បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលបែងចែកឥទ្ធិពលផង អំណាចផង ដើម្បីអាចបំប្លែងខ្លួនទៅជាពិភពលោកថ្មីមួយស្ថិតនៅក្រោមការដឹកនាំបែបពហុប៉ូល ជាក់ស្ដែងដូចជាការព្យាយាមរវាងមហាអំណាចចិន, អាមេរិក និងរុស្ស៊ីជាដើម។
ព្រឹត្តិការណ៍នេះបានរុញច្រានឲ្យមានភាពរញ៉េរញ៉ៃ និងអត់សណ្តាប់ធ្នាប់តាមវិស័យមួយចំនួនធំបូករួមទាំងទីផ្សារ និងសេដ្ឋកិច្ចសកល។ ក្នុងពេលជាមួយគ្នាពិភពលោកក៏កំពុងទទួលរងនូវការប្រែប្រួលយ៉ាងឆាប់រហ័សទាំងសក្ដានុពលនៃឧស្សាហកម្ម បញ្ហាសម្ពាធតម្លៃ និងការព្យាករណ៍នៃវិបត្តិសេដ្ឋកិច្ច ការកើនឡើងនៃបច្ចេកវិទ្យា Generative AI និងការផ្លាស់ប្តូរទីតាំងនៃលំហូរទុនដ៏ធំៗជាដើមផង។
ដូច្នេះសម្រាប់មេដឹកនាំ និងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នធ្វើអាជីវកម្មដែលស្ថិតនៅក្នុងស្ថានភាពនេះ គឺកំពុងប្រឈមមុខដើម្បីដោះស្រាយស្ទើរគ្រប់ផ្នែកនៃប្រតិបត្តិការ។
តើគួរត្រៀមខ្លួន និងរៀបចំការងាររបៀបណា ដើម្បីអាចធានាបានថា ស្ថាប័ន ក្រុមហ៊ុន និងអង្គភាពរបស់ខ្លួននៅតែមានភាពប្រកួតប្រជែង និងបន្តការអភិវឌ្ឍ ជាពិសេសទាញយកថាមពលដ៏អស្ចារ្យបំផុត (Superpower) ចេញពីក្រុមការងារ។ នោះគឺជាចំណោទដែលថ្នាក់ដឹកនាំកំពូលត្រូវចាប់ផ្តើមគិតពិចារណា។
ក្រុមការងារ WEFORUM ដែលជាវេទិកាសេដ្ឋកិច្ចដ៏ធំ និងល្បីល្បាញមួយរបស់ពិភពលោកគឺជាអ្នកដែលមានបទពិសោធន៍ជាមួយនឹងបណ្តាមេដឹកនាំ និងថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាអង្គការសំខាន់ៗរបស់ពិភពលោកដល់ទៅរាប់ពាន់មកពីបណ្តាប្រទេសជុំវិញពិភពលោក។
WEFORUM បានធ្វើការណែនាំនូវយុទ្ធសាស្ត្រមួយដែលប្រធានក្រុមហ៊ុន អង្គភាព និងស្ថាប័នទាំងនោះមិនគួរមើលរំលង និងត្រូវសិក្សាឲ្យបានស៊ីជម្រៅ ហើយដែលត្រូវបានគេស្គាល់ថា ជា VECTOR ឬមកពីពាក្យចំនួន៦បញ្ចូលគ្នាគឺ Vision, Employees, Culture, Technology, Organizationនិង Routines។
ខាងក្រោមនេះគឺជាការពន្យល់ខ្លះៗថាអ្វីទៅជាយុទ្ធសាស្ត្រ VECTOR ?
