ភ្នំពេញ ៖ ហ៊ីប៉ូតែក និង បញ្ចាំ គឺសំដៅលើការយកអចលនវត្ថុទៅដាក់ធានាដើម្បីទទួលបានកម្ចីមកប្រើប្រាស់ ប៉ុន្តែលក្ខណៈពិសេសរបស់ហ៊ីប៉ូតែក និងបញ្ចាំ មានភាពខុសគ្នាបើទោះបីជាទាំងពីរនេះ សំដៅលើការដាក់ធានាដើម្បីទទួលបានប្រាក់កម្ចីដូចគ្នាក៏ដោយ ។
ហ៊ីប៉ូតែក គឺជាពាក្យបច្ចេកទេសច្បាប់ និងហិរញ្ញវត្ថុ (ពាក្យកម្ចីពីភាសាបារាំង) សំដៅការដាក់បញ្ចាំ ឬការដាក់ធានាកាតព្វកិច្ចការខ្ចីប្រាក់ដោយប្រើប្រាស់អចលនទ្រព្យដូចជា ដីធ្លី ផ្ទះសម្បែង ឬអគារជាដើមប៉ុន្តែម្ចាស់អចលនវត្ថុ ដែលជាកូនបំណុលនៅតែមានសិទ្ធិអាស្រ័យផល និងកាន់កាប់អចលនវត្ថុនៃហ៊ីប៉ូតែកនោះដដែលបាន ។
ហ៊ីប៉ូតែក គេអាចបង្កើតបានច្រើនដង ដោយយកអចលនវត្ថុតែមួយនោះមកធ្វើជាកម្មវត្ថុធានា ហើយកូនបំណុលដែលជាម្ចាស់អចលនវត្ថុនោះ នៅតែមានសិទ្ធិកាន់កាប់ និងអាស្រ័យលើអចលនវត្ថុដែលជាកម្មវត្ថុនៃហ៊ីប៉ូតែកដដែល ។ មានន័យថា ម្ចាស់បំណុលមិនអាចយកអចលនវត្ថុដែលបង្កើតហ៊ីប៉ូតែកនោះមកកាន់កាប់ ឬអាស្រ័យផលបានឡើយ ។ ម្ចាស់បំណុលមានការធានាតាមរយៈការចុះបញ្ជី ។

ចំណែកការបញ្ចាំវិញ ក៏ជាការយកអចលនវត្ថុមកដាក់ធានាដើម្បីទទួលបានប្រាក់កម្ចីដូចគ្នា ប៉ុន្តែម្ចាស់សិទ្ធិនៃការបញ្ចាំ ពោលគឺម្ចាស់បំណុល មានសិទ្ធិ មានឱកាសក្នុងការកាន់កាប់គ្រប់គ្រង និងអាស្រ័យផលលើអចលនវត្ថុ ឬចលនវត្ថុនោះ ។ ក្នុងន័យនេះ ការបញ្ចាំ តម្រូវឱ្យកូនបំណុលត្រូវផ្ទេរការកាន់កាប់វត្ថុដែលជាកម្មវត្ថុនៃសិទ្ធិលើការបញ្ចាំទៅឱ្យម្ចាស់បំណុល ដែលម្ចាស់បំណុលមានសិទ្ធិគ្រប់គ្រង និងកាន់កាប់ និងអាស្រ័យផលលើកម្មវត្ថុនៃសិទ្ធិលើការបញ្ចាំ ។ ចំពោះការប្រើប្រាស់អាស្រ័យផល អាចជាការទូទាត់គ្នាតាមរយៈការប្រាក់អាស្រ័យទៅលើការព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងកូនបំណុល ឧទាហរណ៍ជាក់ស្ដែងថា កូនបំណូលម្នាក់បានយកដីស្រែមួយកន្លែង ទៅដាក់បញ្ចាំ ក្នុងរយៈពេល១ឆ្នាំ២ឆ្នាំ ឬរយៈណាមួយតាមការព្រមព្រៀង ហើយក្នុងមួយឆ្នាំ ដីស្រែនោះអាចផ្ដល់ទិន្នផលជាស្រូវបានមួយចំនួន ដែលលក់បានទឹកប្រាក់មួយចំណែក អាចទូទាត់ជាការប្រាក់ ឬប្រាក់ដើម តាមការព្រមព្រៀងគ្នាមុនពេលមានដាក់បញ្ចាំ ។
សរុបសេចក្ដីមក ភាពខុសគ្នារវាងហ៊ីប៉ូតែក និងបញ្ចាំ គឺត្រង់ហ៊ីប៉ូតែក មិនត្រូវបានផ្ទេរការកាន់កាប់ទេ ដូច្នេះ វត្ថុដែលម្ចាស់អចលនវត្ថុជាកូនបំណុលបានយកទៅធ្វើហ៊ីប៉ូតែកនៅតែមានសិទ្ធិគ្រប់គ្រងកាន់កាប់ និងអាស្រ័យផលដដែល ។

បើតាម លោក សៅ វ៉ារី ប្រធាននាយកដ្ឋានអភិរក្សសុរិយោដី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងថា បើទោះបីជាម្ចាស់បំណុលមិនមានសិទ្ធិកាន់កាប់លើអចលនវត្ថុដែលធ្វើហ៊ីប៉ូតែកនោះក៏ដោយ តែម្ចាស់បំណុលអាចយកទៅតតាំង ក្នុងនោះកូនបំណុលបានយកអចលនវត្ថុដែលជាកម្មវត្ថុនៃហ៊ីប៉ូតែកនោះ ផ្ទេរទៅតតិយជន ។ ឧទាហរណ៍ថា ក្នុងពេលអចលនវត្ថុដែលជាកម្មវត្ថុនៃហ៊ីប៉ូតែក ត្រូវបានកូនបំណុលយកទៅលក់ ដោយផ្ទេរ ឬធ្វើអនុប្បទានទៅឱ្យតតីយជន ម្ចាស់បំណុលនៃហ៊ីប៉ូតែកនោះ នៅតែមានសិទ្ធិប្រតិភោគនៅលើវត្ថុនោះដដែល ដោយម្ចាស់បំណុលមានអានុភាពមួយដែលគេហៅថាអានុភាពតាម ។ ដូច្នេះ អ្នកទទួលបានការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុនោះ គឺត្រូវទទួលខុសត្រូវចំពោះបំណុលដែលម្ចាស់អចលនវត្ថុដើមបានខ្ចីពីម្ចាស់បំណុល ។
លោកបន្តថា ក្នុងករណីនេះ បើសិនជាអ្នកទទួលបានការផ្ទេរមិនអនុវត្តសងបំណុលទៅតាមកិច្ចសន្យាក្នុងរយៈពេលណាមួយ ម្ចាស់បំណុល ដូចជាធនាគារ ឬមីក្រូហិរញ្ញវត្ថុស្របច្បាប់ អាចមានសិទ្ធិលក់ឡៃឡុងទ្រព្យនៃកម្មវត្ថុហ៊ីប៉ូតែកនោះដើម្បីយកប្រាក់កម្ចីរបស់ខ្លួនត្រលប់មកវិញ សល់ប៉ុន្មានគឺប្រគល់ជូនទៅម្ចាស់កម្មសិទ្ធិអចលនទ្រព្យនោះ ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content