បរទេស៖ យោងតាមប្រភពព័ត៌មានពី Yahoo!Finance បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក លោក Joe Biden បានបដិសេដធក្រុមហ៊ុនជប៉ុន Nippon លើការទិញដែកថែបរបស់អាម៉េរិកមានតម្លៃរាប់ពាន់លានដុល្លារ ក្រោមហេតុផលគំរាមកំហែងដល់សន្តិសុខជាតិ។

ថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក Joe Biden បានបដិសេធសំណើទិញដែកថែបដោយក្រុមហ៊ុនជប៉ុន Nippon ពីក្រុមហ៊ុនអាម៉េររិក US Steel ដែលមានតម្លៃ ១៤,៩ ពាន់លានដុល្លារអាម៉េរិក។ ប្រធានាធិបតីរូបនេះបានលើកឡើងពីហេតុផលគំរាមកំហែងដល់សន្តិសុខជាតិ និងរក្សាកម្មសិទ្ធិរបស់សហរដ្ឋអាម៉េរិកនូវឧស្សាហកម្មដែកថែបរបស់ខ្លួន ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់វាឱ្យរឹងមាំ។ ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុនបានចាត់ទុកថា ពួកគេមិនយល់ពីការសម្រេចចិត្តរបស់លោក Biden ទាល់តែសោះ។
ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុនដែកថែបជប៉ុន Nippon ប្រហែលជាត្រូវពិនិត្យមើលការកែប្រែយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានរារាំងការស្នើសុំទិញរបស់ខ្លួនពីក្រុមហ៊ុនអាម៉េរិក US Steel ។
ការប្រឆាំងរបស់ Biden ចំពោះកិច្ចព្រមព្រៀងនេះបានបង្ហាញយ៉ាងច្បាស់ ហើយជាលទ្ធផលភាគហ៊ុនរបស់ US Steel ត្រូវបានជួញដូរក្នុងតម្លៃទាបនៅលើទីផ្សារ ខណៈភាគហ៊ុនរបស់ Nippon Steel បានធ្លាក់ចុះបន្តិច ០,៥ ភាគរយនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។

លោក Yoshihiko Tabei ប្រធានអ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន Naito Securities បានលើកឡើងថា វិនិយោគិនមួយចំនួនបានមើលឃើញថា Nippon បរាជ័យក្នុងការទិញដែកថែបពីសហរដ្ឋអាម៉េរិក ដោយសារតែចំនួនទឹកប្រាក់ជាច្រើនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Nippon Steel មិនទាន់បានសម្រេចអំពីផែនការហិរញ្ញប្បទានជាអចិន្ត្រៃយ៍សម្រាប់កិច្ចព្រមព្រៀងសាច់ប្រាក់ដែលស្នើឡើងទៅក្រុមហ៊ុនអាម៉េរិកនោះទេ ប៉ុន្តែវិធីមួយដែលអាចធ្វើទៅបានក្នុងការប្រមូលដើមទុន គឺការបង្កើនតម្លៃភាគហ៊ុនដែលពាក់ព័ន្ធនឹងការលក់ភាគហ៊ុនរបស់ក្រុមហ៊ុនទៅឱ្យអ្នកវិនិយោគ។
ភាពបរាជ័យក្នុងការទិញយកដែកថែបពីសហរដ្ឋអាម៉េរិករបស់ក្រុមហ៊ុនជប៉ុន Nippon Steel អាចជៀសផុតពីភាពតានតឹងផ្នែកហិរញ្ញវត្ថុ ប៉ុន្តែវានៅតែមានភាពមិនប្រាកដប្រជា ដោយសារការសម្រេចបាននូវកំណើនរយៈពេលមធ្យមទៅរយៈពេលវែង ហើយទំនងជានឹងមានបញ្ហាប្រឈមពាក់ព័ន្ធនឹងសមត្ថភាពផលិត។ ស្របជាមួយគ្នានេះដែរ ការទិញដែកថែបរបស់សហរដ្ឋអាម៉េរិកពីសំណាក់ Nippon Steel មានគោលបំណងក្នុងបង្កើនសមត្ថភាពផលិតដែកសកលរបស់ខ្លួនដល់ទៅ ៨៥ លានតោនក្នុងមួយឆ្នាំ ដែលជិតដល់គោលដៅរយៈពេលវែងរបស់ខ្លួនក្នុងការលើកសមត្ថភាពផលិតកម្មដល់ ១០០ លានតោនក្នុងមួយឆ្នាំ ខណៈដែលកម្រិតផលិតកម្មនាពេលបច្ចុប្បន្នមានចំនួន ៦៥ លានតោនតែប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកវិភាគមួយចំនួនបានគិតថា ភាពបរាជ័យនៃកិច្ចព្រមព្រៀងនេះអាចបង្កើនភាគហ៊ុននៅក្នុង Nippon Steel ក្នុងរយៈពេលខ្លី។
លោក Yuji Matsumoto អ្នកវិភាគនៅក្រុមហ៊ុន Nomura Securities បានលើកឡើងថា ទោះបីជាកិច្ចព្រមព្រៀងទទួលបរាជ័យក៏ដោយ ប៉ុន្តែទស្សនវិស័យប្រាក់ចំណូលរបស់ក្រុមហ៊ុន Nippon Steel នៅតែមិនផ្លាស់ប្តូរ ជាមួយនឹងការព្យាករណ៍ថានឹងបន្តទទួលបានកំណើន។

