ភ្នំពេញ ៖ កម្ពុជា ជាប្រទេសមានសេដ្ឋកិច្ចបើកចំហខ្លាំង ហើយទទួលបានភាពរីកចម្រើនដោយសារសាកលភាវូបនីយកម្មនោះអាចនឹងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីកត្តាខាងក្រៅ ប៉ុន្តែកម្ពុជាក៏អាចនឹងទទួលបាននូវកាលានុវត្តភាពមួយវិញដែរក្នុងក្របខណ្ឌដែលកម្ពុជាចេះបត់បែន និងតាមទាន់សភាពការណ៍ប្រែប្រួលក្នុងតំបន់។ ដូច្នេះ កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានល្អក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាពទាក់ទាញបន្ថែមការវិនិយោគ និងធុរកិច្ច ។
បើតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤របស់រាជរដ្ឋាភិបាលបានឱ្យដឹងថា ក្នុងអំឡុងពេលកម្ពុជាទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីកត្តាខាងក្រៅកម្ពុជាត្រូវខ្លួនឱ្យបានល្អក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព និងត្រូវចេះប្រើប្រាស់លក្ខខណ្ឌអំណោយផលទាំងឡាយសម្រាប់លើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែងសេដ្ឋកិច្ច កែលម្អបរិយាកាសវិនិយោគ ដើម្បីទទួលបានបន្ថែមនូវការវិនិយោគ ដែលអាចនឹងហូរចេញពីតំបន់ដែលមានជម្លោះពាណិជ្ជកម្មចូលមកកម្ពុជា ។

នៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុដដែលបានឱ្យដឹងថា កម្ពុជាក៏ត្រូវទាញយកផលប្រយោជន៍ជាអតិបរិមាពីភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ជាពិសេសនៅក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤ និងត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការពារ និងការអភិរក្សបរិស្ថាន ព្រមទាំងត្រូវសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ ។
យ៉ាងណាក៏ដោយ បើទោះបីជាស្ថិតនៅក្នុងបញ្ហាប្រឈមដូចនឹងបច្ចុប្បន្ននេះក្ដី ក៏អ្នកវិនិយោគ និងធុរជនក្នុងវិស័យអចលនទ្រព្យមួយចំនួននៅតែបន្តត្រៀមខ្លួនជាប់ជានិច្ចក្នុងការទទួលយកការវិនិយោគពីបរទេស និងក្នុងស្រុកនៅពេលណាមួយដែលស្ថានភាពសេដ្ឋកិច្ចនឹងល្អប្រសើរវិញ ។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិលបានលើកឡើងថា ទោះបីជាស្ថិតនៅក្នុងស្ថានភាព និងបញ្ហប្រឈមយ៉ាងណាក្ដី ក្នុងនាមជាអ្នកជំនួញ និងវិនិយោគក្នុងស្រុកនៅតែត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទទួលការវិនិយោគថ្មីដែលនឹងអាចមានសន្ទុះកើនឡើងវិញនៅពេលណាមួយនោះ ។
លោកឧញ៉បានលើកឡើងបន្តថា ៖
«អ្វីដែលអ្នកវិនិយោគក្នុងស្រុកក៏ដូចជាអ្នកជំនាញនៃវិស័យអចលនទ្រព្យត្រូវត្រៀមខ្លួននោះ គឺភាពស្របច្បាប់នៃក្រុមហ៊ុនក្នុងស្រុកទាំងអស់ដោយសំដៅលើការចុះបញ្ជីឱ្យបានត្រឹមត្រូវ ត្រៀមខ្លួនលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យអចលនទ្រព្យ និងរៀននូវអ្វីដែលថ្មីនៅក្នុងវិស័យនេះដើម្បីសម្រួលដល់ការវិនិយោគរបស់អ្នកវិនិយោគក្នុង និងក្រៅប្រទេស»។

ក្នុងរយៈពេលកចុងក្រោយនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានរៀបចំការបណ្ដុះបណ្ដាលសមាជិកថ្មីចាស់របស់ខ្លួន ពាក់ព័ន្ធនឹងអាជីវកម្មលើវិស័យអចលនទ្រព្យ ក៏ដូចជាបណ្ដុំបណ្ដាលលើជំនាញថ្មីៗ ក្នុងវិស័យនេះដើម្បីត្រៀមស្វាគមន៍ការមកដល់នៃអ្នកវិនិយោគបរទេសដែលរំពឹងថានឹងត្រលប់មកវិញនាពេលឆាប់ៗ ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content