បរទេស៖ តម្លៃប្រេងបានឡើងថ្លៃជាង ២% បន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបំផ្លាញឃ្លាំងប្រេងនៅក្នុងកំពង់ផែសមុទ្រខ្មៅរបស់រុស្ស៊ី នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។
នៅពាក់កណ្តាលសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ២,១៣% ឬ ៦៤,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៣៩% ឬ ៦០ ដុល្លារក្នុងមួយបារ៉ែល។ កាលពិថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ ទីស្នាក់ការកណ្តាលនៃតំបន់ Krasnodar បានសរសេរនៅលើ Telegram ថា បំណែកយន្តហោះគ្មានមនុស្សបើកបានបំផ្លាញផ្ទះល្វែងចំនួន ៣ និងឃ្លាំងប្រេង ក៏ដូចជារចនាសម្ព័ន្ធនៅតាមឆ្នេរសមុទ្រខ្មៅផងដែរ។
លើសពីនេះ សហរដ្ឋអាម៉េរិកនឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៊ី Lukoil និង Rosneft ដើម្បីអាចធ្វើឱ្យថយកំដៅនៃភ្លើងសង្គ្រាមនៅអ៊ុយក្រែន និងឈានទៅរកសន្តិភាព។ ការដាក់ទណ្ឌកម្មហាមឃាត់ធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនរុស្ស៊ីទាំងពីរនេះនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខនេះ។
គួរកត់សម្គាល់ដែរថា រុស្ស៊ី បាននាំចេញប្រេងប្រហែល ១,៤ លានបារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែការដឹកជញ្ជូនប្រេងតាមកប៉ាល់កំពុងមានភាពយឺតយ៉ាវ ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងក្រុមហ៊ុនប្រេងរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីការហាមឃាត់នឹងត្រូវបានអនុវត្តនៅថ្ងៃទី ២១ ខែវិច្ឆិកា អតិថិជននឹងកាន់តែពិបាកខ្លាំងក្នុងការទិញប្រេងពីក្រុមហ៊ុនជាប់ទណ្ឌកម្ម ខណៈដែលការដឹកប្រេងនឹងជួបញ្ហាប្រឈមកាន់តែខ្លាំង៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content