Vision and leadership: ជាទូទៅនាយកប្រតិបត្តិ ឬប្រធានក្រុមហ៊ុនដែលជោគជ័យបំផុតពួកគេគឺជាមនុស្សដែលមានទំលាប់ និងការប្តេជ្ញាខ្ពស់ក្នុងការរៀបចំគម្រោងការសម្រាប់អ្វីដែលពួកគេមានជំនឿចិត្តនិងចង់ឲ្យក្រុមការងារធ្វើដំណើរទៅដល់គោលដៅនោះជាមួយគ្នា។ ដូច្នេះការកសាងទសន្សៈវិស័យ និងការរៀបចំរបៀបដឹកនាំដែលមានប្រសិទ្ធភាពគឺជាកត្តាចាំបាច់បំផុត។
Employees: ចង់កសាងស្ថាប័នដែលពោរពេញដោយថាមពលអស្ចារ្យ (Superpower) ចាំបាច់ដែលទីនោះគឺជាកន្លែងដែលប្រមូលផ្តុំនូវបុគ្គលិកដែលមានទេព្យកោសល្យដើម្បីធ្វើឲ្យការអភិវឌ្ឍមាននិរន្តភាពហើយបច្ចុប្បន្ននេះជាពិសេសគឺបុគ្គលិកដែលមានជំនាញ និងទេព្យកោសល្យដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាគឺជាអទិភាពបំផុតសម្រាប់ស្ថាប័ន។
Culture and Mindset: វប្បធម៌ និងផ្នត់គំនិតនៅស្ថាប័នបំពេញការងារគឺជាឧបករណ៍សម្រាប់បង្កើនសមត្ថភាពក្នុងការកសាង និងពង្រីកប្រតិបត្តិការបានជោគជ័យមួយចំណែកធំ។ ឧទាហរណ៍វប្បធម៍អភិវឌ្ឍខ្លួន ឬផ្នត់គំនិតក្នុងការទទួលយកភាពខុស និងត្រូវ ឬការកែតម្រូវជាដើម។
Technology: បច្ចេកវិទ្យាបានក្លាយទៅជាការប្រកួតប្រជែងដែលមិនអាចមើលស្រាលបានឡើយ។ កាន់តែប្រសើរបន្ថែមទៀតសម្រាប់ស្ថាប័ននោះ នៅពេលដែលថ្នាក់ដឹកនាំអាចច្របាច់បញ្ចូលបុគ្គលមានជំនាញ និងទេព្យកោសលជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក ដូចជា Data, AI, IOT ជាដើម។
Organization: រចនាសម្ព័ន្ធការងារច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវត្រឹមត្រូវ មិនមែនជាកិច្ចការងារដែលត្រូវធ្វើបណ្តោះអាសន្ន ឬតែក្នុងពេលចាប់ផ្តើមឬពេលចាំបាច់មានការកែប្រែនោះទេ។ដូច្នេះវាចាំបាច់ត្រូវបានរៀបចំឲ្យបានម៉ត់ចត់តាំងពីចាប់ពេលធ្វើដំណើរដំបូងឲ្យបានរួចរាល់ជាមុន។
Routines: ទំលាប់ និងការព្យាយាមអភិវឌ្ឍជាប្រចាំនៅគ្រប់ផ្នែកទាំងអស់ស្ថាប័នវាហាក់ដូចជាអ្នកទៅហាត់ប្រាណជាប្រចាំដូចគ្នាដែរ។ ប្រសិនបើមិនមានការធ្វើសកម្មភាពនេះជារៀងរាល់ថ្ងៃរៀងរាល់សប្តាហ៍រៀងរាល់ឆ្នាំទេនោះប្រាកដណាស់គុណភាពការងាររបស់ក្រុមការងារក៏នឹងធ្លាក់ចុះទៅតាមនោះដែរ។
នៅពេលមួយដែលក្រុមហ៊ុន ឬស្ថាប័នមួយអាចយល់ច្បាស់អំពី VECTOR និងរបៀបអនុវត្តនោះពួកគេនឹងអាចមានសមត្ថភាពកំណត់ និងតម្រឹមកិច្ចខិតខំប្រឹងប្រែងជាអប្បរិមានៅក្នុងការគ្រប់គ្រងអាជីវកម្មព្រមទាំងការតម្រឹមសម្រាប់ការគ្រប់គ្រងធនធានដែលនឹងចាំបាច់សម្រាប់ការបំពេញប្រតិបត្តិការងារ៕