យ៉ាងណាក៏ដោយ ទោះបីជាប្រធានាធិបតីអាម៉េរិក លោក Joe Biden បានរារាំងបំណងនៃការទិញដែកថែមរបស់ជប៉ុនក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងដែលបានស្នើឡើងមិនទាន់ត្រូវបានបញ្ចប់ដោយក្រុមហ៊ុនទាំងពីរនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ទាំងក្រុមហ៊ុនជប៉ុន Nippon Steel និងក្រុមហ៊ុនអាម៉េរិក US Steel បានចាត់ទុកការសម្រេចចិត្តរបស់ លោក Biden មិនសមស្របនឹងច្បាប់ ហើយពួកគេគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការសមស្របណាមួយដើម្បីការពារសិទ្ធិស្របច្បាប់របស់ពួកគេនោះទេ។ លើសពីនេះ Nippon Steel អាចនឹងជំពាក់ US Steel ថ្លៃផ្តាច់ខ្លួន ៥៦៥ លានដុល្លារអាម៉េរិក។
សារព័ត៌មានរបស់ជប៉ុន Nikkei បានរាយការណ៍ថា ក្រុមហ៊ុនជប៉ុន Nippon Steel អាចនឹងដាក់ពាក្យប្តឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលធ្វើខុសពីនីតិវិធីនៅពីក្រោយការសម្រេចចិត្តនេះ។
លោក Tadashi Imai ប្រធានក្រុមហ៊ុន Nippon Steel បាននិយាយថា ការដាក់ពាក្យប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជាជម្រើសដ៏សំខាន់មួយ។ ក្រុមហ៊ុន Nippon មានសិទ្ធិទទួលបានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ប៉ុន្តែដំណើរការត្រួតពិនិត្យរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងការសម្រេចចិត្តលើសំណើទិញយករបស់ខ្លួនហាក់ដូចជាមិនត្រូវបានដោះស្រាយត្រឹមត្រូវនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ Nippon នឹងមិនចំណាយពេលយូរក្នុងការប្រកាសពីវិធានការប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកនោះទេ។
អ្នកនាំពាក្យក្រុមហ៊ុន Nippon Steel បានបញ្ជាក់ថា ពួកគេគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សាអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ប៉ុន្តែកាលបរិច្ឆេទដែលត្រូវប្រព្រឹត្តនៅមិនទាន់បានកំណត់នោះទេ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content