ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស។
ជាក់ស្ដែង ស្ទើរតែគ្រប់ទិសនៃរាជធានីភ្នំពេញ ឃើញវត្តមានផ្សារទំនើបខ្នាតតូចជាច្រើន កំពុងរីកដុះដាល ស្របពេលដែលចំនួនប្រជាជននៅភ្នំពេញ កើនឡើងជាបន្តបន្ទាប់។
អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ឱ្យដឹងថា ការកើនឡើងនៃផ្សារទំនើប (Supermarket) ផ្សារទំនើបខ្នាតតូច (Express Supermarket) និងហាងលក់ទំនិញងាយស្រួល (Convenience Store) មិនត្រឹមតែនៅកណ្ដាលក្រុងប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងពង្រីកទៅកាន់តំបន់ជាយក្រុងផងដែរ។
អ្នកស្រីបន្តថា ការណ៍នេះឆ្លុះបញ្ចាំងពីការរីកចម្រើននៃទីក្រុង ការពង្រីកតំបន់លំនៅឋាន និងការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្តោតលើភាពងាយស្រួល និងការសន្សំពេលវេលា។
អ្នកស្រី បានឱ្យដឹងថា បច្ចុប្បន្ន ប្រជាជនមាននិន្នាការងាកមកប្រើប្រាស់ផ្សារទំនើបកាន់តែច្រើន ដោយសារទំនិញមានគុណភាពល្អ ស្តង់ដារច្បាស់លាស់ បរិយាកាសស្អាត និងតម្លៃក៏មិនខុសគ្នាច្រើនពីផ្សារប្រពៃណី។ លើសពីនេះ អតិថិជនក៏អាចបញ្ជាទិញតាមអនឡាញ និងទទួលសេវាដឹកជញ្ជូនដល់ផ្ទះ ដែលធ្វើឱ្យជីវភាពរស់នៅកាន់តែងាយស្រួល និងសមស្របនឹងរបៀបរស់នៅសម័យថ្មី។
អ្នកស្រីបន្ថែមថា យ៉ាងណាក៏ដោយ ផ្សារប្រពៃណី (Wet Market) នៅតែមានតួនាទីសំខាន់ ជាពិសេសសម្រាប់គ្រួសារដែលទិញម្ហូបអាហារច្រើននៅចុងសប្តាហ៍ ឬស្វែងរកផលិតផលស្រស់ និងមុខទំនិញមួយចំនួនដែលនៅមិនទាន់មានគ្រប់គ្រាន់នៅក្នុងផ្សារទំនើប។
ទោះជាយ៉ាងនេះក្តី ប្រសិនបើផ្សារប្រពៃណីអាចបន្តលើកកម្ពស់អនាម័យ គុណភាពផលិតផល និងការរៀបចំបរិយាកាសលក់ឱ្យកាន់តែប្រសើរ នោះវានឹងនៅតែអាចប្រកួតប្រជែង និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានល្អដដែល។ នេះបើយោងតាមការលើកឡើងរបស់អ្នក អាន សុធីតា។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ពលរដ្ឋដែលធ្លាប់រស់នៅកណ្ដាលក្រុង និងពលរដ្ឋដែលមកពីបណ្ដាខេត្ត បានទិញផ្ទះក្នុងបុរីដែលសង់នៅជាយក្រុង ហើយនិន្នាការនេះ មានកំណើនកាន់តែច្រើន ដែលធ្វើឱ្យអាជីវកម្ម សម្រាប់គាំទ្រការរស់នៅរបស់ពលរដ្ឋក៏បានផ្លាស់ប្តូរទីតាំង ឬបន្ថែមទីតាំងទៅកាន់តំបន់ដែលកំពុងតែរីកចម្រើននោះដែរ។
លោកបានបន្តថា ផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញនានា គឺជាផ្នែកមួយនៃអាជីវកម្មដែលគាំទ្រដល់តម្រូវការប្រើប្រាស់ចាំបាច់របស់ពលរដ្ឋ។ នៅតំបន់ណាដែលមានពលរដ្ឋរស់នៅច្រើន តំបន់នោះក៏មានផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញ ច្រើនដើម្បីបំពេញតម្រូវការ។
លោក ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ INVA Real Estate ក៏បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ ពលរដ្ឋដែលមាននិន្នាការរស់នៅក្នុងផ្ទះជាបុរីមានកំណើនកាន់តែច្រើន ហើយបុរីភាគច្រើនក៏បានជ្រើសរើសយកទីតាំងនៅតំបន់ជាយក្រុងដែរ ពីព្រោះនៅតំបន់ជាយក្រុងមានដីទំនេរធំៗ ដែលអាចឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានសាងសង់ជាបុរីបាន ជាពិសេសតម្លៃដីនៅជាយក្រុងក៏នៅទាបជាងនៅកណ្ដាលក្រុងច្រើនទៀតផង។
លោកបានបន្តថា នៅពេលដែលបុរីរីកដុះដាលកាន់តែខ្លាំង និងមានពលរដ្ឋរស់នៅកាន់តែច្រើន ចង់មិនចង់ អាជីវកម្ម សេវាកម្មដែលគាំទ្រដល់ការរស់នៅរបស់ពលរដ្ឋក៏នឹងទៅតាមដូចគ្នា ដូច្នេះហើយទើបឃើញថា តំបន់ជាយក្រុងបច្ចុប្បន្ននេះ ក៏មានសភាពអ៊ូរអរដូចតំបន់ក្នុងក្រុងដែរ ហើយការរស់នៅក៏ស៊ីវិល័យដូចនៅកណ្ដាលក្រុង។
យោងតាមលទ្ធផលនៃជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ ២០២៤ រាជធានីភ្នំពេញ នៅតែជាទីតាំងប្រកបដោយសក្តានុពល ក្នុងចំណោម ២៥ រាជធានី ខេត្ត មានប្រជាជនច្រើនរស់នៅប្រមាណ ២ ៣៥២ ៨៥១ នាក់ ស្មើ ១៣.៦ ភាគរយ។ ទន្ទឹមនេះ ចំនួនប្រជាជននៅភ្នំពេញរំពឹងថានឹងបន្តកើនឡើងជាបន្តបន្ទាប់នៅពេលអនាគត ពិសេសចំនួនប្រជាជនរីកសាយភាយទៅជាយក្រុង។
ទោះបីយ៉ាងណាក្តី គេមិនដឹងថា តើផ្សារទំនើបខ្នាតតូចមានចំនួនប៉ុន្មាននៅឡើយទេនាពេលបច្ចុប្បន្ន។ ប៉ុន្តែ តាមការសង្កេតជាក់ស្តែង គេឃើញមានការពង្រីកផ្សារប្រភេទនេះជាច្រើននៅភ្នំពេញ ពិសេសគឺនៅតាមជាយក្រុង៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content