ភ្នំពេញ ៖ នៅក្នុងខែឧសភាកន្លងទៅនេះ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេមានចំនួន៣ និងមានទុនសរុបជាង ៤៧១លានដុល្លារអាម៉េរិក ដោយក្នុងនោះរួមមាន ទី១៖គម្រោងពង្រីកផលិតកម្មផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង។ គម្រោងនេះមានទុនវិនិយោគបន្ថែមប្រមាណ ២៤៤លានដុល្លារអាម៉េរិក។
ទី២៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុគីមីសម្រាប់វិស័យឧស្សាហកម្ម មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ហ័រសាំង អ៊ិនធើណេសិនណាល ខេត្តស្វាយរៀង។ គម្រោងនេះមានទុនវិនិយោគ ប្រមាណ ២០លានដុល្លារអាម៉េរិក បង្កើតការងារចំនួន ៤៦១កន្លែង។
ទី៣ ៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព ១៥០មេហ្គាវ៉ាត់ មានទីតាំងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានទុនវិនិយោគប្រមាណ ២០៧លានដុល្លារអាម៉េរិក និងបង្កើតការងារជាង ១៤០កន្លែង។
គួរជម្រាបថា ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង៕