ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេលពេញ ១ឆ្នាំ២០២៥ កន្លងទៅនេះ ប្រមូលចំណូលបានប្រមាណជាង ៧៣ពាន់លានរៀល ឬស្មើនឹងប្រមាណជាង ១៨លានដុល្លារអាម៉េរិក កើនឡើង ៣០.៨ភាគរយ ធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២៥។ នេះជាការថ្លែងរបស់ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យថា ៖ នៅក្នុងឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានចំណាយថវិកាជាង ១០៤ពាន់លានរៀល ឬប្រមាណ ២៦លានដុល្លារ ស្មើនឹង ៩៥% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២៥ ខណៈដែលចំណូលសរុបជាង១៨លានដុល្លារអាម៉េរិក បានពីកម្រៃសេវាសាធារណៈ ការផាកពិន័យ និងកម្រៃពីការជួលអចលនទ្រព្យរបស់ក្រសួងពាណិជ្ជកម្ម។
ជាសមិទ្ធផលសំខាន់ៗដែលសម្រេចបាននៅក្នុងឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចសម្របសម្រួលពាណិជ្ជកម្ម ដោយបន្តធ្វើឌីជីថលូបនីយកម្ម សេវាពាណិជ្ជកម្ម និងផ្តល់សេវាសាធារណៈតាមរយៈការបង្កើនល្បឿន និងគុណភាពសេវាតាមប្រព័ន្ធអនឡាញ បន្តធ្វើសាមញ្ញកម្ម និងបន្ថយនីតិវិធីឯកសារតម្រូវ កាត់បន្ថយពេលវេលា និងការចំណាយមិនចាំបាច់នានា។ តាមរយៈការទាំងអស់នេះ ក្នុងឆ្នាំ២០២៥ ក្រសួងសម្រេចបានការផ្តល់សេវាសាធារណៈសំខាន់ៗជាច្រើនដែលក្នុងនោះរួមមាន ៖ សេវាចុះបញ្ជីពាណិជ្ជកម្មបាន ១១ ៧២០ក្រុមហ៊ុន/សហគ្រាស កើនឡើង ១៤,០៤% បើធៀបនឹងឆ្នាំ២០២៤ ជាពិសេស សេវាកម្មផ្នែកសិទ្ធិបញ្ញា និងការសម្របសម្រួលទៅលើនីតិវិធីនៃការនាំចេញ-នាំចូល ជាដើម។

សូមជម្រាបផងដែរថា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងរបៀបវារៈទី២ ក្នុងព្រឹកថ្ងៃទី១ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម គឺជាវេទិកាពិភាក្សាលើប្រធានបទ៖ យុទ្ធសាស្ត្រពង្រឹង និងពង្រីកពាណិជ្ជកម្មក្នុងប្រទេស ដែលសម្របសម្រួលដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងចូលរួមធ្វើបទបង្ហាញបកស្រាយ ព្រមទាំងចែករំលែកពីបទពិសោធន៍ដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលមានបទពិសោធន៍អនុវត្តការងារជាក់ស្ដែងទៅលើប្រធានបទសំខាន់ៗ រួមមាន៖
១. ការធ្វើពិពិធកម្មទីផ្សារនិងផលិតផលសម្រាប់បំពេញតម្រូវការ និងយន្តការតភ្ជាប់ទីផ្សារទៅនឹងផលិតកម្ម បកស្រាយដោយ ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស
២. ការធានាស្ថិរភាពថ្លៃទំនិញ និងការធ្វើអន្តរាគមន៍ទីផ្សារ បងស្រាយដោយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ
៣. ការសម្របសម្រួលបង្កើតទីផ្សារលក់ដុំ ដើម្បីធានាការចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ទីផ្សារក្នុងប្រទេស បកស្រាយដោយ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
៤. ការជំរុញបង្កើតម៉ាកសញ្ញាផលិតផលខ្មែរ និងម៉ាកវិញ្ញត្តកម្ម បកស្រាយដោយ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
៥. ការឃ្លាំពិនិត្យទីផ្សារដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពអ្នកប្រើប្រាស់ បកស្រាយដោយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក ក.ប.ប.៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content