ភ្នំពេញ៖ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជា (PATA) បានលើកឡើងថា ការធ្លាក់ចុះចំណូលពីការលក់សំបុត្រចូលទស្សនា និងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាការធ្លាក់ចំនួនទេសចរទូទៅនៅកម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ មិនមែនជារឿងចម្លែកនោះទេ ត្បិតបណ្តាប្រទេសជិតខាង និងក្នុងតំបន់ក៏ធ្លាក់ដូចគ្នា ដែលវាបណ្តាលមកពីបញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាសង្គ្រាមដែលកំពុងកើតមាននៅមជ្ឈិមបូព៌ារហូតមានការបិតជើងហោះហើរជាច្រើនប្រទេស គួបផ្សំនឹងបញ្ហាសេដ្ឋកិច្ចជាសកល។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ គ្រឹះស្ថានអង្គររកចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានជាង ១៣លានដុល្លារអាម៉េរិក($ ១៣ ១០៣ ៩៧៧) ជាមួយចំនួនភ្ញៀវទេសចរចំនួន ២៧០ ៩១១នាក់។ ចំណូលនេះធ្លាក់ចុះ ៣២,០២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។
ដោយឡែក សម្រាប់តែក្នុងខែមីនា ឆ្នាំ២០២៦វិញ ភ្ញៀវទេសចរចំនួន ៨២ ០២៦ នាក់ បានទិញសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៣១,០៣ ភាគរយ ខណៈចំណូលទទួលបាន ៣ ៩២៨ ៧០៧ ដុល្លារ ធ្លាក់ចុះ ២៩,២២ ភាគរយ។
គ្រឹះស្ថានអង្គរបានឱ្យដឹងទៀតថា៖ ការលក់បណ្ណចូលទស្សនាប្រាសាទកោះកេរក្នុងអំឡុងខែមីនា ឆ្នាំ២០២៦ ទទួលបានចំនួន ២៤,៧៦៥ ដុល្លារ ពីទេសចរចំនួន ១ ៦៥១នាក់ ខណៈដែលរយៈពេល ០៣ខែ មានចំនួនសរុប ៩០ ០៦០ដុល្លារ និងទេសចរចំនួន ៦ ០០៤ នាក់។ ដោយឡែក ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលា នៅក្នុងខែមីនា មានចំនួន១៧ ២៣០ដុល្លារ និងទេសចរ ១ ៧២៣នាក់ ខណៈរយៈពេល ០៣ខែ ឆ្នាំ២០២៦ ចំណូលសរុបទទួលបាន ៦១ ៥៦០ដុល្លារ និងទេសចរបាន ៦ ១៥៦នាក់។
ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពាន ក្នុងខែមីនា មានចំនួន ១៤១នាក់ រកចំណូលបាន ៧០៥ ដុល្លារ ។ សរុបចំណូលរយៈពេល ០៣ខែ ឆ្នាំ២០២៦ មានចំនួន ២ ៤៧៥ដុល្លារ និងទេសចរ ៤៩៥នាក់។
ចំណូលពីការលក់សំបុត្រទូក ខែមីនា ក្នុងឆ្នាំ២០២៦ មានចំនួន ១០២ ៩៦៩ ដុល្លារ ពីទូកចំនួន២ ២៤៥ គ្រឿង។សរុបចំណូលលក់សំបុត្រទូក រយៈពេល០៣ខែ មានចំនួន ២៩៤ ១៤១ ដុល្លារ ទូក ៦ ៥១១គ្រឿង
គួររំលឹកថា៖ កម្ពុជារកចំណូលបានជាង ៤៤លានដុល្លារ(៤៤ ៧១១ ៦៧៥ ដុល្លារ)នៅឆ្នាំ២០២៥ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទៅដល់ភ្ញៀវទេសចរអន្តរជាតិជាង ៩៥ ម៉ឺននាក់(៩៥ ៥១៣១នាក់)។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជា (PATA) បានប្រាប់ AMS Economy នាព្រឹកថ្ងៃទី២ ខែមេសា ថា ៖ការធ្លាក់ចុះចំនួនទេសចរជាង ៣២% នេះ មិនអាក្រក់នោះទេ។ ការរក្សាបានតួលេខប៉ុណ្ណេះ វាជាការណ៍ល្អ ព្រោះជម្លោះពិភពលោក បញ្ហាភូមិសាស្ត្រនយោបាយអន្តរជាតិ ការគំរាមកំហែងផ្សេងៗ បាន និងកំពុងកើតឡើងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា។
លោកបានបន្តលើកឡើងដូច្នេះថា៖
«នៅក្នុងខែមីនានេះ គឺមានជម្លោះភូមិសាស្ត្រនយោបាយ ជាពិសេសនៅមជ្ឈិមបូព៌ា សង្រ្គាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលជាប្រភពតភ្ជាប់មកកម្ពុជា។ វាធ្វើឱ្យប៉ះពាល់ខ្លាំងមែនទែននៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ។ វាមិនមែនតែកម្ពុជាមួយទេ គឺវាប៉ះពាល់ជាសកល ជាពិសេសនៅក្នុងតំបន់អាស៊ានហ្នឹងឯង។ សមាជិករបស់ CATA ម្នាក់មានសណ្ឋាគារ២នៅសៀមរាបនេះគឺសណ្ឋាគារមួយបាត់ចំណូលគ្រាន់តែខែមីនាហ្នឹង បាត់ចំណូលអស់ ៥ ម៉ឺនដុល្លារ»។
លោកបានបន្ថែមថា៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំកម្ពុជា បាន និងកំពុងព្យាយាមធ្វើយុទ្ធនាការគោលដៅទេសចរណ៍( Destination Campaign) ជារៀងរាល់ខែ ដើម្បីព្យាយាមចាប់យកភ្ញៀវតំបន់អាស៊ាន និងភ្ញៀវនៅតាមបណ្ដាប្រទេសនានានៅជុំវិញកម្ពុជា ព្រមទាំងនៅក្នុងតំបន់ផ្សេងទៀតដែលមិនត្រូវការឆ្លងកាត់នៅក្នុងតំបន់ Middle East ។
អ្នកជំនាញទេសចរណ៍រូបនេះបានបញ្ជាក់ថា ៖
«អ្វីដែលយើងអាចធ្វើបាន គឺខិតខំប្រឹងប្រែងទាំងអស់គ្នា និងបង្កើនការជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍ឲ្យបានកាន់តែទូលំទូលាយទៅកាន់ពិភពលោក»។
ក្នុងពិធីផ្សព្វផ្សាយក្រោមប្រធានបទ «ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជា និងប្រែប្រួលឆាប់រហ័ស»កាលពីពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា៖ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍នឹងរៀបចំយុទ្ធនាការ៤សំខាន់ៗគឺយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ចាប់ពីខែឧសភា ដល់ខែតុលា គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនក្នុងអំឡុងពេលនៃរដូវកាលបៃតងដែលមានរយៈពេល៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៦ យុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season) និងយុទ្ធនាការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content