ភ្នំពេញ៖ ទំហំពាណិជ្ជកម្ម កម្ពុជា-អាស៊ាន ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥នេះ ពោល គឺគិតចាប់ពីខែមករា-វិច្ឆិកា សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៤,៩ពាន់លានដុល្លារ កើនឡើង ៣.៧៦% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដោយក្នុងនោះការនាំចូលមានជាង ៩ពាន់លានដុល្លារ និងនាំចេញជាង ៥ពាន់លានដុល្លារ ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តាមរយៈរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទីផ្សារសំខាន់ៗប្រចាំអាស៊ានដែលកម្ពុជានាំចេញទំនិញច្រើនជាងគេគឺ វៀតណាម ក្នុងទឹកប្រាក់ប្រមាណ ៣,៣ ពាន់លានដុល្លារ កើនឡើង ០.៣៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ បន្ទាប់មកមាន សិង្ហបុរី ជាង៧៩៦លានដុល្លារ ,ថៃ ៦៧៩លានដុល្លារ, ម៉ាឡេស៊ី ជាង១២៩លានដុល្លារ, ឥណ្ឌូនេស៊ីជាង៦២លានដុល្លារ, ហ្វីលីពីនជាង៥៣លានដុល្លារ, ព្រុយណេ ជាង១០លានដុល្លារ, ឡាវជាង៦,៨១លានដុល្លារ មីយ៉ាន់ម៉ាជាង១.៦៣លានដុល្លារ។
សូមបញ្ជាក់ថា ចំពោះមុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម ដូចជា ស្រូវ អង្ករ ស្វាយ មៀន ម្រេច ពោត ចេក គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។ ដោយឡែកសម្រាប់ការនាំចូលវិញមានដូចជា គ្រឿងអេឡិចត្រូនិក ឱសថ បរិក្ខាអគ្គិសនី ជាដើម។
គួររំលឹកថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាស៊ាន មានទំហំជាង១៤ពាន់លានដុល្លារ ក្នុងនោះការនាំចេញមានទំហំ ៤ពាន់លានដុល្លារ និងការនាំចូលជាង ៩ពាន់លានដុល្លារ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានលើកឡើងនាពេលថ្មីៗនេះថា៖ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងទំនាក់ទំនងទ្វេភាគី បានជួយឱ្យទឹកប្រាក់នាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាស៊ាន ជាពិសេស វៀតណាម កើនឡើងជាបន្តបន្ទាប់។ ជាមួយគ្នានេះ នៅថ្ងៃខាងមុខនេះរំពឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាស៊ាន និងកម្ពុជា-វៀតណាម នឹងបន្តកើនឡើងបន្ថែមទៀតជាក់ជាមិនខាន ខណៈដែលគោលនយោបាយពាណិជ្ជកម្មកាន់តែមានភាពល្អប្រសើរជាងមុន៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content