បរទេស៖ ភាពប្រឈមមុខដាក់គ្នាផ្នែកយោធា និងភាពតានតឹងរវាងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ជាមួយអាម៉េរិក និងអ៊ីស្រាអែល កើតឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលជម្លោះនាពេលនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើឆាកអន្តរជាតិ។
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយបានគូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំ គឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក។ បើក្រឡេកទៅមើលប្រវត្តិសាស្ត្រកាលពីជាង ២,០០០ ឆ្នាំមុន អ៊ីរ៉ង់ធ្លាប់ជាមហាអំណាចស៊ីវិល័យដ៏រុងរឿងមួយ ដែលគ្រប់គ្រងទឹកដីស្ទើរតែទាំងស្រុងនៃតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល។ នៅដើមសតវត្សរ៍ទី ១៩ ភាពចុះខ្សោយនៃរាជវង្ស Kajar បានធ្វើឱ្យប្រទេសនេះក្លាយជាសមរភូមិដណ្តើមឥទ្ធិពលរវាងចក្រភពរុស្ស៊ី និងចក្រភពអង់គ្លេស។ រុស្ស៊ីបង្ខំឱ្យអ៊ីរ៉ង់ចុះសន្ធិសញ្ញាប្រគល់ទឹកដី និងសិទ្ធិគ្រប់គ្រងយោធានៅសមុទ្រកាសព្យែនមកឱ្យខ្លួន ខណៈដែលចក្រភពអង់គ្លេសលូកដៃដើម្បីការពារអាណានិគមរបស់ខ្លួននៅឥណ្ឌា ដែលព្រឹត្តិការណ៍ប្រជែងឥទ្ធិពលបែបនេះត្រូវបានគេស្គាល់ថា ជា «The Great Game»។ នៅក្នុងឆ្នាំ១៨៩០ ដើម្បីរក្សាការរស់នៅដ៏ស៊ីវិល័យរបស់អ៊ីរ៉ង់ ព្រះចៅអធិរាជ Shah បានលក់សិទ្ធិផ្តាច់មុខលើវិស័យឧស្សាហកម្មសំខាន់ៗទៅឱ្យបរទេស ដូចជា អង់គ្លេស មានសិទ្ធិផ្តាច់មុខលើការធ្វើពាណិជ្ជកម្មថ្នាំជក់រយៈពេល ៥០ ឆ្នាំ។ បញ្ហានេះបង្កើតជាភ្លើងកំហឹងដំបូងបង្អស់របស់ប្រជាជនអ៊ីរ៉ង់ប្រឆាំងនឹងជនបរទេស។
ក្រោយមកនៅឆ្នាំ១៩០៨ ការរកឃើញប្រេងឆៅយ៉ាងសន្ធឹកសន្ធាប់បានផ្លាស់ប្តូរវាសនារបស់អ៊ីរ៉ង់ទាំងស្រុងទៅជាឃ្លាំងថាមពលដ៏សំខាន់បំផុតសម្រាប់កងទ័ពជើងទឹកអង់គ្លេស។ អង់គ្លេសបានបង្កើតក្រុមហ៊ុនប្រេងធំមួយ (បច្ចុប្បន្នជាក្រុមហ៊ុន BP) ដើម្បីបូមយកធនធានប្រេងឆៅពីអ៊ីរ៉ង់ ដោយបែងចែកប្រាក់ចំណេញត្រឡប់ទៅឱ្យម្ចាស់ស្រុកវិញត្រឹមតែ ១៦ ភាគរយប៉ុណ្ណោះ។ ភាពអយុត្តិធម៌នេះបានជំរុញឱ្យនាយករដ្ឋមន្ត្រីកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងគេបង្អស់គឺលោក Mohammad Mossadegh សម្រេចប្រកាសដកហូតអាជីវកម្មប្រេងពីបរទេសមកឱ្យរដ្ឋគ្រប់គ្រងវិញក្នុងឆ្នាំ ១៩៥១។ ជាការឆ្លើយតបដើម្បីការពារផលប្រយោជន៍ប្រេង និងទប់ស្កាត់ការរីករាលដាលនៃឥទ្ធិពលសូវៀតក្នុងសម័យសង្រ្គាមត្រជាក់ ទីភ្នាក់ងារចារកម្មកណ្តាលអាម៉េរិក (CIA) និងចារកម្មអង់គ្លេសចូលដៃសហការគ្នាចំណាយលុយរៀបចំរដ្ឋប្រហារផ្តួលរំលំលោក Mossadegh និងលើកព្រះចៅ Shah ឱ្យឡើងកាន់អំណាចផ្តាច់ការវិញក្នុងឆ្នាំ ១៩៥៣ ។ ចាប់ពីពេលនោះមក ការលូកដៃរបស់អាម៉េរិកបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រៅ និងការបាត់បង់ទំនុកចិត្តទាំងស្រុងពីសំណាក់ប្រជាជនអ៊ីរ៉ង់ចំពោះលទ្ធិប្រជាធិបតេយ្យបែបលោកខាងលិច។
