បរទេស ៖ យោងតាមប្រភពព័ត៌មានពី South China Morning Post បានរាយការណ៍ថា ភាពតានតឹងកាន់តែខ្លាំងឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសលើវិស័យថាមពល។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវិភាគថា សេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា និងអាស៊ីកណ្តាលរងផលប៉ះពាល់កាន់តែខ្លាំងដោយសារអស្ថិរភាពនយោបាយ។ បន្ទាប់ពីប្រឈមនឹងជម្លោះជាងមួយទសវត្សរ៍ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅប្រទេសទាំងនោះទាបជាង ១០ ភាគរយ ខណៈដែលប៉ះពាល់នៅផ្នែកផ្សេងៗទៀត។ លើសពីនេះ ជម្លោះបានជំរុញឲ្យតម្លៃប្រេងឡើងថ្លៃភ្លាមៗបន្ទាប់ពីការវាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា។ ការរំខានដល់ផលិតកម្ម និងការផ្គត់ផ្គង់ប្រេងក្នុងតំបន់អាចរារាំងកំណើនពិភពលោកដ៏ធ្ងន់ធ្ងរដោយធនាគារពិភពលោកបានព្យាករណ៍ថាកំណើននឹងកើនឡើងត្រឹម ២,៦ ភាគរយនៅឆ្នាំនេះ និង ២,៧ ភាគរយនៅឆ្នាំ២០២៥ ដែលទាបជាងមធ្យមភាគ ៣,១ ភាគរយមុនពេលមានការរាតត្បាត។ គួរឲ្យបញ្ជាក់ដែរថា ឈូងសមុទ្រពែក្សនៅមជ្ឈិមបូព៌ាគឺជាតំបន់ផលិតថាមពលដ៏សំខាន់បំផុតរបស់ពិភពលោក ដោយប្រទេសចំនួន៧ រួមមាន បារ៉ែន អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម អាចផលិតប្រេងប្រហែលមួយភាគបីនៃប្រេងឆៅរបស់ពិភពលោក និងកាន់កាប់ប្រហែលពាក់កណ្តាលនៃទុនបម្រុងប្រេងឆៅរបស់ពិភពលោក។
យ៉ាងណាមិញ ការវាយប្រហារដោយក្រុមឧទ្ទាម Houthi ដែលផ្តល់មូលនិធិដោយអ៊ីរ៉ង់ទៅលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហមបង្ហាញពីភាពងាយរងគ្រោះនៃផ្លូវដឹកជញ្ជូនក្នុងតំបន់ ប្រសិនបើសង្រ្គាមរីករាលដាលដល់ប្រទេសជាច្រើនទៀត។ យ៉ាងណាក៏ដោយ បើទោះបីជាអ៊ីរ៉ង់មិនចង់ចូលរួមក្នុងសង្រ្គាមពេញលេញប្រឆាំងនឹងអ៊ីស្រាអែលក៏ដោយ ប៉ុន្តែជម្លោះបានរារាំងចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz និងផ្លូវសំខាន់ៗផ្សេងទៀត។ ការដឹកជញ្ជូនប្រេងគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់អ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់ទំនងជាមិនចង់ធ្វើឱ្យខូចទំនាក់ទំនងជាមួយអតិថិជនសំខាន់ៗនោះទេ។ ជាលទ្ធផល ការដឹកជញ្ជូនថាមពល និងទំនិញប្រើប្រាស់មានរយៈពេលយូរ និងថ្លៃជាងមុន ហើយនឹងបង្កការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលអាចរុញសេដ្ឋកិច្ចពិភពលោកចូលទៅក្នុងវិបត្តិ។

