វៀតណាម ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម បានកើនឡើងជាបន្តបន្ទាប់។ ដោយឡែក នៅក្នុងសន្នសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជាឆ្នាំ២០២៥ ភាគីទាំងពីរបានកំណត់គោលដៅរួមបង្កើនទំហំពាណិជ្ជកម្មឱ្យបានដល់ ២០ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំបន្ទាប់ខាងមុខនេះ។

ថ្លែងនៅក្នុងសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ នាទីក្រុងហូជីមីញ ប្រទេសវៀណាម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជា និងវៀតណាម បានកំណត់គោលដៅប្រកបដោយមហិច្ឆតា និងជំរុញលើកទឹកចិត្តក្នុងការឈានទៅសម្រេចឱ្យបានពាណិជ្ជកម្មទ្វេភាគីសរុប ២០ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំខាងមុខ ។
អ្នកឧកញ៉ាបន្តថា ៖
«ក្រៅពីដៃគូពាណិជ្ជកម្ម វៀតណាម ក៏ជាប្រទេសដែលមានវិនិយោគិនបណ្ដាក់ទុនវិនិយោគនៅកម្ពុជាច្រើនក្នុងចំណោមវិនិយោគិនបរទេសចំនួន៥ ដោយមានគម្រោងលើសពី២០០គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ក្នុងនោះមានវិស័យកសិកម្ម ទូរគមនាគមន៍ ធនាគារ ហិរញ្ញវត្ថុ ការកែច្នៃម្ហូបអាហារ រ៉ែ អាកាសចរណ៍ និងទេសចរណ៍» ។

អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនវៀតណាម មកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំ និងការផ្ដួចផ្ដើមអាជីវកម្មយ៉ាងពិតប្រាកដ ដែលអាចកើតឡើងពីការពិភាក្សានៅក្នុងសន្និសីទនេះ។
ឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគធុរកិច្ចវៀតណាម-កម្ពុជា បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជាដោយផ្ទាល់ សហគ្រាសវៀតណាមនៅប្រទេសកម្ពុជា នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃប្រទេសទាំងពីរ ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ។

ប្រធានសមាគមធុរកិច្ចវៀតណាម -កម្ពុជារូបនេះ បានថ្លែងគោរពស្នើដល់ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បន្តភ្ជាប់ទំនាក់ទំនងឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីឱ្យសហគ្រាសវៀតណាម អាចបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា ហើយសហគ្រាសកម្ពុជា អាចបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសវៀតណាម ដើម្បីទាញយកផលប្រយោជន៍ និងផលចំណេញពីភាពខ្លាំងនៃប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍន៍ និងបំពេញឱ្យគ្នាទៅវិញទៅមក ។

គួររម្លឹកថា កាលពីឆ្នាំ២០២៤កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងកម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបានប្រមាណ ៤,៣៤ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជានាំចេញទៅប្រទេសវៀតណាមក្នុងទឹកប្រាក់ ២ ១៩៣ លានដុល្លារអាម៉េរិក ខណៈនាំចូលពីវៀតណាមត្រលប់មកវិញក្នុងទំហំទឹកប្រាក់ ២ ១៤៧ លានដុល្លារអាម៉េរិក ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ធ្លាប់បានកោតសរសើរលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មទាំងពីរ កម្ពុជា វៀតណាម ដែលបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ដោយឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លាអាម៉េរិក និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។

សម្តេចតេជោ ហ៊ុន សេន បានបញ្ជាក់ថា៖« គោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាម៉េរិកនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ ម៉យាងទៀត ថ្វីបើវៀតណាម ជាប្រទេសធំមានប្រជាជនដល់ ១០៦ លាន់នាក់ ជាទីផ្សារធំ ប៉ុន្តែ កម្ពុជាមានប្រជាជនត្រឹមតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content