ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន TenPay Global បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយសក្តានុពល កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Daniel Hong អនុប្រធានក្រុមហ៊ុន Tencent Financial Technology ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TenPay Global បានអញ្ជើញជាហត្ថលេខីនៃអនុស្សរណៈយោគយល់នេះ។

យោងតាមធនាគារជាតិនៃកម្ពុជា អនុស្សរណៈមានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន TenPay Global ដើម្បីធ្វើការរួមគ្នាក្នុងការជំរុញអន្តរប្រតិបត្តិការរវាងប្រព័ន្ធបាគង (KHQR) របស់ប្រទេសកម្ពុជា និងបណ្តាញទូទាត់ចល័ត Weixin Pay របស់ប្រទេសចិន សំដៅលើកកម្ពស់ការទូទាត់ឌីជីថលរវាងប្រទេសកម្ពុជា និងប្រទេសចិន ឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងសហការគ្នាអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយសក្តានុពល ព្រមទាំងជំរុញសមាហរណកម្មការទូទាត់ឆ្លងដែន និងផ្ទេរប្រាក់ឆ្លងដែន (ការផ្ទេរប្រាក់ចេញ និងការផ្ទេរប្រាក់ចូល) រវាងប្រទេសកម្ពុជា និងប្រទេសចិន។
ដោយឡែក នៅក្នុងឱកាសនៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរីឆ្នាំ២០២៥ ដែរនោះ ធនាគារជាតិនៃកម្ពុជា និងសិង្ហបុរី ក៏បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាលទី១៖ “កម្ពុជាស្កេន ឃ្យូអរកូតនៅក្នុងប្រទេសសិង្ហបុរី”។
ការដាក់ឱ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះនឹងផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាងាយស្រួល រហ័ស និងសុវត្ថិភាព នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី។

គួរជម្រាបថា៖ ក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរីឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចសន្ទនាគោលនយោបាយសកល៖ ដំណើរឆ្ពោះទៅទសវត្សរ៍នៃការផ្លាស់ប្តូរ និងច្រករបៀងហិរញ្ញវត្ថុថ្មី” (The Global Policy Dialogue: Towards the Next Decade of Transformation and New Financial Corridors) ។ កិច្ចពិភាក្សានេះមានការចូលរួមពីសំណាក់ឯកឧត្តម Michael S. Barr សមាជិកក្រុមប្រឹក្សាភិបាល ធនាគារកណ្តាលសហរដ្ឋអាម៉េរិក ឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី លោកស្រី Lucy Rigby KC MP លេខាធិការសេដ្ឋកិច្ចប្រចាំក្រសួងរតនាគារ និងអភិបាលក្រុងចក្រភពអង់គ្លេស និងលោកជំទាវ Soraya Hakuziyaremye ទេសាភិបាល ធនាគារកណ្តាលប្រទេសរវ៉ាន់ដា ព្រមទាំងមានការសម្របសម្រួលដោយលោក Tommaso Mancini-Griffoli អនុប្រធាននាយកដ្ឋានរូបិយវត្ថុ និងទីផ្សារមូលធននៃមូលនិធិរូបិយវត្ថុអន្តរជាតិ។
ក្នុងកិច្ចពិភាក្សានេះដែរ លោកជំទាវបណ្ឌិត ទេសាភិបាល ក៏បានលើកឡើងពីការវិវត្តនៃបញ្ញាសិប្បនិម្មិត(AI) និងសារៈសំខាន់នៃការធានាបាននូវភាពច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ សំដៅរក្សាបានតុល្យភាពរវាងនវានុវត្តន៍ និងស្ថិរភាពហិរញ្ញវត្ថុ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content