អ្នកជំនាញបានព្យាករណ៍ថា កំណើនតម្រូវការប្រេងពិភពលោកអាចនឹងថយចុះនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ខណៈដែលផលិតកម្មនៅតែបន្តកើនឡើង។ សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ី រួមជាមួយនឹងវិស័យឧស្សាហកម្មមួយចំនួននឹងត្រូវការប្រេងបន្ថែមទៀត ប៉ុន្តែក៏ប្រឈមនឹងការថយចុះនៃការប្រើប្រាស់ប្រេងផងដែរ ដោយសារការកើនឡើងនៃរថយន្តអគ្គិសនី ប្រសិទ្ធភាពប្រេងឥន្ធនៈ និងការប្តូរទៅរកប្រភពថាមពលកកើតឡើងវិញ។ ទន្ទឹមនឹងនេះ ការផលិតប្រេងពីសហរដ្ឋអាមេរិក និងអាមេរិកត្រូវបានរំពឹងថានឹងផលិតលើសពីតម្រូវការពិភពលោក។ បច្ចុប្បន្ននេះ អាម៉េរិកផលិតប្រេងច្រើនជាងប្រទេសដទៃ។ ទោះជាយ៉ាងណាក្តី ការអូសបន្លាយនៃជម្លោះមជ្ឈិមបូព៌ានឹងផ្លាស់ប្តូរនិន្នាការទាំងនោះ ហើយវានឹងជំរុញតម្លៃប្រេងឡើងថ្លៃ។
លោក Ken Wattret អនុប្រធានផ្នែកសេដ្ឋកិច្ចពិភពលោករបស់ S&P លើកឡើងថា សេដ្ឋកិច្ចដែលជាអ្នកនាំចូលថាមពលសុទ្ធនឹងរងផលប៉ះពាល់ខ្លាំងបំផុត ជាពិសេសប្រទេសដែលពឹងផ្អែក លើការផ្គត់ផ្គង់ប្រេងខ្លាំងបំផុតពីមជ្ឈិមបូព៌ា រួមមានប្រទេសជាច្រើននៅអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។ មិនត្រឹមតែប៉ុណ្ណោះ ភាពប្រែប្រួលធ្វើឱ្យខូចទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធ្វើឱ្យផែនការអាជីវកម្មមានភាពយឺតយ៉ាវ។ ទន្ទឹមនឹងនេះ ភាពងាយរងគ្រោះនៅតំបន់ឧស្ម័ននៅឈូងសមុទ្ររបស់អ៊ីស្រាអែលគឺជាកង្វល់មួយទៀត ដោយសារភាគច្រើនគោលដៅវាយប្រហារស្ថិតនៅតំបន់សំខាន់ៗនៃប្រទេស។ ការវាយប្រហារលើគោលដៅទាំងនេះនឹងប៉ះពាល់ដល់អេហ្ស៊ីប ហ្ស៊កដានី និងអឺរ៉ុប ដូចទៅនឹងករណីបិទកន្លែងឧស្ម័ន Tamar ជាបណ្តោះអាសន្នកាលពីខែតុលាឆ្នាំមុន។ ការរំខានរយៈពេលយូរនៃឧស្ម័នធម្មជាតិនឹងដាក់សម្ពាធល់ទីផ្សារពិភពលោក ខណៈដែលសីតុណ្ហភាពនៃអាកាសធាតុកាន់តែត្រជាក់។ គេកំពុងរង់ចាំមើលថា តើព្រឹត្តិការណ៍ទាំងនេះនឹងបង្កឲ្យផរណាកើនឡើងម្តងទៀត និងនាំមកនូវអត្រាការប្រាក់ខ្ពស់ដែរ ឬទេ? ស្របពេលនេះដែរ សកម្មភាពយោធាបានរីករាលដាលពីតំបន់ហ្គាហ្សាទៅប្រទេសលីបង់ ហើយឥឡូវនេះបានទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលរឹតតែបង្កអស្ថិរភាពសេដ្ឋកិច្ចពិភពលោក ដោយសារអ៊ីរ៉ង់គឺជាអ្នកផលិតប្រេងសំខាន់មួយរបស់ពិភពលោក៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content