលុបបំបាត់ការបង្កើតនយោបាយមានអំពើពុករលួយ និងលុបបំបាត់ការបោះពុម្ពប្រាក់នៅធនាគារកណ្តាលដែលគាត់បានចោទប្រកាន់ ជាហេតុធ្វើឲ្យអតិផរណាកាន់តែក្តៅ។ យ៉ាងណាមិញ បន្ទាប់ពីឈ្នះឆ្នោត ប្រធានាធិបតីថ្មីរូបនេះបានជ្រើសរើសលោក Caputo ដែលជាអតីតប្រធានធនាគារកណ្តាលធ្វើជារដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់គាត់ និងជាសម្ព័ន្ធមិត្តុមួយទៀតរបស់ Caputo ដើម្បីគ្រប់គ្រងធនាគារ រួមទាំងការដាក់ផែនការសម្រាប់រូបិយប័ណ្ណដុល្លារ៕

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Luis Caputo លើកឡើងថា ប្រាក់ប៉េសូអាហ្សង់ទីននឹងធ្លាក់មានតម្លៃទៅដល់ ៥០ ភាគរយ ដោយធ្លាក់តម្លៃពី ៤០០ ប៉េសូស្មើ ១ ដុល្លារអាម៉េរិកទៅ ៨០០ ប៉េសូស្មើ ១ ដុល្លារអាម៉េរិក។ ឥឡូវនេះ អាហ្សង់ទីន កំពុងប្រឈមនឹងអតិផរណាប្រចាំឆ្នាំ ១៤៣ ភាគរយ ខណៈដែលរូបិយប័ណ្ណរបស់ខ្លួនបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ប្រទេសនេះក៏មានឱនភាពសារពើពន្ធយ៉ាប់យ៉ឺន ឱនភាពពាណិជ្ជកម្មចំនួន ៤៣ ពាន់លានដុល្លារ ជាមួយនឹងការជំពាក់បំណុល មូលនិធិរូបិយវត្ថុអន្តរជាតិ ៤៥ ពាន់លានដុល្លារ និងជំពាក់ម្ចាស់បំណុលពហុភាគី និងឯកជន ១០,៦ ពាន់លានដុល្លារគិតត្រឹមខែមេសា។
លោក Caputo បាននិយាយថា ជាផ្នែកមួយនៃវិធានការថ្មី រដ្ឋាភិបាលកំពុងលុបចោលការដេញថ្លៃគម្រោងសាធារណៈណាមួយ និងកាត់បន្ថយការងាររដ្ឋមួយចំនួន ដើម្បីកាត់បន្ថយទំហំរដ្ឋាភិបាល។ លើសពីនេះ លោកក៏បានប្រកាសកាត់បន្ថយការឧបត្ថម្ភធនផ្នែកថាមពល និងការដឹកជញ្ជូនដោយមិនផ្តល់ព័ត៌មានលម្អិត ឬប្រាប់ពីចំនួនប៉ុន្មាននោះទេ ហើយរដ្ឋបាលរបស់ Milei កំពុងកាត់បន្ថយចំនួនក្រសួងពី ១៨ មកត្រឹម ៩ ប៉ុណ្ណោះ ហើយលោកជឿថា វិធានការនេះគឺត្រូវការជាចាំបាច់ ដើម្បីកាត់បន្ថយឱនភាពសារពើពន្ធដែលជាមូលហេតុនៃបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស រួមទាំងអតិផរណាដែលកំពុងកើនឡើងផងដែរ។ ប្រសិនបើអាហ្សង់ទីនបន្តបែបនេះ ប្រទេសនឹងឆ្ពោះទៅរកអតិផរណាខ្ពស់ដោយជៀសមិនរួច។

IMF បានស្វាគមន៍ចំពោះវិធានការនេះ ដោយនិយាយថា វាជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការពិភាក្សាបន្ថែមជាមួយអាហ្សង់ទីនអំពីបំណុលរបស់ខ្លួន។ អ្នកនាំពាក្យ IMF លោកស្រី Julie Kozack និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពដំបូងដ៏ក្លាហានទាំងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវហិរញ្ញវត្ថុសាធារណៈក្នុងលក្ខណៈដែលការពារអ្នកងាយរងគ្រោះបំផុតនៅក្នុងសង្គម និងពង្រឹងការប្តូរប្រាក់បរទេស។ ការអនុវត្តនូវការសម្រេចចិត្តរបស់ពួកគេនឹងជួយធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព និងបង្កើតមូលដ្ឋានសម្រាប់កំណើនដែលដឹកនាំដោយវិស័យឯកជន និងនិរន្តរភាពបន្ថែមទៀត៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content