បរទេស៖ យោងតាមប្រភពព័ត៌មានពី Al Jazeera បានរាយការណ៍ថា Apple បានសន្យាបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន ចំពេលដែលជម្លោះពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែតានតឹង។

ក្រុមហ៊ុនអាម៉េរិកជាច្រើនកំពុងប្រយ័ត្នប្រយែងចំពោះទំនាក់ទំនងជាមួយចិន ដោយសារមហាអំណាចសេដ្ឋកិច្ចទាំងពីរកំពុងប៉ះទង្គិចគ្នាជុំវិញបញ្ហាពន្ធគយ ប៉ុន្តែ Apple ដែលជាក្រុមហ៊ុនយក្សមួយរបស់អាម៉េរិកបានសន្យាវិនិយោគជាមួយនឹងប្រទេសចិន។ កាលពីថ្ងៃពុធ សប្ដាហ៍នេះ នាយកប្រតិបត្តិក្រុមហ៊ុន Tim Cook បានលើកឡើងថា ក្រុមហ៊ុនផលិត iPhone នឹងបន្តវិនិយោគនៅក្នុងប្រទេសចិន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីទំហំនៃការវិនិយោគនោះទេ។ គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់សម្ពាធជាច្រើនលើក្រុមហ៊ុនបចេ្ចកវិទ្យាចិន ដោយសារព្រួយបារម្ភថា ពួកគេអាចបង្កើនសមត្ថភាពក្នុងវិស័យយោធាចិន។
ទីប្រឹក្សាកិច្ចការរដ្ឋាភិបាលម្នាក់នៅទីក្រុងសៀងហៃបានលើកឡើងថា ក្រុមហ៊ុនអាម៉េរិកមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការខឹងសម្បាររបស់សេតវិមាន ដែលអាចប៉ះពាល់ដល់ការរកស៊ីក្នុងស្រុករបស់ពួកគេ ប៉ុន្តែក៏មិនអាចដកខ្លួនចេញទាំងស្រុងពីប្រទេសចិនភ្លាមៗបានដែរ។
កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ Tim Cook ក៏បានសន្យាជាមួយនឹង Trump ដែរថា Apple នឹងវិនិយោគបន្ថែម ១០០ ពាន់លានដុល្លារដើម្បីបង្កើនការផលិតក្នុងស្រុក។ ជាមួយគ្នានេះ អ្នកវិភាគបានមើលឃើញថា ការនេះអាចជំរុញឲ្យ Apple ស្ថិតនៅជួរមុខក្នុងគោលនយោបាយរបស់ Trump ប៉ុន្តែក៏អាចក្លាយជាក្រុមហ៊ុនដែលស្ថិតក្នុងការរឹតបន្តឹងជាចម្បងផងដែរ។ លើសពីនេះ Apple ពឹងផ្អែកលើអ្នកផ្គត់ផ្គង់ និងរោងចក្រនៅក្នុងប្រទេសចិន ដោយភាគច្រើននៃ iPhone ត្រូវបានផ្គុំនៅទីនោះ ប៉ុន្តែការរឹតបន្តឹងពី Trump បានធ្វើឲ្យក្រុមហ៊ុនមួយនេះព្យាយាមផ្លាស់ប្តូរសមត្ថភាពផលិតមួយចំនួនទៅកាន់ប្រទេសឥណ្ឌាវិញ។ ជាក់ស្តែង ក្រុមហ៊ុនចិន Lens Technology គឺជាក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់សម្រាប់ Apple អស់រយៈពេល ១៩ ឆ្នាំមកហើយ។

រដ្ឋមន្ត្រីឧស្សាហកម្មចិន លោក Li Lecheng បានបង្ហាញពីក្ដីសង្ឃឹមថា Apple នឹងបន្តពង្រីកទីផ្សារនៅចិន និងធ្វើឱ្យរីកចម្រើនរួមគ្នា ហើយចិនក៏នៅបន្តជំរុញបរិយាកាសអាជីវកម្មដ៏ល្អសម្រាប់ក្រុមហ៊ុនបរទេសដូចគ្នា រួមទាំង Apple ផងដែរ។ ជាក់ស្ដែង នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ការផ្គត់ផ្គង់របស់ Apple នៅក្នុងប្រទេសចិនបានកើនឡើង ០,៦% ធៀបនឹងឆ្នាំមុន ឬ កើនឡើងដល់ ១០,៣ លានគ្រឿង ហើយក្នុងនោះ ក៏មានការជំរុញដោយស៊េរី iPhone 17 ដែលទើបតែចេញថ្មីផងដែរ៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content