ភ្នំពេញ ៖ គិតត្រឹមចុងឆ្នាំ២០២៥នេះ កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ បានផ្ដល់អត្ថប្រយោជន៍ដ៏ធំធេង និងបានទាក់ទាញគម្រោងវិនិយោគថ្មីៗ ជាពិសេសបានជំរុញឱ្យគម្រោងដែលជាប់គាំងមានដំណើរការឡើងវិញជាច្រើនគម្រោង ដូច្នេះហើយ រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុនេះក្នុងរយៈពេល២ឆ្នាំទៀត ពោលគឺរហូតដល់ដាច់ឆ្នាំ២០២៧ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ រយៈពេល២ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២៧ ដោយរក្សាវិធានការដដែល និងបន្ថែមទៀតវិធានការចំនួន៤ទៀត ១) រួមមានការសម្របសម្រួល និងជំរុញការវិនិយោគក្នុងស្រុក ២) ការសម្របសម្រួលបណ្ដុះបណ្ដាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និងកម្មករ ៣) ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការផ្ទេរជំនាញ និងបច្ចេកវិទ្យា និង៤) ជំរុញការប្រើប្រាស់ធាតុផ្សំ និងទំនិញដែលផលិតក្នុងស្រុកនៅតាមសហគ្រាស និងរោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួងស្ថាប័ន មានសមត្ថកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ ។

ក្នុងគោលបំណងលើកទឹកចិត្ត និងដើម្បីឱ្យប្រាកដប្រជាថា ក្រុមហ៊ុនដែលវិនិយោគនៅក្នុងខេត្តព្រះសីហនុមានដំណើរការទៅដោយរលូន និងមិនមានបញ្ហាអ្វីនោះ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តមហ៊ាន សាហ៊ីប ទីប្រឹក្សាសម្ដេចធិបតីហ៊ុន ម៉ាណែត នាយរកដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យគម្រោងវិនិយោគចំនួន៥ នៅក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ ១៣៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានជាង ១០០០កន្លែង ។
ឯកឧត្តមបានមានប្រសាសន៍ថា ការចុះពិនិត្យនេះ មានគោលបំណងតាមដាន និងជំរុញការអនុវត្តគម្រោង និងស្ដាប់ពីវឌ្ឍនភាពនៃការអនុវត្តគម្រោង សំណូមពរ និងបញ្ហាប្រឈមនានាពីវិនិយោគិនដោយផ្ទាល់ ព្រមទាំងពិនិត្យលទ្ធភាពដោះស្រាយ ឬជួយសម្របសម្រួលតាមភាពជាក់ស្ដែង ។ ការចុះពិនិត្យនេះដែរ ក៏ធ្វើឡើងក្នុងគោលបំណងពិនិត្យ និងជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានច្រើន ការផ្ទេរជំនាញ និងបច្ចេកវិទ្យាឱ្យបានទូលំទូលាយ និងការប្រើប្រាស់ធាតុផ្សំ ក៏ដូចជាទំនិញដែលផលិតក្នុងស្រុកនៅតាមសហគ្រាស និងរោងចក្រក្នុងខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ មានគម្រោងវិនិយោគចំនួន ៤១២គម្រោង ត្រូវបានទទួលការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល ជាមួយទុនវិនិយោគសរុបប្រមាណ ៧,៩៧ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥២ពាន់កន្លែង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content