បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុនហ៊ុយ នឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិនចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ បន្ទាប់ពីមេដឹកនាំ គីម ជុងអ៊ុន បានចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំនៅទីក្រុងប៉េកាំងកាលពីប៉ុន្មានសប្តាហ៍មុននេះ។

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសនៃកូរ៉េខាងជើង លោកស្រី ឆូ សុនហ៊ុយ នឹងធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា បន្ទាប់ពីមានការអញ្ជើញពីអ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំង លោក Wang Yi ។ កាលពីដើមខែកញ្ញានេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំងថា គាត់មានឆន្ទៈរឹងមាំក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណោះ វាគឺជាសកម្មភាពដ៏កម្រមួយដែលមេដឹកនាំកូរ៉េខាងជើងធ្វើដំណើរទៅក្រៅប្រទេស ហើយចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់លោក ជាមួយនឹងវត្តមានប្រធានាធិបតីរុស្ស៊ី Vladimir Putin ចូលរួមនៅក្នុងក្បួនដង្ហែយោធាដ៏ធំមួយរបស់ចិន ដើម្បីរំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។

មេដឹកនាំកូរ៉េខាងជើងបានលើកឡើងថា ទីក្រុងព្យុងយ៉ាងនឹងគាំទ្រ និងលើកទឹកចិត្តជានិច្ចចំពោះជំហរ និងការខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។ ទន្ទឹមនឹងនោះ ប្រធានាធិបតីចិន Xi បានលើកឡើងថា ប្រទេសទាំងពីរគួរតែពង្រឹងការសម្របសម្រួលលើកិច្ចការអន្តរជាតិ និងការពារផលប្រយោជន៍រួមរបស់ពួកគេ។
គួរឲ្យបញ្ជាក់ដែរថា ទំនាក់ទំនងរបស់ចិនជាមួយកូរ៉េខាងជើងចាប់ផ្តើមឡើងក្នុងកំឡុងសង្គ្រាមកូរ៉េទសវត្សរ៍ឆ្នាំ១៩៥០ ហើយទីក្រុងប៉េកាំងគឺជាអ្នកគាំទ្រដ៏សំខាន់ផ្នែកការទូត សេដ្ឋកិច្ច និងនយោបាយសម្រាប់ប្រទេសដ៏ឯកោមួយនេះ។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងកំពុងខិតទៅជិតរុស្ស៊ីនាពេលថ្មីៗនេះ ដោយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកកាលពីឆ្នាំមុន ខណៈដែលទាហានកូរ៉េខាងជើងកំពុងប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content