ថ្វីត្បិតតែសកម្មភាពយោធាក្នុងប្រតិបត្តិការពិសេសរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានថ្កោលទោសដោយបណ្តាប្រទេសជាច្រើនលើពិភពលោក ជាពិសេសក្រុមប្រទេសលោកខាងលិច ប៉ុន្តែរយៈពេលជិត២ឆ្នាំកន្លងមកនេះលទ្ធផលដែលប្រទេសរុស្ស៊ីទទួលបានហាក់បីដូចជាមានភាពផ្ទុយស្រឡះទៅនឹងអ្វីដែលប្រទេសជាច្រើនតែងតែរំពឹងទុក។
ឆ្នាំ២០២២ បានបង្ហាញនូវភាពមិនច្បាស់លាស់នៃភាពរីកចម្រើនរបស់រុស្ស៊ីដោយសារជាបន្តបន្ទាប់សេដ្ឋកិច្ចត្រូវបានជាប់គាំងតាមរយៈការដាក់ទណ្ឌកម្ម និងការដកខ្លួនចេញនៃបណ្តាក្រុមហ៊ុនអន្តរជាតិស្ទើរតែទាំងអស់ និងការមមាញឹកក្នុងការរៀបចំយុទ្ធសាស្ត្រយោធាសមរភូមិជាមួយនឹងយោធាអ៊ុយក្រែនផង។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០២៣ស្ថានភាពបានផ្លាស់ប្តូរស្ទើរ១៨០ដឺក្រេ ទាំងនៅលើសមរភូមិយោធា និងសមរភូមិពាណិជ្ជកម្ម ដោយរដ្ឋាភិបាលទីក្រុងមូស្គូបានទទួលជោគជ័យយ៉ាងគួរឲ្យភ្ញាក់ផ្អើល ដណ្តើមបានទីតាំងកាន់កាប់ជាច្រើន និងធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិត្រឡប់មកវិញជាបន្តបន្ទាប់។

ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីកាលពីឆ្នាំ២០២២បានដាំក្បាលចុះដល់ ២,១ភាគរយ ប៉ុន្តែបានងើបមកវិញយ៉ាងមានសន្ទុះខ្លាំងក្លាដល់ទៅ ២,២ភាគរយដូចទៅនឹងអ្វីដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្លាប់បានអះអាងកាលពីរដូវក្តៅឆ្នាំ២០២៣ថា នឹងនាំឲ្យសេដ្ឋកិច្ចរុស្ស៊ីហក់ឡើងទៅតំណែងដ៏ខ្ពស់មួយក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក។
ជាក់ស្តែង អតីតរដ្ឋមន្ត្រីការបរទេសអូទ្រីស លោកស្រី Karin Kneissl បានលើកឡើងកាលពីចុងសប្តាហ៍កន្លងមកនេះថា អ្វីដែលជាការព្យាករណ៍របស់លោក Putin គឺជាការពិតតាមរយៈកំណើនសេដ្ឋកិច្ចបច្ចុប្បន្នរបស់រុស្ស៊ីគឺអាចវ៉ាដាច់អាល្លឺម៉ង់ក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្លាំងជាងគេទី៥របស់ពិភពលោកដោយផ្អែកលើអត្រានៃអំណាចនាំការបញ្ជាទិញ ឬហៅថា Purchasing Power Parity (PPP) ។

នៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយអ្នកកាសែត Flavio von Witzleben កាលពីពេលកន្លងមកនេះ លោកស្រី Kneissl បានវាយតម្លៃទៅលើលទ្ធផលរបស់រុស្ស៊ីកាលពីឆ្នាំមុន ដោយកត់សម្គាល់ថា រុស្ស៊ីបានទទួលលទ្ធផលខ្លាំងទាំងនៅលើសមរភូមិក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន និងទាំងទៅលើវិស័យសេដ្ឋកិច្ចផងដែរ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងឳកាសនៃការសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យថ្មីមួយកន្លែងនាទីក្រុងមូស្គូក៏បានធ្វើការប្រកាសគួរឲ្យរីករាយសម្រាប់ប្រទេសរុស្ស៊ីដែរថា សេដ្ឋកិច្ចដ៏រឹងម៉ាំកំពុងបន្តទាំងក្នុងឆ្នាំ២០២៣ ទាំងនៅក្នុងឆ្នាំ២០២៤។
មេដឹកនាំរុស្ស៊ីរូបនេះបានថ្លែងថា ៖
«យើងមិនដែលឃើញស្ថានភាពរុស្ស៊ីដូចនេះពីមុនមកទេ ខណៈពេលដែលយើងធ្លាប់រកចំណូលបានពីការលក់ប្រេង និងឧស្ម័ន ប៉ុន្តែឆ្នាំ២០២៣ គឺជាឆ្នាំដំបូងដែលវិស័យផលិតកម្មរបស់យើងរីកចម្រើនលឿនជាងមុន និងទទួលបានប្រាក់ចំណូលកាន់តែច្រើន។ វាមានន័យថាយើងកំពុងក្លាយជាសាក្សីនៃការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងសេដ្ឋកិច្ចរបស់យើងនៅក្នងពេលនេះ»។
លោក Putin បានទទួលស្គាល់ថា សេដ្ឋកិច្ចរបស់រុស្ស៊ីបានធ្លាក់ចុះកាលពីឆ្នាំ២០២២ ដល់ទៅ ២,១ភាគរយ ប៉ុន្តែជឿជាក់ថា នឹងមានកំណើនសរុប ៣,៥ភាគរយក្នុងឆ្នាំ២០២៣។ លើសពីនេះ អ្វីដែលគួរគួរឲ្យភ្ញាក់ផ្អើលនោះ លោកបានអះអាងថា វិស័យផលិតកម្មបានដើរតួជំនួសវិស័យថាមពលនៅក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិក្នុងរយៈពេលកន្លងមកនេះ។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content