បាត់ដំបង៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងជួសជុលផ្លូវបន្ថែមចំនួន ៧ខ្សែ ក្រាលកៅស៊ូ DBST ប្រវែងសរុប ១១គីឡូម៉ែត្រ ដោយប្រើថវិកាជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្រួលដល់អាជីវករ ពលរដ្ឋរស់នៅ និងធ្វើដំណើរតាមផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង។ ស្ថិតក្នុងដំណើរការអនុវត្ដគម្រោងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រព័ន្ធលូត្រូវរៀបចំធ្វើជាស្រេចដំណាលគ្នានឹងការស្ថាបនាផ្លូវតែម្ដង ដើម្បីបញ្ចៀសពាក្យថា «ដាក់លូកាយផ្លូវ កាយផ្លូវដាក់លូ»។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្ដបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែតុលា នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កាដូឆ្នាំថ្មី២០២៧ សម្រាប់អ្នកខេត្ដបាត់ដំបង គឺចាប់ផ្ដើមពីទទួលបានផ្លូវល្អជាបណ្ដើៗក្រោយពលរដ្ឋរងផលប៉ះទង្គិចផ្លូវចិត្ដរឿងសង្គ្រាមថៃទម្លាក់គ្រាប់ និងទឹកជំនន់បំផ្លាញផ្លូវមួយចំនួនពេលថ្មីៗនេះ។
តាមរយៈគម្រោងថ្មីនេះ ប្រព័ន្ធលូ និងផ្លូវមួយចំនួនបានធ្វើរួច តែគ្រោះទឹកជំនន់បានជះផលប៉ះពាល់ ទាំងដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធខ្លះដែលត្រូវស្ដារឡើងវិញចាប់ពីរដូវទឹកស្រក ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ។ នេះគ្រាន់តែជាគម្រោងបន្ថែមពីលើគម្រោងធំមួយទៀតដែលស្ថាបនាផ្លូវចំនួន ២១ខ្សែ ដោយក្រសួងសាធារណៈការ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍអាស៊ី(ADB) អនុវត្ដចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦។
បើតាមសម្ដេចធិបតី គម្រោងធំនេះ បានឈានដល់ដំណាក់កាលដេញថ្លៃចុងក្រោយ ដើម្បីធ្វើផ្លូវ អ៊ុតកៅស៊ូលើកំណាត់ផ្លូវសំខាន់ៗ បន្ទាប់ពីសម្រេចបាន ២ជំហានធំៗរួចហើយ គឺកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទីតាំងចាក់សំរាម។ ផ្លូវដែលត្រូវជួសជុលបន្ថែម និងដោយគម្រោងរបស់ ADB សរុបឡើងដល់ ២៨ខ្សែ នេះ ត្រូវអនុវត្ដភ្លាមៗចាប់ពីខែវិច្ឆិកា ដាច់ទឹកភ្លៀងតទៅ ហើយពលរដ្ឋនឹងទទួលបានកាដូនេះបណ្ដើៗ មុនឆ្នាំថ្មីចូលមក។

អភិបាលខេត្ដបាត់ដំបង ឯកឧត្ដម សុខ លូ បានបញ្ជាក់តាមរយៈបណ្ដាញសារព័ត៌មាន AMS ថា ផ្លូវដែលអនុម័តធ្វើបន្ថែមនេះ គឺស្ថិតនៅក្នុងក្រុងទាំងអស់ ហើយមិនមែនជាតម្រាយផ្លូវថ្មីនោះទេ គឺជាផ្លូវចាស់ត្រូវស្ដារឡើងវិញ។ ដោយឡែក ផ្លូវទាំង ២៨ខ្សែ នឹងធ្វើរួចរាល់ ១០០% នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ បង្កើតជាផ្លូវដ៏ស្អាត ងាយស្រួលសម្រាប់ពលរដ្ឋរស់នៅ លក់ដូរ និងធ្វើដំណើរ ហើយវាក៏ជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិឱ្យមកកម្សាន្ដនៅក្នុងបាត់ដំបងកាន់តែច្រើនដែរ។
បើតាមឯកឧត្ដមអភិបាលខេត្ដ អតីតកាលនៃផ្លូវទាំង ២៨ខ្សែនេះ មានសភាពទ្រុឌទ្រោម ពិបាកធ្វើដំណើរខ្លាំង ដោយខែវស្សារអិល មានភក់ជ្រាំ រីឯខែប្រាំងវិញ ហុយពិបាកទាំងអ្នកធ្វើដំណើរ និងអ្នករស់នៅអមសងខាងផ្លូវ។ ប៉ុន្ដែអាជ្ញាធរតែងតែបាញ់ទឹក ជួសជុលផ្លូវទាំងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរបណ្ដោះអាសន្ន ខណៈដែលគម្រោងស្ថាបនា បានអនុវត្ដចប់ជាជំហានៗ។ ចំពោះឯកឧត្ដមផ្ទាល់ ក៏ដូចជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានបង្ហាញការសាទរ និងសប្បាយរីករាយ ក្រោយពីមានប្រសាសន៍បញ្ជាក់របស់សម្ដេចធិបតីជុំវិញគម្រោងជួសជុលផ្លូវក្នុងក្រុង ខណៈក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏កំពុងខ្នះខ្នែងលើរឿងនេះ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content