ភ្នំពេញ ៖ មន្ទីរពិសោធន៍ជាតិសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ដៃរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ ជាឧត្តមប្រយោជន៍ប្រជាជនកម្ពុជា ។
ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញក្ដីសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនាពេលនេះនឹងជួយឱ្យមន្ទីរពិសោធន៍សំណង់នៃក្រសួងទាំងពីរកាន់តែត្រូវបានពង្រឹងស្តង់ដារ គុណភាព សុវត្ថិភាព សោភ័ណភាព និងមានការកំណត់សម្ភារៈបរិក្ខារសំណង់ឱ្យបានច្បាស់លាស់លើសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងអស់បន្ថែមទៀតដើម្បីបង្កើនជំនឿទុកចិត្តដល់មហាជនទូទៅអាចទទួលយកបាន។

ឯកឧត្តមបានបញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នានាពេលនេះ គឺពិតជាមានសារៈសំខាន់សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលការងារនេះទាក់ទិនទៅនឹងយុទ្ធសាស្ត្ររួមរបស់ក្រសួងដែលបានដាក់ចេញគឺការពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្នុងនោះគឺការធ្វើសមាហរណកម្មឱ្យត្រូវគ្នារវាងស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ។
ឯកឧត្តម បានចាត់ទុកការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះថា ជាការដកនូវរបាំងការងារមួយដ៏ធំរវាងក្រសួងទាំងពីរដោយជំនួសមកវិញនូវរបៀបរបបការងាររួម ដោយស្ថាប័ននីមួយៗទទួលខុសត្រូវរៀងៗខ្លួន ប៉ុន្តែវាធ្វើឱ្យកាន់តែមានភាពងាយស្រួលជាងមុនដល់អតិថិជនរបស់ខ្លួន។ ជាមួយនេះ ក្រសួងទាំងពីរនឹងកំណត់ស្តង់ដារួមពីសំណង់សាធារណៈ និងសំណង់ស៊ីវិល និងឈានទៅកសាងលិខិតបទដ្ឋានគតិយុត្តិរួម ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ ជាឧត្តមប្រយោជន៍ប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា កន្លងមក មន្ទីរពិសោធន៍សំណង់ និងសាធារណការ បានខិតខំធ្វើយ៉ាងណាដើម្បីស្ថាបនាផ្លូវឱ្យមានស្តង់ដារគុណភាព និងមានការទទួលស្គាល់ពីស្ថាប័នរដ្ឋ និងវិស័យឯកជន។

តាមរយៈកិច្ចសហប្រតិបត្តិការនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ពិតជានឹងជួយឱ្យមន្ទីរពិសោធន៍សំណង់នៃក្រសួងទាំងពីរកាន់តែត្រូវបានពង្រឹងស្តង់ដារ គុណភាព សុវត្ថិភាព សោភ័ណភាព និងមានការកំណត់សម្ភារៈបរិក្ខារសំណង់ឱ្យបានច្បាស់លាស់លើសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងអស់បន្ថែមទៀតដើម្បីបង្កើនជំនឿទុកចិត្តដល់មហាជនទូទៅអាចទទួលយកបាន៕

















វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content