ការដើរតាមគន្លងលោកខាងលិចជ្រុលហួសហេតុរបស់ព្រះចៅ Shah និង ការគ្រប់គ្រងប្រទេសបែបផ្តាច់ការធ្វើឱ្យកំហឹងប្រជាជនពុះកញ្ជ្រោលកាន់តែខ្លាំងឡើង។ នៅឆ្នាំ ១៩៧៩ មេដឹកនាំសាសនាឥស្លាមលោក Ayatollah Khomeini បានដឹកនាំប្រជាជនរាប់លាននាក់ធ្វើបដិវត្តន៍ឥស្លាម ដើម្បីបណ្តេញព្រះចៅ Shah ចេញពីប្រទេស និងកែប្រែប្រទេសទៅសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ដើម្បីធានាថាមហាអំណាចបរទេសជាពិសេសអាម៉េរិក មិនអាចធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាថ្មីទៀតបាន លោក Khomeini បង្កើតប្រព័ន្ធគ្រប់គ្រងរដ្ឋមួយដ៏ស្មុគស្មាញ និងរឹងមាំបំផុត គឺអំណាចកំពូលស្ថិតលើមេដឹកនាំសាសនា។ មេដឹកនាំកំពូលនេះមានអំណាចលើសពីស្ថាប័នប្រជាធិបតេយ្យទាំងអស់ដូចជាសភា និងប្រធានាធិបតីជាដើម។ អ៊ីរ៉ង់មិនត្រឹមតែមានកងទ័ពការពារព្រំដែនធម្មតានោះទេ ប៉ុន្តែក៏បានបង្កើតកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ដែលជាកងទ័ពពិសេសបង្កើតឡើងក្នុងគោលបំណងតែមួយគត់គឺ ការពាររបបដឹកនាំមួយនេះ។ លើសពីនេះ អ៊ីរ៉ង់បង្កើតប្រព័ន្ធឈ្លបត្រួតពិនិត្យផ្ទៃក្នុងគឺកងជីវពលស្ម័គ្រចិត្ត Basij នៅគ្រប់ភូមិ ឬតំបន់ ដើម្បីតាមដាន និងបង្ក្រាបរាល់ចលនាបះបោរក្នុងស្រុក។
ក្រុមអ្នកជំនាញ កត់សម្គាល់ថា ប្រព័ន្ធដឹកនាំរបស់អ៊ីរ៉ង់ដែលរក្សាបានរហូតមកដល់បច្ចុប្បន្ននេះត្រូវបានបង្កើតឡើងដើម្បីការពារការធ្វើរដ្ឋប្រហារ។ ប្រសិនបើមេដឹកនាំជាន់ខ្ពស់ ១០០ នាក់ត្រូវបានធ្វើឃាត នោះនឹងមានមនុស្ស ១០០ នាក់ផ្សេងទៀតដែលត្រូវបានរៀបចំទុកជាស្រេចដើម្បីឡើងមកជំនួសតំណែងភ្លាមៗ។ ទោះបីជារបបសាសនានេះមានរចនាសម្ព័ន្ធការពារខ្លួនរឹងមាំយ៉ាងណាក៏ដោយ ក៏ការស្ទង់មតិមួយចំនួនបានបង្ហាញថា ប្រជាជនអ៊ីរ៉ង់ប្រមាណ ៨០ ភាគរយលែងមានជំនឿចិត្តលើរបបដឹកនាំបច្ចុប្បន្ននេះទៀតហើយ។ ប្រជាជនអ៊ីរ៉ង់ជាច្រើនជាពិសេសយុវជនជំនាន់ក្រោយ កំពុងរស់នៅក្នុងសភាពជាប់គាំង ដោយសារពួកគេកំពុងនៅចន្លោះកណ្តាលរវាងការរឹតត្បិតសេរីភាពពីរដ្ឋាភិបាលខ្លួនឯងផង និងការរងគ្រោះដោយសារទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីសំណាក់អាម៉េរិក និងលោកខាងលិចផង។ យ៉ាងណាមិញ ក្រុមអ្នកជំនាញសន្និដ្ឋានថា ដរាបណាអាម៉េរិក និងសម្ព័ន្ធមិត្តនៅតែមិនយល់ពីជម្រៅនៃប្រវត្តិសាស្ត្រការឈឺចាប់ និងការរៀបចំរចនាសម្ព័ន្ធការពារខ្លួនដ៏រឹងមាំរបស់អ៊ីរ៉ង់ទេនោះ រាល់កិច្ចប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិនយោបាយនៅមជ្ឈិមបូព៌ានឹងបន្តអូសបន្លាយពេលគ្មានទីបញ្ចប់៕




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content