អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ។
អិលអូអិលស៊ី ដែលជាស្ថាប័នហិរញ្ញវត្ថុដំបូងគេ បានដាក់ចេញផលិតផលឥណទានថ្មីមានឈ្មោះថា “ឥណទានមាសកើនទ្រព្យ” ដំបូងគេបង្អស់នៅក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ចាប់តាំងពីត្រីមាសទី១ ប្រចាំឆ្នាំ២០២៦ ហើយទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកប្រើប្រាស់មកលើផលិតផល «ឥណទានមាសកើនទ្រព្យ» នេះ ។
លោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយ អិលអូអិលស៊ី មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃសំខាន់មួយដែល អិលអូអិលស៊ី បានចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុទៅដល់អតិថិជន ធ្វើយ៉ាងណាឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើង ដែលជាហេតុនាំឱ្យមានការដាក់ឱ្យប្រើប្រាស់ «ឥណទានមាសកើនទ្រព្យ» នៅសាខាទី១០ ទួលគោកថ្ងៃនេះ។
គោលបំណងនៃការដាក់ដំណើរការថ្ងៃនេះ គឺដើម្បីចូលរួមចំណែកឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្នុងករណីដែលត្រូវការប្រើប្រាស់សាច់ប្រាក់បន្ទាន់ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់អាជីវកម្ម ។ លោកថា ផលិតផលមួយនេះផ្តល់ភាពងាយស្រួលដល់អតិថិជន ឆ្លើយតបនឹងតម្រូវការភ្លាមៗប្រសិនបើមានតម្រូវការចាំបាច់ ដែលនេះហើយជាភាពខុសប្លែកពី ផលិតផលផ្សេងៗ ក្នុងដំណើរការមានភាពរហ័សទាន់ចិត្ត ហើយនឹងមានសុវត្ថិភាព។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ អិលអូអិលស៊ី សម្រេចផ្តល់ឥណទានរយៈពេល ០៦ ខែ សម្រាប់អ្នកដែលត្រូវការសាច់ប្រាក់បន្ទាន់ ដែលផ្តល់ជូនជារូបិយប័ណ្ណប្រាក់រៀលនិងប្រាក់ដុល្លារ និងមានអត្រាការប្រាក់សមរម្យសម្រាប់មាស ឬផ្លាកទីន ដែលមានទឹក ៦.៧ ឡើងរហូតដល់មាសទឹក ១០។ នៅពេលដែលអតិថិជនយកមាសទៅដាក់ អិលអូអិលស៊ី នឹងថ្លឹងដោយប្រើប្រាស់បច្ចេកទេសអមជាមួយម៉ាស៊ីន ។ កាន់តែពិសេស! អតិថិជន ក៏អាចបង់ផ្តាច់វិញបានភ្លាមមិនមានការពិន័យ ដោយគ្រាន់តែជូនដំណឹងមុនរយៈពេលមួយថ្ងៃប៉ុណ្ណោះ។
ចំពោះការដាក់ឥណទានមាស ត្រូវបានកំណត់តម្លៃធ្វើឡើងទៅតាមតម្លៃទីផ្សារមាសប្រចាំថ្ងៃ និងយោងទៅលើទីផ្សារអន្តរជាតិ ។ ដោយអតិថិជនអាចទទួលសាច់ប្រាក់ក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ ជាពិសេសសម្រាប់ទុនបង្វិលក្នុងអាជីវកម្ម។
អិលអូអិលស៊ី នឹងបន្តពង្រីកវិសាលភាពតាមរយៈការដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាបន្តបន្ទាប់នៅតាមបណ្តាសាខា អិលអូអិលស៊ី ផ្សេងៗទៀតទូទាំងប្រទេស។ ពោលនឹងដាក់ឱ្យប្រើប្រាស់ ៨៣សាខាទូទាំងប្រទេសនៅត្រឹមដំណាច់ឆ្នាំ ២០២៦៕














វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content