បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានអះអាងថា កាណាដា គ្មានចេតនាណាមួយធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិននោះទេ ដោយសារតែខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កាណាដា សហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិក ឬហៅកាត់ថា CUSMA ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីរូបនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមដំឡើងពន្ធ ១០០% លើការនាំចូលពីកាណាដា នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។

កាលពីថ្ងៃចុងសប្ដាហ៍មុន ទីក្រុងអូតាវ៉ា និងទីក្រុងប៉េកាំង បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា ដោយភាគីទាំងពីរព្រមបញ្ចុះពន្ធលើទំនិញដែលបានជ្រើសរើសរួមគ្នាទៅវិញទៅមក។ នៅក្រោមកិច្ចព្រមព្រៀងនេះ កាណាដា នឹងអនុញ្ញាតឱ្យមានការនាំចូលរថយន្តអគ្គិសនីរបស់ចិនចំនួន ៤៩ ០០០ គ្រឿងចូលទៅក្នុងទីផ្សាររបស់ខ្លួនជារៀងរាល់ឆ្នាំក្នុងអត្រាពន្ធទាប ៦,១% បន្ទាប់ពីការដំឡើងពន្ធលើយានយន្តដល់ ១០០% កាលពីខែតុលា ឆ្នាំ២០២៤។ ជាថ្នូរមកវិញ ទីក្រុងប៉េកាំង នឹងកាត់បន្ថយពន្ធលើការនាំចូលកសិផលរបស់កាណាដា ត្រូវកាត់បន្ថយមកត្រឹម ១៥% ពីអត្រា ៨៥%។
លោក Carney នាយករដ្ឋមន្ត្រីកាណាដា បានលើកឡើងថា អ្វីដែលកាណាដាបានព្រមព្រៀងជាមួយចិន គឺដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលបានតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីលោក Mark Carney អះអាងថា កាណាដា នៅតែគោរពកាតព្វកិច្ចតួនាទីរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មកាណាដា-អាមេរិក-ម៉ិកស៊ិក ឬ CUSMA ដោយមានន័យថា ខ្លួនមិនអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសណាមួយដោយមិនជូនដំណឹងដល់ភាគីទាំងពីរផ្សេងទៀតនោះទេ។ ការបញ្ជាក់របស់លោក Carney កើតឡើង បន្ទាប់ពីប្រធានាធិបតី Trump គំរាមដំឡើងពន្ធ ១០០% លើការនាំចូលពីកាណាដា ប្រសិនបើប្រទេសនេះធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង។
ថ្មីៗនេះ ភាពតានតឹងបានកើនឡើងរវាងអាម៉េរិក និងកាណាដា បន្ទាប់ពីលោក Carney ប្រឆាំងនឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចដោយប្រទេសមហាអំណាចពិភពលោក ដែលធ្វើឲ្យលោក Trump ដកការអញ្ជើញរបស់គាត់ទៅកាន់ទីក្រុង Ottawa ដើម្បីឲ្យចូលរួមក្នុង “ក្រុមប្រឹក្សាសន្តិភាព” ។

កាលពីថ្ងៃអាទិត្យដដែល រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent បានលើកឡើងថា អាម៉េរិក មិនអនុញ្ញាតឱ្យប្រទេសកាណាដាក្លាយជាកន្លែងបើកចំហសម្រាប់ចិនក្នុងការចាក់ទំនិញថោករបស់ពួកគេចូលទៅក្នុអាម៉េរិកនោះទេ។ កាលពីខែសីហាកន្លងទៅនេះ លោក Trump បានដំឡើងពន្ធលើទំនិញកាណាដាដល់ទៅអត្រា ៣៥% ដែលកើនឡើងពី ២៥% ប៉ុន្តែលើកលែងលើទំនិញមួយចំនួនរួមមាន ដែកថែប ទង់ដែង និងរថយន្ត និងគ្រឿងបន្លាស់រថយន្តមួយចំនួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មកាណាដា-អាមេរិក-ម៉ិកស៊ិក ឬ CUSMA៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content