ភ្នំពេញ ៖ បន្ទាប់ពីផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានសាងសង់រួចរាល់ គេសង្កេតឃើញថាអាជីវកម្មខ្នាតូចៗជាច្រើន ចាប់ផ្ដើមរីកដុះដាលនៅតាមបណ្ដោយផ្លូវនេះ ដោយភាគច្រើនជាអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមួយនេះ ។
ផ្លូវក្រវាត់ក្រុងទី ៣ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់ផ្លូវជាតិលេខ២១ ផ្លូវជាតិ២ លេខ៣ លេខ៤ និងបន្តតាមមហាវិថីឈ្នះឈ្នះទៅផ្លូវជាតិលេខ៥ និងទៅផ្លូវជាតិលេខ៦ ។ ផ្លូវនេះមានសារសំខាន់ណាស់ក្នុងការបញ្ជៀសការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរពីខេត្តមួយទៅខេត្តមួយដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ។
នៅតាមបណ្ដោយផ្លូវនេះដែរ គេឃើញមានអាជីវកម្មថ្មីៗមួយចំនួនចាប់ផ្ដើមធ្វើសកម្ម ដោយកាលពីមុនតំបន់ផ្លូវមួយនេះជាតំបន់ស្ងាត់ជ្រងំ និងមិនមានអ្នកណាហ៊ានធ្វើដំណើរនោះទេនៅពេលរាត្រី ហើយអាជីវកម្មដែលបើកដំណើរការនៅតាមបណ្ដោយផ្លូវនេះ មានដូចជាអាហារដ្ឋានចល័ត សម្រាប់បើកលក់នៅពេលរាត្រី មន្ទីរពេទ្យតូចៗ ក៏ដូចជាហាងលក់ទំនិញមួយចំនួនផងដែរ ។
ក្រៅពីនេះ ក៏ឃើញមានសកម្មភាពម្ចាស់ដីដែលនៅជាប់នឹងផ្លូវក្រវាត់ក្រុងទី ៣នេះ ចាប់ផ្ដើមចាក់ដីឱ្យស្មើនឹងផ្លូវដើម្បីរៀបចំជាឃ្លាំង ឬសំណង់រឹងមាំនៅតាមបណ្ដោយផ្លូវ ដោយរំពឹងថាមិនយូរទៀតទេ តំបន់តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣នឹងសំបូរអាជីវកម្មចម្រុះ ដោយនឹងមានមនុស្សទៅរស់នៅកាន់តែច្រើនកុះករដូចបណ្ដោយផ្លូវក្រវាត់ក្រុងទី១និងទី២ដែរ ។
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានមើលឃើញថា ការអភិវឌ្ឍផ្លូវក្រវាត់ក្រុងរបស់រដ្ឋាភិបាល គឺបានបង្កើននូវសកម្មភាពវិនិយោគនៅតំបន់ជាយក្រុង ជាក់ស្ដែងតាមបទពិសោធន៍កន្លងមកនៅពេលរដ្ឋាភិបាលសាងសង់ផ្លូវក្រវាត់ក្រុង១ និងទី២ ឃើញថាទទួលបានជោគជ័យខ្ពស់ ដោយឃើញសំណង់ផ្ទះល្វែង វីឡា និងអាជីវកម្មជាច្រើនបានបង្កើតនៅតាមបណ្ដោយផ្លូវនោះ និងបានធ្វើឱ្យផ្លូវនោះទាក់ទាញមនុស្សមករស់នៅកាន់តែច្រើន ។ អ្វីដែលជាការកត់សម្គាល់នោះ បានធ្វើឱ្យតម្លៃដីនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងមានសន្ទុះងើបឡើងមួយកម្រិតទៀតផងដែរ ។

លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate បានលើកឡើងថា តំបន់តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣នេះ មានសក្ដានុពលទៅលើការសាងសង់ឃ្លាំង និងរោងចក្រនាពេលបច្ចុប្បន្ននេះ ពីព្រោះថាទីតាំងតាមបណ្ដោយផ្លូវនេះ គឺងាយស្រួលក្នុងការដឹកជញ្ជូន ។ តំបន់ដែលទាក់ទាញខ្លាំងចន្លោះពីមហាវិថីឈ្នះឈ្នះទៅផ្លូវជាតិលេខ២ ហើយតំបន់នេះដែរក៏កំពុងមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនផងដែរ ។
លោកបន្តថា នៅពេលណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីនោះនឹងមានការទាក់ទាញលើការអភិវឌ្ឍ ហើយប្រជាពលរដ្ឋពីតំបន់នានាក៏នឹងចូលមករស់នៅនិងធ្វើអាជីវកម្មនៅតំបន់ថ្មី និងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង។ សម្រាប់ផ្លូវក្រវាត់ក្រុងទី៣នេះដែរ ក៏មានផ្លូវតភ្ជាប់ជាច្រើនដែលតចេញពីផ្លូវមួយនេះ ទៅកាន់តំបន់ផ្សេងៗទៀត ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content