បរទេស៖ គុយបា ជាប្រទេសដឹកោះដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ជាប្រភពចំណូលចម្បងនោះ កំពុងជួបវិបត្តិធ្ងន់ធ្ងរដោយសារខ្វះខាតប្រេងឥន្ធនៈ រហូតបានបញ្ឈប់សកម្មភាពប្រចាំថ្ងៃទាំងអាជីវកម្មផ្នែកបដិសណ្ឋារកិច្ច ទាំងសកម្មភាពរបស់ប្រជាជន។ បញ្ហាកង្វះខាតប្រេងបាននាំឱ្យវិស័យទេសចរណ៍ដែលធ្លាប់តែមមាញឹកត្រូវប្រែទៅជាជាប់គាំង ហើយភ្ញៀវទេសចរដែលរំពឹងថានឹងទទួលបានកំណើនខ្ពស់ ជាពិសេសនៅតាមតំបន់ឆ្នេរ ក៏ដូចជាទីតាំងប្រវត្តិសាស្ត្រត្រូវបរាជ័យស្ទើរទាំងស្រុង ខណៈដែលជីវិតប្រចាំថ្ងៃរបស់ប្រជាជនកំពុងជួបផលលំបាកដែលបណ្តាលមកពីកង្វះប្រេង។ លើសពីនេះ ក្រុមហ៊ុនផ្គត់ផ្គង់ឥន្ធនៈសំខាន់ៗរបស់គុយបាបានផ្អាកប្រតិបត្តិការដោយសារសម្ពាធនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ ដែលធ្វើឲ្យមានការបែកបាក់នៃបណ្តាញផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ទីក្រុង Havana ធ្លាប់តែទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំ ឥឡូវនេះប្រែជាស្ងប់ស្ងាត់។ ដោយឡែក ការទទួលភ្ញៀវនៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន និងបារ នៅក្នុងទីក្រុងក៏កំពុងធ្លាក់ចុះ ដែលប៉ះពាល់ដល់ចំណូលប្រជាជនរាប់សែននាក់ ជាពិសេសអ្នកពាក់ព័ន្ធនឹងវិស័យដោយផ្ទាល់ ខណៈដែលអាជីវកម្មមួយចំនួនត្រូវបានបង្ខំបិទជាបណ្ដោះអាសន្ន។
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា វិបត្តិប្រេងឥន្ធនៈនេះ មិនត្រឹមតែបំផ្លាញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងរារាំងកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេសផងដែរ។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សេដ្ឋកិច្ចគុយបាប្រឈមមុខនឹងបញ្ហាកាន់តែច្រើនឡើង ដែលធ្វើឲ្យវិស័យហិរញ្ញវត្ថុកាន់តែអស្ថិរភាព។ ជាការឆ្លើយតបទៅនឹងវិបត្តិដែលកំពុងកើតមាននេះ រដ្ឋាភិបាលគុយបា បានចាត់វិធានការជាច្រើន ដើម្បីគ្រប់គ្រងការខ្វះខាតប្រេងឥន្ធនៈ។
ឧបនាយករដ្ឋមន្ត្រី Óscar Pérez‑Oliva Fraga បានលើកឡើងថា រដ្ឋាភិបាកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មប្រភពប្រេង និងកាត់បន្ថយផលប៉ះពាល់លើវិស័យទេសចរណ៍។ ជាមួយគ្នានេះ រដ្ឋាភិបាលបានផ្តោតទៅលើការកាត់បន្ថយតម្រូវការថាមពល ដើម្បីផ្តល់អាទិភាពដល់វិស័យសំខាន់ៗ។ យ៉ាងណាក៏ដោយ បើទោះបីជារដ្ឋាភិបាលកំពុងផ្តោតលើការធានាប្រភពឥន្ធនៈថ្មី និងស្ថិរភាពសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែភាពតានតឹងផ្នែកនយោបាយនៅតែបន្តប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកផ្គត់ផ្គង់ប្រេងជាប់លាប់របស់ខ្លួន។ លើសពីនេះ វាក៏នៅតែមានចម្ងល់ថា តើវិស័យទេសចរណ៍របស់ប្រទេសគុយបាអាចរួចផុតពីវិបត្តិដែលមិនធ្លាប់មានពីមុនមកនេះទេ? ការដួលរលំនៃវិស័យទេសចរណ៍បានគំរាមកំហែងដល់សេដ្ឋកិច្ចក្នុងរយៈពេលយូរ ដោយសារភ្ញៀវទេសចរអន្តរជាតិបានបង្វែរគោលដៅទៅប្រទេសផ្សេងវិញ។ ផលវិបាកសេដ្ឋកិច្ចរយៈពេលវែងអាចបំផ្លិចបំផ្លាញទាំងរដ្ឋាភិបាលគុយបា និងប្រជាជនគុយបារាប់លាននាក់ ដែលខណៈដែលភាគច្រើននៃជីវភាពរស់នៅរបស់ប្រជាជនពឹងផ្អែកលើវិស័យទេសចរណ៍។

គួរឲ្យបញ្ជាក់ដែរថា កាលពីខែមករា កន្លងទៅនេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមួយដោយគំរាមដំឡើងពន្ធលើប្រទេសទាំងឡាយណាដែលផ្តល់ប្រេងដល់ប្រទេសគុយបា ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលកុម្មុយនិស្ត និងការមានទំនាក់ទំនងជាមួយរុស្ស៊ី ក្រុមហាម៉ាស់ និង ក្រុមហេសបូឡា ដែលគំរាមកំហែងចំពោះសន្តិសុខជាតិ។ ប្រទេសវ៉េណេស៊ុយអេឡា គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយរបស់គុយបា ដោយផ្តល់ ៧ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលម៉ិចស៊ិកផ្គត់ផ្គង់ ២ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ បន្ទាប់ពីកងកម្លាំងអាម៉េរិកចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក Nicolás Maduro គុយបា បានប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចដ៏ធំ ដោយសារបាត់បង់សិទ្ធិទទួលបានប្រេងពីវេណេស៊ុយអេឡា ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ខ្លួន៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content