ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានពិនិត្យ និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ដោយឥតកែប្រែជាមួយនឹងសំឡេងគាំទ្រចំនួន ៥៤សំឡេងស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញនីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន ៥៤រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៣ ដូចខាងក្រោម ៖ ១.ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ។ ២.ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ៣. ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ។
ឆ្លងតាមការពិនិត្យ និងឱ្យយោបល់ពីសមាជិកក្នុងអង្គប្រជុំ ព្រមទាំងមតិឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចមក អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលក្នុងរបៀបវារៈទី១ (សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២) ទី២ ដោយឥតកែប្រែចំនួន ៥៤សំឡេង និងរបៀបវារៈទី៣ ចំនួន ៥៣សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល ស្មើប្រមាណ៨.៥ពាន់លានដុល្លារត្រូវជា ២៧.៩៥%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨.៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។
ជាមួយគ្នានេះ ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឲ្យត្រូវបានចំនួន ២៥.៦ទ្រីលានរៀល ស្មើនឹង៦.៣ពាន់លានដុល្លារ ត្រូវជា ២០.៦១% នៃផ.ស.ស ដែលមានការកើនឡើង ១៩.៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។
បើតាមសេចក្តីព្រាងច្បាប់នេះ ថវិកាឆ្នាំ២០២២ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ការប្រើប្រាស់ធនធាន លើការបន្តប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយនឹងជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការទ្រទ្រង់ដល់និរន្តរភាព នៃប្រតិបត្តិការរបស់រដ្ឋមិនឱ្យរាំងស្ទះ ជាពិសេសការស្ដារជីវភាពប្រជាជន និងការស្ដារកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញ។
ក្របខណ្ឌថវិកាឆ្នាំ២០២២ ក៏មានគោលដៅបន្តរក្សា ការពារសមិទ្ធផលសង្គមជាតិទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមក ព្រមជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីបន្តដោះស្រាយបញ្ហាជាច្រើនទៀតរបស់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាដើម្បីទប់ទល់ជំនះផលប៉ះពាល់អវិជ្ជមាននានា បណ្ដាលមកពីបញ្ហាប្រឈមផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីធានាឱ្យកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់ផ្ទះលើជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
ក្របខណ្ឌចំណាយថវិកាឆ្នាំ២០២២ មានចរិកជាការប្រឹងប្រែង ប្ដូរផ្ដាច់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាជនផង និងកសាងមូលដ្ឋានសម្រាប់ការរស់នៅជាមួយនឹងជំងឺកូវីដ១៩ផង ក្នុងគោលដៅស្ដារសេដ្ឋកិច្ច និងស្ដារជីវភាពប្រជាជនឡើងវិញ តាមរយៈការបន្តអនុវត្តនូវកញ្ចប់អន្តរាគមន៍សង្គម សេដ្ឋកិច្ច សំដៅបន្តគ្រប់គ្រងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការផ្ដល់ការលើកទឹកចិត្ត និងបង្កើនទំនុកចិត្តវិនិយោគិន ការបន្តអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នសាធារណៈ ការលើកកម្ពស់សុខុមាលភាពប្រជាជន ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម និងការជំរុញការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងការបន្តការដោះស្រាយរាល់បញ្ហាប្រឈមជារចនាសម្ព័ន្ធនានា ដែលជំរុញការធ្វើពពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងកម្ពុជា។
ថវិកាឆ្នាំ២០២២ ដែលជាឆ្នាំទី៤ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាល អាចបន្តគ្រប់គ្រងសភាពការណ៍វិបត្តិជំងឺកូវីដ១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេសដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ឡើង និងរស់រវើកវិញ ហើយអាចឆ្លើយតបបានទៅនឹងបំណងប្រាថ្នារបស់ប្រជាជនផង ក៏ដូចជានឹងជួយរាជរដ្ឋាភិបាលឱ្យសម្រេចបាននូវបុព្វហេតុចម្បងៗ ស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ សំដៅនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពយូរអង្វែង វឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។
ក្នុងន័យនេះ ថវិកាឆ្នាំ២០២២ អាចប្រសិទ្ធនាមបានថាជា ថវិកាសម្រាប់ការបន្តប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content