ភ្នំពេញ ៖ ក្រោយពេលទេសចរចិនបានធ្លាក់ទៅចំណាត់ទី២ និងទី៣ នៃការចូលមកទស្សនានៅកម្ពុជាក្នុងរយៈពេលជាង៣ឆ្នាំកន្លងទៅនេះ បច្ចុប្បន្ន ទេសចរចិនបានត្រឡប់មកយកតំណែងកំពូលរបស់ខ្លួននៅកម្ពុជាវិញហើយជាមួយចំណាត់ថ្នាក់ទី១។
ចាប់តាំងពីមានវិបត្តិកូវីដ១៩ ទេសចរជនជាតិចិនដែលចូលមកកម្ពុជាបានថមថយបន្តិចធ្វើឱ្យចិនក្លាយជាប្រទេសដែលមានទេសចរចូលមកកម្ពុជាធ្លាក់ទៅចំណាត់ទី៣ បន្ទាប់ពីថៃ និងវៀតណាម ។ ប៉ុន្តែនៅខែកញ្ញា ឆ្នាំ២០២៥ ចិនដណ្ដើមបានលេខ១វិញ ជាប្រទេសដែលមានទេសចរចូលមកកម្ពុជាច្រើនជាងគេ ដូច្នេះ ទាំងទេសចរ និងប្រភពទុនវិនិយោគ ចិនបានឈរលំដាប់ថ្នាក់ទី១នៅកម្ពុជា ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល១០ខែដើមឆ្នាំ ២០២៥បានបង្ហាញឱ្យឃើញថា កម្ពុជាទទួលដើមទុនចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួន ៩,២ពាន់លានដុល្លារអាមេរិក ហើយក្នុងចំណោមដើមទុនចុះបញ្ជីទាំងនោះ ប្រភពទុនវិនិយោគមកពីប្រទេសចិនមានរហូតដល់ ៤,៨១ពាន់លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ ៥២,៣៨ភាគរយ ។

ការវិនិយោគរបស់វិនិយោគិនចិនក្នុងប្រទេសកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំមកនេះ ភាគច្រើនផ្ដោតលើឧស្សាហកម្ម អចលនទ្រព្យ ហើយតាមរយៈការវិនិយោគទាំងនេះដែរ បានផ្ដល់ឱកាសការងារ ប្រាក់ចំណូល និងជំនាញដល់ពលរដ្ឋកម្ពុជាជាច្រើនផងដែរ ។ ដោយឡែក បើក្រលេកទៅមើលវិស័យទេសចរអន្តរជាតិវិញ ក្នុងរយៈពេល៩ខែ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៤,៣៧លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួន ៨៨ម៉ឺន ៩ពាន់នាក់ និងស្ថិតនៅលំដាប់ទី៣ ជាប្រទេសដែលមានទេសចរចូលមកកម្ពុជាច្រើនជាងគេ ប៉ុន្តែបើមើលទៅលើតួលេខក្នុងខែកញ្ញា ឆ្នាំ២០២៥នេះវិញឃើញថា ទេសចរជនជាតិចិនមកដល់កម្ពុជាច្រើនជាងគេ ដែលមានចំនួន ១០ម៉ឺន ៤ពាន់នាក់ ឬប្រមាណ ៣១,៨ភាគរយនៃទេសចរបរទេសរុប ដោយបានកើនឡើងរហូតដល់ ៥១,៥ភាគរយធៀបនឹងខែកញ្ញាឆ្នាំមុន ។
គួររំលឹកដែរថា នៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាលចិននាពេលកន្លងមកនេះ បានបង្ហាញពីការប្តេជ្ញាក្នុងការផ្សព្វផ្សាយ និងជំរុញនឹងជំរុញឱ្យបណ្តាអ្នកវិនិយោគ ក៏ដូចជាទេសចរជនជាតិចិនចាប់អាម្មណ៍ចូលមកកាន់កម្ពុជាកាន់តែច្រើន ជាពិសេស ការបណ្តាក់ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ខណៈដែលកម្ពុជា គឺជាប្រទេសដែលមានប្រជាជនស្មោះត្រង់ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាក៏មានភាពសម្របសម្រួលដល់បណ្តាវិនិយោគិន៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content