បរទេស ៖ ក្រុមអ្នកវិភាគសេដ្ឋកិច្ចសកលកាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញនូវការវិភាគដែលមានខ្លឹមសារស្រដៀងគ្នាថា កំណើនផលិតផលក្នុងស្រុករបស់អង់គ្លេសកំពុងដើរយឺតយ៉ាវខ្លាំងបើប្រៀបធៀបទៅនឹងបណ្តាប្រទេសដែលជាសមាជិករបស់ G7 ដែលជាក្រុមប្រទេសមានភាពរីកចម្រើន និងអភិវឌ្ឍន៍ខ្លាំង។
មជ្ឈមណ្ឌលស្រាវជ្រាវពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស ហៅកាត់ថា CEBR (Centre for Economics and Business Research) បានពន្យល់អំពីការព្យាករណ៍របស់ពួកគេថា កត្តានៃការកើនឡើងអតិផរណាខ្លាំង និងកំណើនសេដ្ឋកិច្ចជាតិតិចតួច នឹងរុញច្រានឲ្យកម្រិតស្តង់ដារស់នៅរបស់ពលរដ្ឋអង់គ្លេសដើរថយក្រោយ បើធៀបទៅនឹងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនប្រហាក់ប្រហែលគ្នានៅក្នុងសម្ព័ន្ធនៃប្រទេស G7 ។

លទ្ធផលនៃការព្យាករណ៍ប្រចាំឆ្នាំរបស់ CEBR ដែលមានឈ្មោះថា The World Economic League Table ត្រូវបានដាក់បង្ហាញជាសាធារណៈកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ដោយបង្ហាញពីក្ដីបារម្ភចំពោះចក្រភពអង់គ្លេសនឹងធ្លាក់ចេញពីចំណាត់ថ្នាក់លេខ១៩ មកលេខ២២ នៅក្នុងបញ្ជីនៃចំណាត់ថ្នាក់ពិភពលោកទៅលើទំហំផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗគិតត្រឹមឆ្នាំ២០៣០ខាងមុខ។
អង់គ្លេស នឹងធ្លាក់ទៅក្រោមចំណាត់ថ្នាក់របស់ទីក្រុងហុងកុង ប្រទេសហ្វាំងឡង់ និងសហភាពអារ៉ាប់រួម ហើយចំណាត់របស់អង់គ្លេសនឹងបន្តធ្លាក់ចុះទៀតនៅឆ្នាំបន្ទាប់ ឬអាចតិចជាងចំណូលរបស់ពលរដ្ឋប្រទេសម៉ាល់តា ដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ខ្លួនទៅទៀតនាឆ្នាំ២០៣៥ខាងមុខ។ គិតជាលុយដុល្លារ GDP (per capita) របស់អង់គ្លេសនៅឆ្នាំក្រោយខ្លួននឹងទទួលបានត្រឹមតែ៥៨៧៧៥ដុល្លារក្នុងមនុស្សម្នាក់ប៉ុណ្ណោះ។
អ្នកវិភាគសេដ្ឋកិច្ចរបស់ CEBR លោក Pushpin Singh បានលើកឡើងថា ចក្រភពអង់គ្លេស នឹងត្រូវប្រឈមមុខចំពោះបញ្ហាសំខាន់ៗចំនួន៣ ដែលធ្វើឲ្យប៉ះពាល់ដល់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះមានដូចជា អតិផរណា បញ្ហាបំណុលឯកជន បូករួមនឹងកំណើនសេដ្ឋកិច្ចជាតិយឺតយ៉ាវផងដែរ។ គួរឲ្យដឹងដែរថា ទិន្នន័យផ្លូវការនេះក៏បានបង្ហាញដែរថា ក្រុមគ្រួសាររបស់ពលរដ្ឋអង់គ្លេសនៅតែមានកម្រិតជីវភាពក្រីក្រនៅឡើយ ពោល គឺទាបជាងមុនសម័យរាតត្បាតដោយវិរុស Covid-19 នោះទៅទៀត៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content