ភ្នំពេញ៖ ការអភិវឌ្ឍខុនដូនៅក្នុងប្រទេសកម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាង ១ ទសវត្សរ៍កន្លងមកនេះ ដោយវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសបានសម្រុកអភិវឌ្ឍ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ប៉ុន្តែសម្រាប់អតិថិជនដែលមានតម្រូវការខុនដូនៅកម្ពុជា ភាគច្រើនជាអតិថិជនបរទេស ខណៈអតិថិជនក្នុងស្រុកមានចំនួនតិចតួចប៉ុណ្ណោះ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានមើលឃើញថា សម្រាប់ទីផ្សារខុនដូនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនទាន់អាចទាក់ទាញអតិថិជនជាពលរដ្ឋកម្ពុជាបាននៅឡើយ ពីព្រោះថាពលរដ្ឋកម្ពុជាមួយចំនួនធំនៅតែបន្តមាននិន្នាការរស់នៅក្នុងផ្ទះជាប់ដី ដូចជាបុរី ផ្ទះល្វែង និងវីឡាជាដើម។ ប៉ុន្តែយុវជនជំនាន់ថ្មី ដែលគេនិយមហៅថា យុវជន Gen Z ឬ Gen អាល់ហ្វា អាចជាអតិថិជនដែលមានសក្ដានុពលសម្រាប់ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា។
កញ្ញា សុខ ហេងពេជ្រមុន្នី អ្នកគ្រប់គ្រងសេវាកម្មលក់រាយ របស់ក្រុមហ៊ុនអចលនទ្រព្យ Advantage Property Services ( APS ) បានថ្លែងប្រាប់បណ្ដាព័ត៌មាន AMS ឱ្យដឹងថា ទីផ្សារខុនដូ នៅកម្ពុជាបច្ចុប្បន្ននេះ នៅតែពឹងលើទីផ្សារបរទេស ដោយសារពលរដ្ឋកម្ពុជាមួយចំនួនធំនៅតែនិយមរស់នៅក្នុងផ្ទះជាប់ដី ដូច្នេះហើយទើបក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្ទះជាប់ដីនៅតែបន្តអភិវឌ្ឍន៍ ជាពិសេសបុរី។
យ៉ាងណាក្ដី កញ្ញា សុខ ហេងពេជ្រមុន្នី បានថ្លែងដូច្នេះថា៖
“យើងទាំងអស់គ្នាបានមើលឃើញថា ទីផ្សារខុនដូនៅកម្ពុជាកំពុងមានការចាប់អារម្មណ៍ពីសំណាក់យុវជនជំនាន់ថ្មី GenZ ឬ Gen អាល់ហ្វា ដែលជាអតិថិជនគោលដៅ។”
កញ្ញាបានឱ្យដឹងទៀតថា យុវជនជំនាន់ក្រោយភាគច្រើន ចូលចិត្តរស់នៅបែបទំនើប និងចង់ផ្លាស់ប្តូរជីវិតក្នុងការរស់នៅបែបសម័យថ្មី ដោយឃើញថា អតិថិជនក្នុងស្រុកទិញខុនដូសម្រាប់ស្នាក់នៅភាគច្រើនជាអ្នកទើបរៀបការថ្មីថ្មោង និងជាអ្នកដែលធ្លាប់ទៅសិក្សា ឬធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស។
កញ្ញា បានបន្តថា ក្រុមមនុស្សទាំងនេះហើយ គឺជាសក្ដានុពលសំខាន់បំផុតសម្រាប់ទីផ្សារខុនដូ ហើយមិនយូរទៀតទេ ពលរដ្ឋខ្មែរកាន់តែច្រើននឹងចាប់ផ្ដើមភ្លក់រសជាតិក្នុងការរស់នៅខុនដូដូចបរទេសដែរ។
កញ្ញាបានបន្ថែមថា ទន្ទឹមនឹងពលរដ្ឋខ្មែរចាប់ផ្ដើមមានការចាប់អារម្មណ៍លើការរស់ក្នុងខុនដូបណ្ដើរៗ អ្នកអភិវឌ្ឍន៍ឬម្ចាស់អគារខុនដូ គួរតែធ្វើអ្វីម្យ៉ាង ដើម្បីទាក់ទាញពួកគាត់បន្ថែម ដូចជាការតុបតែងដេគ័រក្នុងបន្ទប់នីមួយៗឱ្យហើយជាស្រេច ដូច្នេះនៅពេលពួកគាត់ស្វែងរកទិញបន្ទប់ខុនដូ ហើយឃើញក្នុងបន្ទប់មានការតុបតែងរួចជាស្រេច នោះអាចនឹងជំរុញចិត្តពួកគាត់ឱ្យកាន់តែចង់ទិញមួយកម្រិតបន្ថែមទៀត។
អ្នកនាង គឹម គិនកេសា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ APS ក៏បានលើកឡើងផងដែរថា តម្រូវការលំនៅឋានទាំងផ្ទះជាប់ដី និងខុនដូ ភាគច្រើនជាប្រភេទលំនៅឋានតម្លៃសមរម្យ និងមធ្យម ដូច្នេះសម្រាប់អ្នកអភិវឌ្ឍន៍គួរតែផ្ដោតលើលំនៅឋានប្រភេទតម្លៃ មធ្យម និងសមរម្យ ទើបអាចរកអតិថិជនទិញបាន សម្រាប់តម្លៃខ្ពស់ អាចនៅមានតិចតួច។
យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ APS ដែលបានចេញផ្សាយសម្រាប់ឆមាសទី ១ ឆ្នាំ២០២៦នេះ បានបង្ហាញឱ្យឃើញថា គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៦ ខុនដូដែលបានផ្គត់ផ្គង់លើទីផ្សារមានចំនួនជាង ២ ម៉ឺនយូនីត ក្នុងនោះខុនដូប្រភេទតម្លៃសមរម្យមានចំនួនច្រើនជាងគេដែលមានរហូតដល់ជាង ១៤ ១០០ យូនីត បន្ទាប់មកគឺតម្លៃមធ្យមមានប្រមាណ ៤ ៤០០ យូនីត និងតម្លៃខ្ពស់មានប្រមាណជាង ១ ៥០០យូនីត។
នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៦ នេះដែរ តម្លៃខុនដូគិតជាមធ្យម ឃើញថាខុនដូប្រភេទតម្លៃសមរម្យស្ថិតនៅក្នុងចន្លោះ ១២០០ ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ ប្រភេទតម្លៃមធ្យម ស្ថិតនៅក្នុង ២១០០ ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃខ្ពស់មានតម្លៃចាប់ពី ២៧០០ ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រការ៉េ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content