បរទេស ៖ ផ្អែកតាមទិន្នន័យផ្លូវការដែលត្រូវបានបង្ហាញដោយរដ្ឋាភិបាលនៃប្រទេសសិង្ហបុរី នៅក្នុងសប្តាហ៍នេះបានឲ្យដឹងថា ទំហំនៃការនាំចេញផលិតផលទាំងអស់ លើកលែងតែប្រេង (non-oil) បានធ្លាក់ចុះក្នុងកម្រិតមួយគួរឲ្យព្រួយបារម្ភ និងមិនធ្លាប់មាន។ ជាក់ស្ដែង គិតត្រឹមខែកក្កដា ក្រោយការសម្រេចចូលជាធរមាននូវពន្ធគយថ្មីពីសហរដ្ឋអាម៉េរិក បានធ្វើឲ្យការនាំចេញរបស់សិង្ហបុរី ធ្លាក់ចុះប្រមាណជា ៤,៦ភាគរយ ធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅដោយក្នងនោះគិតត្រឹមតែទីផ្សារទៅកាន់ប្រទេសអាម៉េរិកប៉ុណ្ណោះ បានធ្លាក់ចុះដល់ទៅជាង៤០ភាគរយ។
សិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី២នៅអាស៊ីអាគ្នេយ៍ និងក្នុងនាមជាប្រទេសពឹងផ្អែកខ្លាំងទៅលើការនាំចេញ ក៏ដូចជាការធ្វើពាណិជ្ជកម្មជាមួយនឹងអន្តរជាតិ គឺមានភាពប្រឈមទៅនឹងការងាយរងគ្រោះដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាអត្រាពន្ធគយថ្មីរបស់អាម៉េរិកផងដែរ។

កាសែត AFP បានសរសេរថា បើទោះជាសិង្ហបុរីទទួលបានអត្រាពន្ធគយគោលតែត្រឹមតែ១០ភាគរយក្តី ប៉ុន្តែសិង្ហបុរី បានក្លាយជាគោលដៅដែលមានជាប់ពាក់ព័ន្ធទៅនឹងមុខទំនិញសំខាន់មួយចំនួនដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនកំពុងរឹតបន្តឹងយ៉ាងខ្លាំង។ ជាក់ស្ដែង កាលពីដើមខែសីហាកន្លងទៅនេះ រដ្ឋបាលលោកប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសដាក់បន្ទុកពន្ធគយដល់ទៅ១០០ភាគរយចំពោះគ្រប់ផលិតផលបន្ទះឈីបដែលមិនមានការវិនិយោគ និងរោងចក្រនៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ហើយមិនត្រឹមតែប៉ុណ្ណោះក៏គំរាមយកពន្ធដល់ទៅ២៥០ភាគរយសម្រាប់ប្រភេទផលិតផលជាថ្នាំពេទ្យផងដែរ។
រដ្ឋាភិបាលសិង្ហបុរីនៅថ្ងៃចន្ទសប្ដាហ៍នេះបានបញ្ជាក់ដែរថា ការធ្លាក់ចុះនៃទំហំនាំចេញរហូតដល់ប្រមាណជា ៤២,៧ភាគរយកាលពីខែកក្កដា គឺកើតឡើងដោយសារតែការនាំចេញផលិតផលជាឧិសថរបស់សិង្ហបុរីទៅកាន់អាម៉េរិកដាំក្បាលចុះដល់ទៅ ៩៣,៥ភាគរយ។ ក្រៅពីនោះ គេក៏សង្កេតឃើញមានការធ្លាក់ចុះនៃប្រភេទផលិតផលផ្សេងទៀតដូចជា ប្រមាណ ៤៥,៨ភាគរយទៅលើគ្រឿងម៉ាស៊ីនទំនើប និងប្រមាណជា ៤៨,៨ភាគរយទៅលើប្រភេទអាហារវេចខ្ចប់។

យ៉ាងណាក្តី ការនាំចេញផលិតផលមិនមែនប្រេងរបស់សិង្ហបុរី ទៅកាន់ទីផ្សារប្រទេសផ្សេងទៀតក៏មានការធ្លាក់ចុះដូចជាគ្នា ដូចជា ទីផ្សារប្រទេសចិន និងឥណ្ឌូនេស៊ី ដែលជាទីផ្សារធំបន្ទាប់ពីអាម៉េរិក ខណៈដែលការនាំចេញទៅកាន់តំបន់អឺរ៉ុប តៃវ៉ាន់ កូរ៉េខាងត្បូង និងហុងកុង មានការកើនឡើងតិចតួចបំផុត។ គួរឲ្យដឹងដែរថា បើទោះជាទិន្នន័យនៃការនាំចេញមានការធ្លាក់ចុះ ប៉ុន្តែ សិង្ហបុរី នៅតែមានសុទិដ្ឋិនិយមទៅលើកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនដដែល ហើយអាចសម្រេចទៅបានលើសពីឆ្នាំកន្លងទៅថែមទៀតផង៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content