រតនគិរី៖ ដីកសិកម្មរបស់ជនជាតិដើមភាគតិចព្រៅ ស្ថិតនៅក្នុងភូមិទំពួនរឺងធំ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាព ហើយផ្ដល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពទៅប្រធានសហគមន៍ជនជាតិដើមភាគតិចព្រៅជាអ្នកកាន់កាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញផ្សាយនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦ បញ្ជាក់ថា រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ព្រៅ ក្បាលដីលេខ ១០៩ មានទំហំ ៣៤.៤៧២៨ ហិកតា ស្ថិតនៅភូមិទំពួនរឺងធំ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
យោងតាមសេចក្ដីប្រកាសព័ត៌មាននេះឱ្យដឹងថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចព្រៅ នៅក្នុងខេត្តរតនគិរីនេះ ត្រូវបានធ្វើឡើងស្របតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល របស់ក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់។
គួររម្លឹកថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តាមរយៈមន្ទីររាជធានី-ខេត្ត បាននិងកំពុងចុះបញ្ជីលើដីធ្លីដើម្បីឱ្យបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងនោះដែរ សម្រាប់បងប្អូនជនជាតិដើមភាគតិច ក្រសួងក៏បានសម្រេចឱ្យចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព ហើយក៏បានប្រគល់បណ្ណកម្មសិទ្ធិជូនបងប្អូនជនជាតិដើមភាគតិជាបន្តបន្ទាប់ផងដែរ។
បណ្ណកម្មសិទ្ធិសមូហភាពនេះ មានលក្ខណៈប្លែកពីបណ្ណកម្មសិទ្ធិឯកជន ដោយម្ចាស់កម្មសិទ្ធិដីធ្លី ដែលមានបណ្ណនេះមិនអាចលក់ដូរ ឬយកធ្វើជាទ្រព្យធានាសម្រាប់ដាក់ស្នើសុំឥណទានពីមីក្រូហិរញ្ញវត្ថុ ឬធនាគារបានឡើយ។ បណ្ណនេះ ត្រូវបានចេញសម្រាប់សម្គាល់លើម្ចាស់កម្មសិទ្ធិ ទុកប្រើប្រាស់ជាប្រយោជន៍ និងចែកជូនកូនចៅតជំនាន់។ ប៉ុន្តែ សម្រាប់បងប្អូនជនជាតិដើមភាគតិចដែលរស់នៅក្នុងសហគមន៍តែមួយ អាចដោះដូរដីនៅក្នុងសហគមន៍នោះបាន ដើម្បីប្រើប្រាស់ជាប្រយោជន៍ណាមួយក្នុងសហគមន៍។
បើតាមបញ្ជាក់ពីបងប្អូនជនជាតិដើមភាគតិចដែលទទួលបានបណ្ណនេះ ពួកគាត់មានការពេញចិត្តនិងរីករាយជាខ្លាំងនៅពេលទទួលបានបណ្ណកម្មសិទ្ធិសមូហភាព បើទោះបីជាដឹងថា ដីធ្លីដែលមានបណ្ណកម្មសិទ្ធិនេះ មិនអាចលក់ដូរក៏ដោយ។
លោក មួង វេត ជនជាតិដើមភាគតិចក្រឹង នៅខេត្តរតនគិរី ដែលទើបទទួលបានបណ្ណកម្មសិទ្ធិសមូហភាព ពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ជនជាតិដើមភាគតិច មានវប្បធម៌មួយដែលប្រកាន់ខ្ជាប់ ដោយពួកគេមិនផ្ដល់តម្លៃលើលុយដែលបានពីការលក់ទ្រព្យជាកេរដំណែលដូនតាទេ។ ដីធ្លីរបស់ពួកគាត់ដែលមានគឺមិនទុកសម្រាប់លក់ដូរទេ តែទុកសម្រាប់ចែកកូនចៅជំនាន់ក្រោយ ដូច្នេះការធ្វើប្លង់កម្មសិទ្ធិសមូហភាព ដែលមិនអាចលក់ដូរតៗគ្នា គឺជារឿងអ្នកដែលជនជាតិដើមភាគតិចចង់បាន។
បើតាមប្រសាសន៍របស់ ឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្មនិងសំណង់ បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរបងប្អូនជនជាតិដើមភាគតិច តាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតមកដល់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ដោយរាជរដ្ឋាភិបាលបានសាងសងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងខេត្តក្នុងតំបន់ភូមិភាគឦសាន ដើម្បីសម្រួលដល់ការធ្វើដំណើរបស់បងប្អូន។
បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើបងប្អូនជាតិដើមភាគតិច ដោយបានបង្កើតកម្មវិធីជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅតំបន់ភូមិភាគឦសាន ដើម្បីទាក់ទាញវិនិយោគិនចូលមកបណ្ដាក់ទុនវិនិយោគក្នុងខេត្តក្នុងភូមិភាគឦសាន បង្កើតការងារជូនបងប្អូនជនជាតិដើមភាគតិចឱ្យទទួលបានប្រាក់ចំណូលបន្ថែម៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content